រាជធានីភ្នំពេញ ៖ បុរសស្រវឹងជោកម្នាក់បានបើកម៉ូតូមួយគ្រឿងម៉ាកស្មាស់ពណ៌ខ្មៅ លាយក្រហម ក្នុងល្បឿនលឿន និងរេចង្កូតពេញផ្លូវក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកគុប ពណ៌ទឹកប៊ិច បើកដោយនារីម្នាក់ចំពីក្រោយពេញទំហឹង តែសំណាងល្អមិនបណ្តាលឱ្យម៉ូតូគុប ពណ៌ទឹកប៊ិច នោះដួលដោយគ្រាន់តែដាច់ស្លាកលេខជ្រុះនៅកន្លែងកើតហេតុប៉ុណ្ណោះ ។ ចំណែកបុរសស្រវឹងនោះ វិញដួលម៉ូតូដេកសន្លប់ស្តូកស្តឹងតែម្នាក់ឯងនៅកណ្តាលថ្នល់ត្រូវប្រជាពលរដ្ឋជិះកាត់ឃើញក៏ជួយសែងលើកយកចូលកៀនផ្លូវ កាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី២១ សីហា ២០១២ តាមបណ្តោយផ្លូវលេខ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខឃ្លាំងលក់រថយន្ត២៨៨ ។ បុរសស្រវឹងជោកម្នាក់នោះឈ្មោះពេជ ម៉ូនីកា អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
យោងតាមប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូស្មាស់ពណ៌ខ្មៅលាយក្រហម មួយគ្រឿងបើកដោយបុរសស្រវឹងជោកម្នាក់ក្នុងល្បឿនលឿនតាមផ្លូវលេខ២០០៤ ពីលិចទៅកើត និងរេចង្កូតវ៉ាគេវ៉ាឯងពេញតែផ្លូវ ស្រាប់តែមកដល់កន្លែងកើតហេតុមុខឃ្លាំងលក់រថយន្ត២៨៨ ក៏ជ្រុលទៅបុកម៉ូតូគុបពណ៌ទឹកប៊ិច មួយគ្រឿងបើកដោយនារីម្នាក់ចំពីក្រោយពេញទំហឹង បណ្តាលឱ្យបុរសស្រវឹងនោះដួលម៉ូតូបោកក្បាលទៅនឹងថ្នល់ដេកសន្លប់ស្តូកស្តឹងតែម្នាក់ឯងនៅកណ្តាលផ្លូវ ។ រីឯនារីបើកម៉ូតូគុបពណ៌ទឹកប៊ិច មិនមានរងរបួសទេ ដោយគ្រាន់តែដាច់ជ្រុះស្លាកលេខនៅនឹងកន្លែងកើតហេតុប៉ុណ្ណោះ ។
ប្រភពព័ត៌មានបន្តថា ដោយភ័យពេកហើយឃើញបុរសស្រវឹងនោះដេកសន្លប់ផង នារីម្នាក់នោះក៏បើកម៉ូតូទៅមុខបន្តទៀត ដោយមិនដឹងថា ដាច់ជ្រុះស្លាកលេខម៉ូតូរបស់ខ្លួនផង ។ ក្រោយពេលកើតហេតុបុរសរងគ្រោះត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ទំនាក់ទំនងទៅក្រុមគ្រួសារឱ្យមកយកទៅមន្ទីរពេទ្យ ។ រីឯស្លាកលេខម៉ូតូគុបពណ៌ទឹកប៊ិច នោះត្រូវសមត្ថកិច្ចយកទៅរក្សាទុករង់ចាំម្ចាស់មកយកវិញ៕


ចែករំលែកព័តមាននេះ