ឆ្លើយតបចំពោះការគំរាមកំហែងដោយពាក្យសម្តីថ្មីៗពីសំណាក់កូរ៉េខាងជើង រដ្ឋាភិបាលអាមេរិកកាលពីព្រឹកថ្ងៃទី២០ សីហា បានស្នើឱ្យប្រទេសកុំមុយនីស្តនេះបញ្ឈប់ធ្វើសេចក្តីថ្លែងការណ៍ប្រទូស្តរ៉ាយនានា។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រីវិកកូរៀនូឡែនអំពាវនាវថា សមយុទ្ធយោធារួម រយៈពេល២សប្តាហ៍ដែលចាប់ផ្តើមមុននេះជាសមយុទ្ធធម្មតាមួយ រួចពុំមែនជាការរៀបចំធ្វើការឈ្លានពានណាមួយដូចការលើកឡើងរបស់កូរ៉េខាងជើងឡើយ ។
ក្នុងសន្និសីទសារព័ត៌មានមួយ ស្ត្រីអ្នកនាំពាក្យរូបនោះអះអាងថាគ្រប់គ្នាដឹងច្បាស់ថាការគំរាមកំហែងប្រភេទទាំងនោះរបស់កូរ៉េខាងជើងមិនមែនជារឿងកម្រមួយឡើយ ។ ក៏ប៉ុន្តែច្បាស់ណាស់យើងស្នើឱ្យបញ្ឈប់ការធ្វើសេចក្តីថ្លែងការណ៍ប្រទូស្តរា៉យទាំងនេះទៀតទៅ ។
លោកស្រីនូឡែនអំពាវនាវបែបនេះ ជាការឆ្លើយតបចំពោះការគំរាមកំហែងលើកឡើងពីសង្គ្រាមពិសិដ្ឋមួយដើម្បីការបង្រួបបង្រួមជាតិធ្វើឡើងដោយក្រសួងការបរទេសកូរ៉េខាងជើង ។ ក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងនេះនិយាយថា ប្រសិនបើឈ្មួញសង្គ្រាមអាមេរិកនិងកូរ៉េខាងត្បូងធ្វើឱ្យគ្រាប់ផ្លោងតែ១គ្រាប់ ឬគ្រាប់កាំភ្លើង១គ្រាប់ធ្លាក់លើដែនដី ឬដែនទឹកកូរ៉េខាងជើងនោះកងទ័ពនិងប្រជាជនយើងនឹងពុំទុកឱកាសមាសឱ្យរំលងផុតឡើយ ហើយនឹងធ្វើសង្គ្រាមពិសិដ្ឋមួយដើម្បីការបង្រួបបង្រួមជាតិ៕
ចែករំលែកព័តមាននេះ