រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌដង្កោ ដឹកនាំដោយលោកនុត ពុធដារ៉ា ជំនួយការម្តេចសអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌដង្កោ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ១០គ្រួសារ ហើយក្នុងចំណោមនោះមាន១គ្រួសារទទួលបាននូវផ្ទះ១ខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវកិត្តព្រឹទ្ធបណ្ឌិតផងដែរ ។
ពិធីចែកអំណោយនោះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២១ សីហា ២០១២ នៅក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ ដោយមានការចូលរួមពីសំណាក់លោកអភិបាលរង និងមន្ត្រីសាលាខណ្ឌ ជាច្រើនរូបទៀតផងដែរ ។ អំណោយដែលនាំយកទៅចែកជូនប្រជាពលរដ្ឋនាឱកាសនោះក្នុង១គ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន១០ម៉ឺនរៀល។
ដោយឡែកស្ត្រី ម្នាក់ឈ្មោះទូច ចំរើន អាយុ៦៨ឆ្នាំ ដែលស្ថិតនៅក្នុងចំណោមគ្រួសារអ្នកក្រីក្រនោះទទួលបានផ្ទះ១ខ្នងសង់ពីបេតុងប្រក់ដំបូលស័ង្កសីដែលមានទំហំ៣,៥០ម៉ែត្រគុណនឹង៤ម៉ែត្រចំណាយអស់ថវិកាចំនួនជាង២.៤០០ដុល្លារដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ