ខេត្តកណ្តាល ៖ យុវជនម្នាក់បានត្រូវកម្លាំងប៉ូលិស យុត្តិធម៌នៃអធិការដ្ឋានស្រុកស្អាង ចាប់បញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកាលពីព្រឹកថ្ងៃទី២១ សីហា ២០១២ ដើម្បីចាត់ការតាមច្បាប់ ។ បន្ទាប់ពីយុវជនរូបនេះបានលួងលោមនារីម្នាក់អាយុ១៦ឆ្នាំ នាំទៅរំលោភរហូតបានសម្រេចកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៩ សីហា ២០១២ នៅចំណុចក្នុងការដ្ឋានសាងសង់ស្ថានីយផ្គត់ផ្គង់អគ្គិសនី ស្រុកស្អាង តែត្រូវបានបុរសជាឪពុករបស់នារីរងគ្រោះមកទាន់ក៏ប្តឹងសមត្ថកិច្ចនគរបាលឱ្យចាប់ខ្លួនតែម្តង ។
អធិការរងស្រុកស្អាង លោកលន ចាន់ថា បានឱ្យដឹងថា នារីរងគ្រោះអាយុ១៦ឆ្នាំ ជាកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសាងសង់ស្ថានីយផ្គត់ផ្គង់អគ្គិសនីខាងលើ ។ ចំណែកជនសង្ស័យដែលចាប់ខ្លួន គឺឈ្មោះលាំ ឃួច ភេទប្រុស អាយុ២៨ឆ្នាំ ជាកម្មករសំណង់ដូចគ្នា មានស្រុកកំណើតនៅភូមិដូនទង ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានជាមួយគ្នា ។ លោកអធិការរងស្រុកស្អាងបន្តថា នៅយប់កើតហេតុគ្រាដែលនារីរងគ្រោះដើរនៅក្នុងបរិវេណការដ្ឋានដែលជាកន្លែងស្នាក់នៅនោះ ស្រាប់តែមានបុរសឈ្មោះលាំ ឃួច ដែលស្នាក់នៅធ្វើជាកម្មករសំណង់ដូចគ្នាបានមកនិយាយលួងលោមនារីរងគ្រោះដោយបបួលទៅកន្លែងស្ងាត់ រួចធ្វើសកម្មភាពអនាចារទៅលើនារីរងគ្រោះរហូតដល់មានអារម្មណ៍ចង់រួមភេទ ។ បន្ទាប់មកឈ្មោះលាំ ឃួច ក៏បានចាប់នារីរងគ្រោះផ្តួលទៅលើដីរំលោភរហូតបានសម្រេច ។
លោកអធិការរងស្រុកស្អាងបន្តទៀតថា គ្រាដែលរំលោភនារីរងគ្រោះរហូតបានសម្រេចហើយនោះ ជនសង្ស័យមិនបានទៅណាទេ នៅដេកឱបនារីរងគ្រោះ រហូតឪពុករបស់នាងមកទាន់ ចាប់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឱ្យជួយអន្តរាគមន៍ និងប្តឹងបុរសនោះតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ