អ្នករៀបចំកម្មវិធីរត់ម៉ារ៉ាតុងអន្តរជាតិ Mexico City Internationalលើកទី៣០បាននិយាយឱ្យដឹង កាលពីថ្ងៃអង្គារថា ខ្លួនសង្ឃឹមថា ការប្រកួតនៅឆ្នាំនេះនឹងមានអ្នកចូលរួមប្រហែលជា ១ម៉ឺននិង៨ពាន់នាក់ ។ខណៈនៅសល់ជិតកន្លះខែទៀត ការប្រកួតនឹងចូលមកដល់ នាយកវិទ្យាស្ថានកីឡាក្រុង Mexico Cityលោក ហ្វ្រង់ស៊ីស្កូ ហ្សាវីយេ ឡូប៉េសបាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា មកដល់ពេលនេះ មានមនុស្សប្រមាណជា ១ម៉ឺននិង៣ពាន់នាក់ហើយដែលបានមកចុះឈ្មោះរត់ ។ ពួកគេទាំងនោះមកពី១៤ប្រទេសលើសាកលលោក ។
លោកឡូប៉េសបានឱ្យដឹងទៀតថា ការរត់ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២ខែកញ្ញាខាងមុខនេះចែកចេញជា២ផ្នែកគឺ ពាក់កណ្តាលម៉ារ៉ាតុង និងពេញម៉ារ៉ាតុង ។ សម្រាប់វិញ្ញាសារត់ពាក់កណ្តាលម៉ារ៉ាតុងនឹងមានអត្តពលិកចូលរួម៨ពាន់នាក់ខណៈរត់ពេញម៉ារ៉ាតុងមានអត្តពលិកចូលរួម១ម៉ឺននាក់ ។ គេនឹងបានឃើញអត្តពលិកកំពូលៗមកពីប្រទេស កេនយ៉ា ប្រេស៊ីល អាល្លឺម៉ង់ កាណាដា សហរដ្ឋអាមេរិក បារាំង ក្វាតេម៉ាឡា ហូឡង់និងជប៉ុន ។
ការរត់ពាក់កណ្តាលម៉ារ៉ាតុងដែលមានចម្ងាយផ្លូវជាង៤២គីឡូម៉ែត្រនឹងចាប់ផ្តើមហើយបញ្ចប់នៅទីលានបួនជ្រុង Zocalo។ អត្តពលិកនឹងរត់ឆ្លងកាត់វិមាន និងសារមន្ទីរចំនួន២០កន្លែង ។ ដោយឡែកសម្រាប់ជ័យលាភីលេខ១ទាំងបុរសនិងស្ត្រីនឹងទទួលបានទឹកប្រាក់រង្វាន់ ២៧ពាន់ដុល្លារអាមេរិក។ ប៉ុន្តែប្រសិនជាពួកគេអាចបំបែកឯតទគ្គកម្មដោយប្រើពេលតិចជាង ២ម៉ោង ១២នាទីនិង ១១វិនាទី(បុរស) និង២ម៉ោង ៣៨នាទីនិង២៤វិនាទី(សម្រាប់ស្ត្រី) ពួកគេនឹងទទួលបានទឹកប្រាក់បន្ថែម ១១ពាន់និង៥រយដុល្លារ ៕
ចែករំលែកព័តមាននេះ