ខេត្តកណ្តាល ៖ រឿងរ៉ាវក្តីក្តាំមួយរវាងមន្ត្រីគយ និងអតីតប្រពន្ធដែលបានអូសបន្លាយរយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីស្នេហាគ្រួសារនេះប្រេះឆា ប្រពន្ធបានប្តឹងសុំចែកផ្ទះ និងដី ព្រមទាំងទ្រព្យសម្បត្តិក្រោយពេលប្តីមានប្រពន្ធថ្មីមួយទៀត គឺបានប្តឹងប្តល់គ្នាតាំងពីសាលាដំបូងខេត្តកណ្តាល រហូតដល់តុលាការកំពូលកាត់ក្តីឱ្យធ្វើការបែងចែកពុះផ្ទះ, ដី និងទ្រព្យសម្បត្តិចែកគ្នាពាក់កណ្តាលម្នាក់ ។
នៅព្រឹកថ្ងៃទី២១ សីហា ២០១២ លោកសំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល បានដឹកនាំកម្លាំងចម្រុះមានប៉ូលិស ប៉េអឹម និងមន្ត្រីអាជ្ញាធរចុះអនុវត្តសាលដីការបស់តុលាការកំពូលធ្វើការបែងចែកផ្ទះ និងដីទំហំ២៣,៧០គុណនឹង៤៤ម៉ែត្រ ចែកជា២ ឱ្យទៅភាគីដើមបណ្តឹងអតីតជាប្រពន្ធឈ្មោះហង្ស សុវណ្ណារី និងឈ្មោះអ៊ុំ វណ្ណា ដែលបច្ចុប្បន្នគេស្គាល់ថា ជាមន្ត្រីគយប្រចាំនៅក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ។ ផ្ទះ និងដីទំហំ២៣,៧០គុណនិង៤៤ម៉ែត្រ ដែលត្រូវបានពុះចែកគ្នាជាពីរចំណែកនេះនៅផ្លូវលេខ១១០ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ត្រូវបានអនុវត្តតាមសាលដីកាបង្គាប់របស់តុលាការកំពូលចុះថ្ងៃទី៦ សីហា ២០១០ បានសម្រេចឱ្យធ្វើការបែងចែកដី និងផ្ទះទំហំ២៣,៧០ម៉ែត្រគុណ៤៤ម៉ែត្រ ឱ្យទៅភាគីដើមបណ្តឹងឈ្មោះហង្ស សុវណ្ណារី ភេទស្រី អាយុ៣០ឆ្នាំ និងឈ្មោះអ៊ុំ វណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ ពាក់កណ្តាលម្នាក់ ។
ក្នុងការអនុវត្តសាលដីការបស់តុលាការកំពូលនេះមិនមានការប្រទូស្តរ៉ាយគ្នារវាងដើមបណ្តឹង និងចុងបណ្តឹងឡើយ គឺដោយសារតែចុងបណ្តឹងចាញ់ទាំងអស់ចិត្ត ព្រោះការប្តឹងជំទាស់របស់ចុងបណ្តឹងចាប់តាំងពីសាលាដំបូងខេត្តកណ្តាល រហូតដល់តុលាការកំពូល ហើយតុលាការបានសម្រេចកាត់ក្តីឱ្យដើមបណ្តឹងទទួលបានដី និងផ្ទះ ពុះចែកគ្នាម្នាក់ពាក់កណ្តាល ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ