ខេត្តព្រះវិហារ ៖ ស្ត្រីជាម្តាយចុងកំណាចម្នាក់ឈ្មោះយឿម ផល្លា អាយុ២១ឆ្នាំ រស់នៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួន ខណៈស្ត្រីរូបនេះ ប្រើអំពើហិង្សាវាយដំច្រំធាក់ទៅលើកុមារីម្នាក់ជាកូនចុងឈ្មោះដន សុគន្ធា អាយុ៧ឆ្នាំ ជារៀងរាល់ថ្ងៃដែលធ្វើឱ្យអ្នកជិតខាងមិនអាចទ្រាំបិទភ្នែកឃើញសភាពបែបនេះបានឡើយ ក៏ប្តឹងសមត្ថកិច្ចឱ្យចាត់ការតាមច្បាប់ ។
ម្តាយចុងចិត្តជាតិរច្ឆានរូបនេះ បានវាយដំធ្វើបាបកូនចុង ខណៈឪពុកមិននៅផ្ទះ រហូតដល់កុមារីបាក់កម្លាំងស្លេកស្លាំង និងមើលទៅលើដងខ្លួនឃើញតែស្នាមជាំសុសសាច់ ហើយអ្នកជិតខាងក៏បានរាយការណ៍ដល់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត និងមន្ទីរកិច្ចការនារីខេត្ត ដើម្បីមានវិធានការ ។ ក្រោយពីបានទទួលពាក្យបណ្តឹង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានធ្វើការឃាត់ខ្លួនស្ត្រីជាម្តាយចុងឈ្មោះយឿម ផល្លា កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៩ សីហា ២០១២ បន្ទាប់ពីទទួលបានដីកានាំខ្លួនពីសាលាដំបូងខេត្ត ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕





ចែករំលែកព័តមាននេះ