ខេត្តកំពង់ចាម ៖ «ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៣៦.៦១៣គ្រាប់ និងកម្ទេចថ្នាំ១កញ្ចប់ទម្ងន់២២៩,៧ក្រាម ថ្នាំញៀនមេតំហ្វេតាមីនម្សៅពណ៌សចំនួន១៣៨កញ្ចប់ និង១កញ្ចប់ទៀតទម្ងន់២១,៣ក្រាម កញ្ឆាក្រៀមចំនួន៣កេស ទម្ងន់១៤,៥គីឡូក្រាម និងឧបករណ៍វេចខ្ចប់ជក់មួយចំនួន ត្រូវបានដុតបំផ្លាញចោលនាពេលកន្លងមក»។ នេះជាប្រសាសន៍របស់លោកវរសេនីយ៍ឯកជឹម សេងហុង ស្នងការរងនគរបាលខេត្តទទួលផែនកណ្តាលយុត្តិធម៌ ថ្លែងនៅក្នុងសាលប្រជុំសាលាខេត្ត កាលព្រឹកថ្ងៃទី៣ មីនា ២០១១ ក្នុងឱកាសប្រជុំត្រួតពិនិត្យលទ្ធផលបង្ក្រាបគ្រឿងញៀនឆ្នាំ២០១០ និងទិសដៅអនុវត្តឆ្នាំ២០១១ ។
លោកវរសេនីយ៍ឯកជឹម សេងហុង បានថ្លែងថា ក្នុងឆ្នាំ២០១០កន្លងទៅ សកម្មភាពប្រើប្រាស់បំពានគ្រឿងញៀនប្រភេទថ្នាំទឹកកកម្សៅក្រាមពណ៌ស តាមការសង្កេតឃើញអ្នកប្រើប្រាស់មានការប្រែប្រួល(ខែខ្លះថយចុះខែខ្លះកើនឡើង) ប្រៀបធៀបទៅនឹងឆ្នាំ២០០៩ មានអ្នកប្រើប្រាស់សរុបចំនួន៤៨១លើ៣០១នាក់ (ស្រីចំនួន២នាក់) ។ ដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ បានយកចិត្តទុកដាក់សហការគ្នាបណ្តុះបណ្តាលលើកកំពស់ដល់មន្ត្រីអនុវត្តច្បាប់ និងពង្រីកប្រព័ន្ធការងារផ្សព្វផ្សាយបានទូលាយដល់សហគមន៍ មិនតែប៉ុណ្ណោះបានផ្តល់ឯកសារគោលជាច្រើនសំរាប់ថ្នាក់មូលដ្ឋានពិចារណាស្វែងយល់បន្ថែម។
ក្នុងឆ្នាំ២០១០ មន្ត្រីអនុវត្តច្បាប់បានបង្រ្កាបចំនួន៦០ករណីលើ១៦៩នាក់ (ស្រី១៤នាក់)រឹបអូសវត្ថុតាងរួមមានថ្នាំញៀនគ្រាប់ចំនួន២.៦៧២គ្រាប់ ថ្នាំញៀនម្សៅក្រាមចំនួន២២៣កញ្ចប់(កញ្ចប់ធំ១២កញ្ចប់) និង១កញ្ចប់ទៀតទម្ងន់៨៧ក្រាម ។ កញ្ឆាស្រស់ចំនួន៧៣៩ដើម កញ្ឆាក្រៀមចំនួន១៤៨គីឡូក្រាម ជញ្ជីងអេឡិចត្រូនិក៣គ្រឿង អាវុធកា៥៤មួយដើម គ្រាប់ចំនួន៩គ្រាប់ រថយន្ត២គ្រឿង(រថយន្តធុនតូច) ម៉ូតូចំនួន២គ្រឿង សំណាកថ្នាំ២កញ្ចប់ ព្រមទាំងឧបករណ៍សេពគ្រឿងញៀនមួយចំនួនទៀត។ ក្នុងនោះដែរបានបញ្ជូនទៅកាន់សាលាដំបូងខេត្តចំនួន២០ករណី សើ្មនឹងមុខសញ្ញា២៩នាក់ (ស្រី៥នាក់) អនុវត្តដីការបស់សាលាដំបូងខេត្តចំនួន៥ដីកា ស្មើ៥មុខសញ្ញា បង្រ្កាបធ្វើកិច្ចសន្យាអប់រំចំនួន៤០ករណីសើ្ម១២៣នាក់ (ស្រី៩នាក់) បញ្ជូនទៅព្យាបាលចំនួន១២នាក់ ។
លោកលន់ លឹមថៃ អភិបាលរងខេត្តបានថ្លែងថា ក្នុងនាមតំណាងឱ្យលោក ហ៊ុន ណេង អភិបាលខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តនិងក្នុងនាមរូបលោកផ្ទាល់ សូមវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបាន និងសូមកោតសរសើរដោយស្មោះចំពោះលេខាធិការដ្ឋានគ្រឿងញៀនខេត្ត ដែលជាសេនាធិការឱ្យខេត្តក៏ដូចជាសមាជិក-សមាជិការនៃគណៈកម្មាធិការខេត្តទាំងអស់ ដែលមានមនសិការទទូលខុសត្រូវនិងសហការអនុវត្តបានល្អទាំងលើការផ្សពផ្សាយ ការផ្តល់ព័ត៌មាន ការបណ្តុះបណ្តាលនិងលើកិច្ចប្រតិបត្តិការបង្ការទប់ស្កាត់បង្រ្កាបបទល្មើសគ្រឿងញៀន។ សកម្មភាពទាំងនោះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់អំពីការខិតខំប្រឹងប្រែងចាត់ចាំងអនុវត្តផែនការប្រៀបសមរភូមិប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា ឆ្នាំ២០០៨ដល់ឆ្នាំ២០១៥ គឺកម្ពុជាគ្មានគ្រឿងញៀន៕
ចែករំលែកព័តមាននេះ