ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ស្រា​បើក​រថយន្ត​បុក​ម៉ូតូ​ពីក្រោយ​​ស្លាប់​ម្នាក់​ របួស​ធ្ងន់​ម្នាក់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​កូរ៉ូឡា​ ពណ៌ស្ករ ​មួយ​គ្រឿង​បើក​​ដោយ​បុរស​ស្រវឹង​ជោក​ម្នាក់​ក្នុងល្បឿន​​លឿន និង​រេ​ចង្កូត​ពេញ​​ផ្លូវ​ក៏​ជ្រុល​​ទៅ​បុក​​ម៉ូតូ​កូនទា ពណ៌ស មួយគ្រឿង​ជិះ​គ្នា​២​នាក់ ចំពី​​ក្រោយពេញ​ទំហឹង​ធ្វើ​ឱ្យ​ម៉ូតូ​ និង​អ្នក​ជិះ​ទាំង​២​នាក់​នោះ​ហោះ​​ខ្ទាត​​ប្រហែល​​៣០​​ម៉ែត្រ បណ្តាល​​ឱ្យ​នារី​​ម្នាក់​​ជិះ​ពី​ក្រោយ​​​ស្លាប់​​ភ្លាមៗ​នៅ​នឹង​កន្លែង ។ ដោយ​​ឃើញ​ដូច​នោះ​រថយន្ត​​បង្ក​ហេតុ​ព្យាយាម​​បើក​រត់​ក៏ជ្រុល​​ចង្កូត​ទៅ​បុក​របាំង​ដែក​​​ចែកផ្លូវ​បាក់​​អស់​៩​ផ្ទាំង​ រួច​​​បន្ត​ទៅ​បុក​​ដើម​ក្ងោក​បាក់​មួយ​ដើម​​ទៀត ​ទើប​ទៅ​មុខ​លែង​រួច​​ក៏​បើក​​ទ្វារ​រថយន្ត​ចុះ​​រត់​គេច​ខ្លួន​តែ​ត្រូវ​​​ប្រជា​ពល​​រដ្ឋ​​ដែរ​ឃើញ​ហេតុការណ៍​នោះ​នាំ​​គ្នា​ដេញ​តាម​ចាប់​បាន​ ហើយ​​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​កាល​ពី​វេលា​ម៉ោង​​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​​ថ្ងៃទី​២២ សីហា ​២០១២ ​នៅ​ចំណុចមុខ​​ក្រុម​ហ៊ុន​មីត​ស៊ុយ (ខេមបូឌា) ​តាម​បណ្តោយ​​មហា​វិថី​​​​សហ​ព័ន្ធ​រុស្ស៊ី ​សង្កាត់​ទឹកថ្លា ខណ្ឌសែន​​សុខ ។

បុរស​ស្រវឹង​ស្រា​បើក​​រថយន្ត​​បង្ក​ហេតុ​ឈ្មោះ​ស៊ាង គីម​ស្រ៊ុង ​អាយុ​២៦​ឆ្នាំ ជាអ្នក​លក់​ដូរ​នៅ​ផ្ទះ​ ស្នាក់​នៅ​​សង្កាត់​ចោមចៅ​ ខណ្ឌ​​ពោធិ៍​សែ​នសជ័យ។ ​ចំណែក​អ្នក​បើក​ម៉ូតូ​កូ​នទា ពណ៌ស ​របួស​ធ្ងន់​ឈ្មោះ​​រឿន វរៈ ​​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​លេខ​១១៣E1Z ផ្លូវ​​លេខ​២៧១ ​ក្រុម​៤៦ ​សង្កាត់​​បឹង​​សាឡាង ខណ្ឌ​​​ទួលគោក ។ ​រីឯ​សព​នារី​​ម្នាក់​ទៀត​​​ដែរ ជិះ​ពី​​ក្រោយ​​មិន​ស្គាល់​អត្ត​សញ្ញាណ​ត្រូវបាន​​សមត្ថ​កិច្ច​យក​ទៅ​ទុក​នៅ​វត្ត​ទឹក​ថ្លា​​រង់​ចាំ​​សាច់​ញាតិ​បង​ប្អូន​មក​យក​ទៅ​ធ្វើ​បុណ្យ​ ។

យោង​តាម​​សម្តី​​​លោក​ស៊ិន ​សុវណ្ណ នាយ​រង​ផ្នែក​សណ្តាប់ធ្នាប់​​ចរាចរណ៍​​ជើង​​គោក​ ខណ្ឌ​​សែនសុខ ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​ម៉ាក​កូរ៉ូឡា​​ ពណ៌ស្ករ មួយ​គ្រឿង​បើក​ដោយ​បុរស​​ស្រវឹង​ជោក​​ម្នាក់​បាន​​បោះពួយ​​យ៉ាងលឿន​តាម​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី​ក្នុង​ទិសដៅ​​ពី​កើត​ទៅ​លិច​​ និង​រេ​ចង្កូត​​​ពេញ​ផ្លូវ​ទៅ​បុក​​ម៉ូតូ​កូ​ន​ទា​​​ពណ៌ស មួយ​គ្រឿង​ ជិះ​គ្នា​២​នាក់ ស្រី​ម្នាក់​ ប្រុស​ម្នាក់ ចំពី​ក្រោយ​ពេញ​ទំហឹង​​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕