រាជធានីភ្នំពេញ ៖ សន្តិសុខ និងអ្នកយាមម៉ូតូក្លិបវើល ដាន់ ប្រមាណជិត១០នាក់ បាននាំគ្នាវាយទៅលើភ្ញៀវសន្លប់៤នាក់ ហើយសែងយកទៅទម្លាក់ចោលនៅតាមផ្លូវច្រកចូលអគ្គនាយកដ្ឋានកសិកម្ម បន្ទាប់ពីមានទំនាស់គ្នានៅកន្លែងផ្ញើម៉ូតូរឿងប្រាក់១.០០០រៀល កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ សីហា ២០១២ នៅក្នុងបរិវេណមុខក្លិប តាមផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ បន្ទាប់ពីបង្កហិង្សាជនដៃដល់រត់គេចខ្លួនបាត់ ។
ជនរងគ្រោះ ១-ឈ្មោះផាវ ស៊ីដេត ភេទប្រុស អាយុ២៣ឆ្នាំ ជាជាងកាត់ដេរ មានលំនៅផ្ទះលេខ១៦ ផ្លូវលេខ៥៦៥ សង្កាត់ទឹកល្អក់ទី៣, ២-ឈ្មោះកូវ រតនា អាយុ២៤ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅខេត្តព្រះវិហារ, ៣-ឈ្មោះគ្រួច ពៅ អាយុ២២ឆ្នាំ ជាអ្នករត់ម៉ូតូឌុបមានលំនៅផ្ទះលេខ៥០ ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ និង៤-ឈ្មោះកុង បូរី អាយុ២៨ឆ្នាំ ជានិស្សិត មានលំនៅផ្ទះលេខ៣៥០ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនរងគ្រោះទាំង៤នាក់ រងរបួសជាំពេញខ្លួនបែកក្បាល ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។
តាមព័ត៌មានឱ្យដឹងថា ជនដៃដល់មានគ្នាប្រមាណជិត១០នាក់ដែលជាសន្តិសុខ និងអ្នកយាមម៉ូតូនៅក្លិបវើល ដាន់ ប្រដាប់ទៅដោយដំបងឆក់ បំពង់ទីប ដែលគេស្គាល់ម្នាក់ឈ្មោះផល បានវាយទៅលើគូទំនាស់បណ្តាលឱ្យរងរបួសធ្ងន់ និងសន្លប់៤នាក់ បន្ទាប់ពីមានទំនាស់គ្នា ។ នៅយប់នោះគេឃើញភាគីទាំង២បានវាយតប់គ្នា ហើយត្រូវសន្តិសុខដែលមានគ្នាច្រើន និងប្រដាប់ដោយដំបងបានវាយទៅលើគូទំនាស់យ៉ាងសាហាវ ។
តាមជនរងគ្រោះបានឱ្យដឹងថា បន្ទាប់ពីវាយសន្លប់ក្រុមសន្តិសុខបាននាំគ្នាសែងយកទៅទម្លាក់ចោលនៅតាមផ្លូវច្រកចូលអគ្គនាយកដ្ឋាន កសិកម្ម។ បន្ទាប់ពីប្រើហិង្សាជនដៃដល់បានគេចខ្លួនបាត់នៅពេលដែលប៉ូលិសចុះទៅដល់ ។ ទោះបីជាយ៉ាងណាកោះសន្តិភាពពុំទទួលការបំភ្លឺណាមួយពីសន្តិសុខក្លិបឡើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ