ខេត្តកំពង់ចាម ៖ យោងតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្តបានចាត់ឱ្យមន្ត្រីជំនាញក្រោមឱវាទតាមប្រមាញ់រថយន្តម៉ាកសាំងយ៉ុង ពណ៌ស មួយគ្រឿងដឹកពលករចំនួន១១នាក់ ព្រមទាំងមេខ្យល់ម្នាក់ បម្រុងចេញទៅក្រៅប្រទេស ដោយខុសច្បាប់ ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោងជិត១០យប់ថ្ងៃទី២១ សីហា ២០១២ នៅក្បែរចំណុចអធិការដ្ឋាននគរបាលស្រុកចំការលើ ទើបចាប់បានដោយមិនមាននរណាម្នាក់រត់រួចនោះឡើយ ។
លោកវរសេនីយ៍ទោ ទុំ ចាន់ណា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តប្រាប់ឱ្យដឹងថា លោកអធិការនគរបាលស្រុកតំបែរ បានរាយការណ៍មកលោកស្នងការនគរបាលខេត្តថា មានរថយន្តសាំងយ៉ុង១គ្រឿង ពណ៌ស បើកចេញមកពីខាងស្រុកតំបែរ ដឹកពលករមិនស្របច្បាប់ ដើម្បីទៅធ្វើការនៅបរទេសដោយឆ្លងកាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកនាយការិយាល័យប្រឆាំងការជួញដូរមនុស្សប្រាប់បន្តថា ក្រោយពីទទួលបាននូវព័ត៌មាននេះលោកស្នងការនគរបាលខេត្តបានចាត់ឱ្យកម្លាំងនគរបាលស្រុកពញាក្រែក នគរបាលស្រុកត្បូងឃ្មុំ នគរបាលក្រុងសួង ចាំជួយអន្តរាគមន៍ស្ទាក់ឃាត់រថយន្តដែលមានភិនភាគដូចខាងលើ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ