ប្រភពព័ត៌មានផ្លូវការរាយការណ៍កាលពីថ្ងៃទី២១ សីហា ថា ប៉ូលិសវៀតណាម បានចាប់ខ្លួន ធនាគារិកសំខាន់ម្នាក់ ក្នុងចំណោមធនាគារិកខ្លាំងៗរបស់ប្រទេសពីបទធ្វើការបកស្រាយខុសពីបញ្ហាហិរញ្ញវត្ថុ ។ រឿងនេះញ៉ាំងឱ្យមានការព្រួយបារម្ភសម្រាប់ផ្នែកធនាគារជាតិ ដែលមានភាពផុយស្រួយខ្លាំងស្រាប់ ។
ប្រភពព័ត៌មានផ្លូវការមួយរបស់រដ្ឋាភិបាលគូសបញ្ជាក់ថា លោកង្វៀន ឌឹកគៀន អាយុ៤៨ឆ្នាំ ត្រូវចាប់ខ្លួនពីបទធ្វើសកម្មភាពសេដ្ឋកិច្ចខុសច្បាប់នានា។ ប្រភពនោះពុំបានផ្តល់ភាពលម្អិតជាងនេះទៀតឡើយ ។ លោកត្រូវចាប់ឃុំឃាំងកាលពីថ្ងៃទី២០ សីហា ក្រោយការលុកចូលឆែកឆេររបស់ប៉ូលិសក្នុងលំនៅឋានរបស់លោកស្ថិតនៅជិតបឹងខាងលិច ជាសង្កាត់រុងរឿងបំផុតមួយនៃរដ្ឋធានីហាណូយ ។
លោកង្វៀន ឌឹកគៀន ជាអ្នកមានភាគហ៊ុនក្នុងធនាគារ ASIA COMMERCIAL BANK (ACB) ជាធនាគារធំមួយរបស់វៀតណាមដែលធនាគារអង់គ្លេស STANDDARD CHARTERED មានភាគហ៊ុនដែរ ។ ធនាគារនេះ ត្រូវបានគេចាត់ទុកថា ជាធនាគារធំមួយក្នុងចំណោមធនាគារធំជាងគេទាំង១០០របស់ វៀតណាម ។ ក្រោយការចាប់ខ្លួនធនាគារិកនោះ ភាគហ៊ុនរបស់ ACB បានធ្លាក់ចុះរហូតដល់៦,៩% នៅផ្សារហ៊ុនក្រុងហាណូយ ដែលផ្សារភាគហ៊ុននោះ ក៏ធ្លាក់ចុះ៥,២២% ដែរ មុនពេលបិទទីផ្សារ ។
ធនាគារ ACB បានចេញសេចក្តីប្រកាសមួយដោយអះអាងថា រឿងនេះ នឹងពុំមានផលប៉ះពាល់ដល់បណ្តាភាពសុក្រិត្យរបស់ខ្លួនឡើយ។ នោះជាបញ្ហាបុគ្គលមួយប៉ុណ្ណោះ ព្រោះលោកគៀន មានភាគហ៊ុនមិនដល់៥%ផង ក្នុងធនាគារនោះ ។ យោងតាមព័ត៌មានក្នុងស្រុកថា លោកគៀន ក៏មានភាគហ៊ុនក្នុងធនាគារ SACOMBAK ធនាគារ EXIMBANK ធនាគារ VIETBANK និងស្ថាប័នហិរញ្ញវត្ថុដទៃៗទៀត ៕
ចែករំលែកព័តមាននេះ