យោងទៅតាមប្រភពព័ត៌មានពីគេហទំព័រអេស៊ីវ័ន ចេញផ្សាយកាលពីថ្ងៃអង្គារ ទី២០ សីហា ឆ្នាំ២០១២ បានឱ្យដឹងថា តារាសម្តែងកូរ៉េលីម្យុង ហ៊ុន បានចេញមុខសារភាពជាចំហថា ៖ ខ្ញុំកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្តែងលីប៊ីនយុង បើទោះជាពីមុនមកខ្ញុំធ្លាប់បានបដិសេធពីទំនាក់ទំនងនេះក៏ដោយ ។
តារាសម្តែងចាស់វស្សាលីម្យុង ហ៊ុន វ័យ៤២ឆ្នាំ បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា ៖លីប៊ីន យុង គឺជាមនុស្សសំខាន់បំផុតក្នុងបេះដូងរបស់ខ្ញុំ ហើយខ្ញុំកំពុងតែបង្កើតទំនាក់ទំនងជាមួយនាងដោយប្រុងប្រយ័ត្នបំផុត ។ ចំណែកឯលីមីនយុង វិញក៏គ្មានអ្វីលាក់លៀមតទៅទៀតដែរ ក្រោយពីលីម្យុង ហ៊ុន ទម្លាយនូវអាថ៌កំបាំងហើយនាងទទួលស្គាល់ថា ខ្ញុំពិតជាមានទំនាក់ទំនងជាមួយតារាសម្តែងរូបនេះមែន ក៏ប៉ុន្តែខ្ញុំមានការស្ទាក់ស្ទើរក្នុងការបង្ហាញពីទំនាក់ទំនងនេះជាសាធារណៈនៅឡើយ ។
ទោះបីជានាងទទួលស្គាល់ពីទំនាក់ទំនងស្នេហាជាមួយលោកលីម្យុង ហ៊ុន ក៏ពិតមែន តែនាងបានបដិសេធនូវព័ត៌មានចចាមអារ៉ាមដែលបានលើកឡើងថា នាងនឹងចូលរោងការនៅក្នុងខែវិច្ឆិកា ខាងមុខនេះ ។ នាងបានបញ្ជាក់ថា ខ្ញុំមិនទាន់បានត្រៀមខ្លួនរៀបការនៅឡើយទេ ៕





ចែករំលែកព័តមាននេះ