ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Ron Kirk តំណាង​ពាណិជ្ជ​​កម្ម​​សហរដ្ឋ​អាមេរិក​​ធ្វើ​ទស្ស​ន​កិច្ច​​នៅ​កម្ពុជា​​ និង​ជួប​ជា​មួយ​រដ្ឋ​មន្ត្រី​​អាស៊ាន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក Ron Kirk ​តំណាងពាណិជ្ជ​កម្ម​សហ​រដ្ឋ​អាមេរិក​ និង​ជាទី​ប្រឹក្សា​​​​សេដ្ឋ​កិច្ច​របស់​លោក​​បារ៉ាក់​ អូបាម៉ា ប្រធានា​ធិបតី​អាមេ​រិក នឹង​អញ្ជើញ​​ទៅ​កាន់​​ខេត្តសៀមរាប ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​​៣០-៣១ ​សីហា ២០១២ ​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​​រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច​​អាស៊ាន​ និង​កិច្ច​ប្រជុំ​​កំពូល​ផ្នែក​ធុរ​កិច្ច​ សហ​រដ្ឋ​អាមេរិក​​អាស៊ាន ។ ប្រទេស​អាស៊ាន​​ទាំង​១០​ គឺជា​ដៃគូ​សេដ្ឋ​កិច្ច និង​ជា​យុទ្ធ​សាស្ត្រ​សំខាន់​សម្រាប់​សហ​រដ្ឋ​អាមេ​រិក​​ ហើយ​ដំណើរ​ទស្សន​កិច្ច​​របស់​តំណាង​ពាណិជ្ជ​​កម្ម សហរដ្ឋ​អាមេរិក​ លោក Kirk នៅ​ក្នុង​ប្រទេស​​កម្ពុជា នឹង​បញ្ជាក់​ឱ្យ​ឃើញ​​ការ​គាំទ្រ​​របស់​សហរដ្ឋ​អាមេរិក​​ចំពោះ​សមា​ហរណ​កម្ម​របស់​អាស៊ាន​ និង​បំណង​ក្នុង​ការ​ធ្វើ​ឱ្យ​ការ​​ទាក់​ទង​គ្នា​ផ្នែក​​សេដ្ឋ​កិច្ច ​ជា​មួយ​តំបន់​​នេះ​មាន​ភាព​ជ្រាល​ជ្រៅ​​ ព្រមទាំង​សង្កត់​​ធ្ងន់​លើ​គោល​ដៅ​​រួម​របស់​សហ​រដ្ឋ​អាមេរិក​​លើ​​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ។

តំណាង​ពាណិជ្ជ​កម្ម​អាមេរិក Ron Kirk គ្រោង​នឹង​ជួប​ប្រជុំ​​ផងដែរ ជា​មួយ​ក្រុម​ប្រឹក្សា​​សម្រប​សម្រួល​​ក្រប​ខណ្ឌ​​វិនិយោគ និង​ពាណិជ្ជ​កម្ម​ (TIFA) រវាង​សហរដ្ឋ​អាមេ​រិក​ និង​អាស៊ាន​ដែល​ជា​កិច្ច​ប្រជុំ​ ក្រៅ​​ផ្លូវ​ការ​មួយ​​នៃ​រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច​​ក្នុង​​កិច្ច​ប្រជុំ​កំពូល​អាស៊ី​ខាង​កើត​ និង​កិច្ច​​ប្រជុំ​ធុរ​កិច្ច​​​កំពូល​ជា​លើក​ដំបូង​រវាង​សហរដ្ឋ​អាមេរិក​ និង​​អាស៊ាន ។

កិច្ច​ប្រជុំ​​ធុរ​កិច្ច​កំពូល​ជា​លើក​ដំបូង​រវាង​សហរដ្ឋ​អាមេរិក​ និង​អាស៊ាន​​ផ្តល់​​ឱកាស​​ឱ្យ​តំណាង​ធុរ​កិច្ច​របស់​សហរដ្ឋ​អាមេ​រិក​ និង​អាស៊ាន​​ធ្វើ​ការ​ផ្លាស់​ប្តូរ​​​ទស្សន​ៈ​លើ​​ការ​ជំរុញ​​កំណើន​​សេដ្ឋ​កិច្ច​ ​ការ​បញ្ចូល​​បច្ចេក​ទេស​ថ្មីៗ ហើយ​បង្ហាញ​​អនុ​សាសន៍​​រួម​ក្នុង​​ការ​ពិភាក្សា​​ដោយ​ផ្ទាល់​​ជា​មួយ​មន្ត្រី​ពាណិជ្ជ​​កម្ម​អាស៊ាន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕