ខេត្តកណ្តាល ៖ កម្មករ កម្មការិនីរោងចក្រកាត់ដេរយីហោខូសម៉ូតិចស្តាយ ជាង២០០នាក់ ក្នុងចំណោមជាង១.០០០នាក់ បានប្រមូលផ្តុំគ្នាធ្វើកូដកម្មតវ៉ាប្រឆាំង នឹងអ្នកគ្រប់គ្រងរួម ខណៈដែលជននោះគាបសង្កត់ និងកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់កម្មករ ។
ការតវ៉ានោះបានអូសបន្លាយពេល៩ថ្ងៃកន្លងមកហើយដោយពួកគេតវ៉ានៅក្នុងរោងចក្រប៉ុណ្ណោះ តែដោយសារពុំមានដំណោះស្រាយ ទេើបពេលនេះពួកគេបាននាំគ្នាហែក្បួនដើរចេញពីមុខរោងចក្រទៅឈរនៅតាមចិញ្ចើមផ្លូវជាតិលេខ៤ វិញ ប៉ុន្តែមិនបង្កឱ្យមានការកកស្ទះចរាចរណ៍នោះឡើយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី ២១ សីហា ២០១២ ដែលរោងចក្រនោះមានទីតាំងស្ថិតនៅក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល។
តាមប្រភពព័ត៌មានបានឱ្យដឹងថា រោងចក្រកាត់ដេរខាងលើនោះមានកម្មករសរុបចំនួនជាង១.០០០នាក់ ប៉ុន្តែអ្នកដែលធ្វើកូដកម្មនាពេលនេះមានចំនួនប្រមាណជាង២០០នាក់ប៉ុណ្ណោះ ឯអ្នកផ្សេងមួយចំនួនទៀតបានទៅផ្ទះ និងខ្លះទៀតមិនបានចូលរួមធ្វើកូដកម្មនោះឡើយ តែពួកគេអត់ចូលធ្វើការទាំងអស់គ្នា ។ កម្មករបានឱ្យដឹងថា ពួកគេធ្វើកូដកម្មនេះទាមទារលក្ខខណ្ឌការងារចំនួន២៤ចំណុច ក្នុងនោះចំណុចសំខាន់បំផុតមាន២ គឺទី១-ទាមទារឱ្យថៅកែរោងចក្រដកឈ្មោះសេង ពិសិដ្ឋ ភេទប្រុស មានមុខងារជាអ្នកគ្រប់គ្រងរួម ដោយសារជននោះគាបសង្កត់កេងប្រវ័ញ្ចកម្លាំងពលកម្មគ្រប់បែបយ៉ាង និងទី២-ទាមទារដំឡើងប្រាក់ខែគោលចំនួន៧០ដុល្លារ ដែលសព្វថ្ងៃនេះពួកគេទទួលបានប្រាក់ខែគោលត្រឹមតែ៦១ដុល្លារប៉ុណ្ណោះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ