ខេត្តកំពង់ចាម ៖ សំណង់អគារបេតុង១ខ្នងទំហំ១៥ម៉ែត្រគុណ២៨ម៉ែត្រមានកម្ពស់២ជាន់កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុនឯកជនក្នុងស្រុកមួយបានប្រហែល៧០ភាគរយ នៅក្នុងសាលាដំបូងខេត្ត ហើយពេលនេះត្រូវបានលោកហ៊ុន ណេង អភិបាលខេត្តអមដំណើរដោយលោកអភិបាលរងខេត្ត ព្រមទាំងមន្ត្រីសាលាខេត្តជាច្រើនរូប ចុះពិនិត្យនៅព្រឹកថ្ងៃទី២១ សីហា ២០១២ ហើយបានណែនាំដល់មេការសំណង់ប្រឹងប្រែងធ្វើយ៉ាងណាឱ្យរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ ។
លោកតេង រតនា ប្រធានសាលាដំបូងខេត្តបានមានប្រសាសន៍ឱ្យដឹងថា ដោយសារតែអគាររដ្ឋបាលនៅក្នុងសាលាដំបូងខេត្តមានការខ្វះខាតសម្រាប់បំពេញភារកិច្ចជូនប្រជាពលរដ្ឋក៏ដូចជាសង្គមជាតិទាំងមូល និងអគារខ្លះមានសភាពចាស់ទ្រុឌទ្រោមទៀតនោះ ជាពិសេសដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកហ៊ុន ណេង បានរាយការណ៍ជូនទៅថ្នាក់លើ ក៏ត្រូវបានក្រសួងយុត្តិធម៌សម្រេចផ្តល់នូវអគាររដ្ឋបាល១ខ្នងថ្មីស្រឡាង ដែលមានចំនួន២០បន្ទប់ ចាប់ផ្តើមសាងសង់តាំងពីខែកុម្ភៈ ឆ្នាំ២០១២ ដោយមានការដេញថ្លៃត្រឹមត្រូវបានទៅលើក្រុមហ៊ុនឯកជនក្នុងស្រុកមួយ រហូតមកដល់ខែសីហានេះ សំណង់សម្រេចបានប្រហែល៧០ភាគរយហើយ។ ជាមួយនោះតាមគម្រោងត្រូវចំណាយទឹកប្រាក់អស់ចំនួន២.៦៧០.០០០.០០០រៀល ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ