វិបត្តិនៅស៊ីរីបានឆ្លងរាលដាលដល់ប្រទេសលីបង់ដោយនៅទីនោះមនុស្ស៥នាក់បានត្រូវស្លាប់ ហើយ៤៣នាក់ទៀតត្រូវរបួសនៅភាគខាងជើងប្រទេសក្នុងការប៉ះទង្គិចគ្នានានារវាងពួកស៊ុននីត និងពួកអាឡាហ្វីត ។ ការប៉ះទង្គិចគ្នាទាំងនេះទាក់ទិនដល់ជម្លោះនៅស៊ីរីជិតខាង ។
យោងតាមភ្នាក់ងារសន្តិសុខ និងកងទ័ពថា ការប៉ះទង្គិចគ្នាទាំងនោះកើតមាននៅទីក្រុងទ្រីប៉ូលីជាទីក្រុងធំមួយនៅភាគខាងជើងលីបង់រវាងប្រជាជននៃសង្កាត់បាបអែល ទេពបាណេហ៍ ភាគច្រើនជាពួកស៊ុននីតដែលប្រឆាំងរបបលោកបាចាអាល់ អាសាដ និងប្រជាជនសង្កាត់ចាបាល់ ម៉ូហ៍សេន ជាសង្កាត់ពួកអាឡាហ្វីតដែលគាំទ្ររបបស៊ីរីបច្ចុប្បន្ន ។
ការប៉ះទង្គិចគ្នាបានបន្តនាពេលព្រលប់ ទោះបីមានអន្តរាគមន៍របស់កងទាហានដែលដាក់ពង្រាយនៅតំបន់នោះ ។ នាយករដ្ឋមន្ត្រីលីបង់ លោកណាជីប មីកាទី បានអំពាវនាវដល់កងទ័ព និងកងកម្លាំងសន្តិសុខឱ្យធ្វើនូវអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីបញ្ឈប់ការប៉ះទង្គិចសម្លាប់គ្នាដោយគ្មានន័យ ៕
ចែករំលែកព័តមាននេះ