ជនជាតិលោកខាងលិច៣នាក់ ដែលត្រូវចាប់ពង្រត់នៅប្រទេសម៉ាលី ហើយឃុំទុកចាប់តាំងពីជិត៩ខែមកហើយ ដោយអាល់កៃដាកាលពីយប់ថ្ងៃទី២១ សីហា បានលេចមុខក្នុងវីដេអូមួយចាក់ផ្សាយដោយទូរទស្សន៍អាល់ហ្សាហ្ស៊ីរ៉ា ដែលយោងតាមវីដេអូនេះថា ពួកគេបានអំពាវនាវដល់រដ្ឋាភិបាលពួកគេឱ្យធ្វើអន្តរាគមន៍ ដើម្បីឱ្យមានការដោះលែង ។
ក្នុងវីដេអូបុរសទាំង៣នាក់ដែលអាល់ហ្សា ហ្ស៊ីរ៉ាប្រាប់ថា មានឈ្មោះ STEPHEN MALCOLM ជនជាតិអង់គ្លេស ឈ្មោះ JOHAN GUSTAFSON ជនជាតិស៊ុយអែត និងឈ្មោះ SJAAK RIJKE ជនជាតិហូឡង់ ត្រូវបានគេឃើញរូបភាពអង្គុយលើកម្រាលក្នុងតំបន់វាលខ្សាច់អមដោយពួកជនប្រដាប់អាវុធ ។ ចំណាប់ខ្មាំងទាំង៣នាក់នោះ ត្រូវបានគេឱ្យស្លៀកពាក់តាមប្រពៃណីអ៊ិស្លាម ក្បាលមានឆ្នូតហើយមានពុកចង្កា រួចពួកគេមើលទៅហាក់មានសុខភាពល្អ ។ ចំណាប់ខ្មាំងទាំង៣នាក់ បានអំពាវនាវដល់ប្រទេសរៀងៗខ្លួនឱ្យធ្វើការចរចាដោយឆាប់រហ័ស និងមានប្រសិទ្ធភាពជាមួយពួកអ្នកចាប់ពង្រត់ ដើម្បីឱ្យទទួលបានការដោះលែងពួកគេ។
កាលពីថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១១ បុរសទាំង៣នាក់នោះ ត្រូវបានចាប់ពង្រត់នៅទីក្រុងតូម ប៊ុកទូ ហើយបុរសទី៤ ជាជនជាតិអាល្លឺម៉ង់ បានត្រូវស្លាប់ពេលប៉ុនប៉ងតតាំង នឹងការចាប់ពង្រត់ ។
១ថ្ងៃមុននេះ ជនជាតិបារាំង២នាក់ ត្រូវបានចាប់ពង្រត់នៅភាគខាងជើងម៉ាលី ។ ក្រុមអាល់កៃដា នៅតំបន់ MAGHREB អ៊ិស្លាម AQMI បានប្រកាសទទួលខុសត្រូវចំពោះការចាប់ពង្រត់មនុស្សទាំង៥នាក់នោះ ៕
ចែករំលែកព័តមាននេះ