ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ប្លន់​ក្នុង​ផ្ទះ​​កណ្តាល​អធ្រាត្រ​​បាន​មាស​៦​ជី​

13 ឆ្នាំ មុន

ខេត្ត​កោះកុង ៖ កាលពីវេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​២១ សីហា ២០១២ មាន​ករណី​​ប្លន់​​មួយ​បាន​កើត​ឡើង​​នៅ​ចំណុច​​​ភូមិ-សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​​ខេមរភូមិន្ទ ​ដោយ​មាន​ក្រុម​​ចោរ​មួយ​ក្រុម​មាន​គ្នា​​​៤​នាក់ ​ស្លៀក​ពាក់​ខោអាវប៉ារ៉ា​ និង​មាន​ម៉ាស​បិទ​មុខ​​ចូលទៅ​​ប្លន់​​ដល់​ក្នុង​ផ្ទះ​ប្រជា​ពល​រដ្ឋ​​ដោយ​ប្រើ​​អាវុធ​ខ្លី​​ភ្ជង់​ក្បាល រួច​ប្លន់​យក​មាស​បាន​ចំនួន​៦​ជី ។

​តាម​សាក្សី​​នៅជុំវិញ​ផ្ទះ​ពល​រដ្ឋ​រងគ្រោះ​អះអាង​​ថា ​ម្ចាស់​​ផ្ទះ​​រងគ្រោះ​​ឈ្មោះ​កែវ ញ៉ី ភេទស្រី អាយុ​៥១​ឆ្នាំ និង​ប្តី​ឈ្មោះ​សូត ណុះ អាយុ​៥៥​ឆ្នាំ ​និង​ជា​កម្ម​ករ​សំណង់​ ហើយ​នៅ​វេលា​ព្រឹក​ព្រហាម​​ម្ចាស់​ផ្ទះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​​មិន​ទាន់​ដឹង​ខ្លួន​ស្រួលបួល​នៅឡើយ​ទេ ព្រោះ​​​ក្រុម​ចោរ​​បាន​ប្រើ​ថ្នាំ​​សណ្តំ​​ ។ តាម​​សម្តី​ប្តី​​ប្រពន្ធ​​ទាំង​២នាក់បានរៀបរាប់​ថា ​នៅ​ខណៈ​ពេល​ខាងលើ​​ស្ត្រី​​ជា​ប្រពន្ធ​ធុំក្លិន​​ក្រអូប​ភាយ​​ពេញ​ផ្ទះ ពេល​នោះ​​រូប​គាត់​​ក៏​ភ្ញាក់​​​ក្រោក​​ឡើង​មើល​ក្នុង​ផ្ទះ​តែ​​​ពេល​ដែល​​គាត់​​ក្រោក​ឡើង ស្រាប់តែ​​ក្រុម​ចោរ​បាន​ប្រើ​កាំភ្លើង​ខ្លី​ភ្ជង់​ក្បាលរបស់​គាត់​រួច​គំរាម​​យក​មាស និង​លុយ​ ប៉ុន្តែ​​រូប​គាត់​ឆ្លើយ​ថា ​អត់​មាន ។ ​ដោយ​ឮ​គាត់​ឆ្លើយ​យ៉ាង​ដូច្នេះ​ក៏​​អូស​ដៃ​ស្ត្រី​ជា​ប្រពន្ធ​ទៅ​ខាង​ក្រោយ​ផ្ទះ បម្រុង​​បាញ់សម្លាប់​ចោល​​ ប៉ុន្តែ​​មាន​ចោរ​ម្នាក់​ប្រាប់​​គ្នា​គេ​ថា កុំ​សម្លាប់​​គាត់​អី​​ ពេល​នោះ​​ពួកវា​​ក៏​ដឹក​ដៃ​គាត់​មក​​ចង​​ជាប់​នឹង​​ជណ្តើរ​​ផ្ទះ​​ ដោយ​យក​ស្បៃ​ក្រណាត់​​ញាត់​មាត់​ រួច​ឡើង​រុះ​រើ​យក​មាស​អស់​ចំនួន​៦​ជី​ បន្ទាប់​មក​រត់គេច​ខ្លួន​បាត់​អស់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕