រាជធានីភ្នំពេញ ៖ ក្រុមកីឡាការិនីជម្រើសជាតិផ្នែកកាយសម្ព័ន្ធកម្ពុជា បានធ្វើសំណូមពររួមគ្នាមួយដល់មហាជនគ្រប់មជ្ឈដ្ឋាន សូមចូលរួមលើកស្ទួយវិស័យកីឡាឱ្យបានផុសផុលមិនថា តែផ្នែកកាយសម្ព័ន្ធមួយទេ ពោលគឺគ្រប់វិញ្ញាសាទាំងអស់ដើម្បីផ្តល់ជាកម្លាំងចិត្តដល់អ្នកដែលប្រឡូកផ្នែកនេះ ។ ក្រៅពីបង្ហាញឆន្ទៈរួមគ្នាក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជា កីឡាការិនីវ័យក្មេងទាំងនោះបានប្តេជ្ញាថា ពួកគេនឹងខិតខំស្វែងរកវិធីសាស្ត្រថ្មីៗបន្ថែមទៀតដើម្បីរក្សាកេរ្តិ៍ឈ្មោះជាក្រុមជម្រើសជាតិផ្នែកកីឡានេះឱ្យបានគង់វង្សសម្រាប់ចែកបទពិសោធន៍ដល់អ្នកជំនាន់ក្រោយ ។
កីឡាការិនីផ្នែកកាយសម្ព័ន្ធវ័យក្មេងពីររូបដែលអាចវិវត្តខ្លួនចូលក្រុមជម្រើសជាតិតំណាងឱ្យប្រទេសជាតិ ហើយសុទ្ធតែមានសមត្ថភាពរកបានមេដាយជូនជាតិនាពេលចេញប្រកួតនៅក្រៅស្រុកកន្លងមក បានបង្ហាញពីបទពិសោធន៍សម្រាប់ចែកជូនដល់អ្នកស្នេហាវិស័យកីឡា ពិសេសបណ្តាយុវវ័យមួយចំនួនដែលភ្លេចខ្លួនដើរផ្លូវខុសឱ្យបង្វែរស្មារតីយកវ័យកំពុងសិក្សាប្រព្រឹត្តអ្វីដែលល្អ សង្គមឱ្យតម្លៃដូចជាវិស័យកីឡាជាដើម ។
កញ្ញាសោ សុខគីម អាយុ១៧ឆ្នាំ ដែលមានប្រភពមកពីខេត្តតាកែវ ជាកីឡាការិនីជម្រើសជាតិមួយរូបប្រចាំសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានថ្លែងនៅចំពោះមុខភ្នាក់ងារសារព័ត៌មានកោះសន្តិភាព កាលពីរសៀលម្សិលមិញពេលកំពុងហ្វឹកហាត់ទាំងទឹកមុខរួសរាយថា «នាងបានចូលមកហាត់រៀនផ្នែកកីឡាកាយសម្ព័ន្ធនេះតាំងពីអាយុ១១ឆ្នាំ ។ មូលហេតុដែលនាងបានដាក់ចិត្តមកចូលរួមហ្វឹកហាត់កីឡាកាយសម្ព័ន្ធនេះ គឺមកពីឃើញរៀមច្បងមួយចំនួនគាត់លេងល្អគួរឱ្យចូលចិត្ត ហើយពួកគាត់មានសមត្ថភាពកសាងស្នាដៃជូនជាតិធ្វើឱ្យមានគេស្គាល់ ច្រើន ទើបនាងសម្រេចចិត្តចូលខ្លួនបន្តវេនពីពួកគាត់ឱ្យកាន់តែល្បីឈ្មោះក្នុងពិភពកីឡា» ។ កីឡាការិនីជម្រើសជាតិរូបនេះថ្លែងបែបត្អូញត្អែរខ្លះថា នាងមានការងឿងឆ្ងល់យ៉ាងខ្លាំងតាំងពីនាងចូលហាត់មកមិនសូវមានយុវតីយើងចូលមកហាត់រៀនយកជំនាញកាយសម្ព័ន្ធនេះប៉ុន្មានទេ គឺមានតែ៤ទៅ៥នាក់ប៉ុណ្ណោះ ។
ដូច្នេះនាងសូមអំពាវនាវដល់យុវវ័យយើងគួរតែពិចារណាឡើងវិញចំពោះការចូលរួមហ្វឹកហាត់កីឡានេះ ព្រោះមានតែអ្នកជំនាន់ក្រោយទេដែលជាទំពាំងស្នងឫស្សី។ សុខគីម ឱ្យដឹងទៀតថា ដោយការខិតខំហាត់រៀននាងបានក្លាយជាកីឡាការិនីជម្រើសជាតិនៅឆ្នាំ២០០៧ និងធ្លាប់ចេញទៅប្រកួតនៅប្រទេសក្រៅមួយចំនួនដែរដូចជាឆ្នាំ២០០៨ បានចេញទៅប្រទេសវៀតណាម៤លើក ដោយក្រុមរបស់នាងសុទ្ធតែបានទទួលមេដាយជូនជាតិមានតាំងពីមេដាយរួមក្រុមក៏មាន មេដាយឯកត្តជនក៏មាន ។ ឆ្នាំ២០០៩ ចេញទៅប្រទេសថៃក្នុងកម្មវិធី «The First Asean Aerobie Gymnastic Championship» ដែលមាន១០ប្រទេសចូលរួមហើយពេលនោះទទួលបានមេដាយសំរឹទ្ធិក្នុងការសម្តែងជាក្រុមមានគ្នា៣នាក់ ។
ឆ្លើយតបនឹងសំណួរសួរថា តើធ្វើដូចម្តេចដើម្បីក្លាយជាកីឡាករល្អធ្វើឱ្យមជ្ឈដ្ឋានទូទៅទទួលស្គាល់? សោ សុខគីម បានបញ្ជាក់ថា សម្រាប់នាងកីឡាករល្អត្រូវចេះស្វែងយល់តិចនិកពីកីឡាករជើងខ្លាំងផ្សេងៗដើម្បីអភិវឌ្ឍន៍ខ្លួន និងចេះគោរពវិន័យខិតខំស្រាវជ្រាវឯកសារពាក់ព័ន្ធនឹងកីឡារបស់ខ្លួន ។ វិធីនេះហើយដែលនាងគិតថាជាផ្លូវជោគជ័យ ម៉្យាងទៀតក្រុមរបស់នាងពេលបានចេញទៅប្រកួតក្រៅស្រុកម្តងៗទាំងគ្រូទាំងមិត្តរួមក្រុមឧស្សាហ៍យកម៉ាស៊ីនថតទៅតាមដើម្បីថតពីបច្ចេកទេសប្រកួតរបស់កីឡាករសាសន៍គេដែលខ្លាំងជាងយកមកដកស្រង់ទុកជាមេរៀនដើម្បីអភិវឌ្ឍន៍ខ្លួននៅថ្ងៃក្រោយ ។
ដូចគ្នានេះដែរ កីឡាការិនីផាត សុភ័ក្រ អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យបាក់ទូក និងក៏ជាកីឡាការិនីជម្រើសជាតិម្នាក់ដែរនោះ បានបង្ហាញចំណាប់អារម្មណ៍ថា «ពីដំបូងនាងអត់ចង់ហាត់ទេ ដោយសារតែខ្លាចឈឺខ្លួន ព្រោះកីឡាកាយសម្ព័ន្ធនេះតម្រូវឱ្យពត់ពេនដងខ្លួនទៅមុខទៅក្រោយហក់លោតលំបាកណាស់ ។ អីុចឹងហើយទើបមុនពេលក្លាយជាកីឡាការិនីជម្រើសជាតិនាងចង់ដកថយទៅវិញដែរ តែបានគ្រូជួយលើកទឹកចិត្ត និងមិត្តរួមក្រុមពន្យល់ច្រើនទើបយល់ពីតម្លៃនៃកីឡាច្បាស់ ហើយបានតាំងចិត្តតស៊ូហ្វឹកហាត់ទៀតទោះមានការលំបាកប៉ុនណា ក៏ត្រូវតែប្តូរផ្តាច់ដើម្បីខ្លួនយើង និងអ្នកនៅជុំវិញខ្លួន»។ សុភ័ក្រ អះអាងបន្ថែមថា នាងពិតជាមានមោទនភាពណាស់ដែលបានក្លាយជាកីឡាការិនីជម្រើសជាតិសម្រាប់តំណាងប្រទេស ទោះជាកីឡានៅស្រុកយើងមានកម្រិតនៅឡើយ ប៉ុន្តែពេលនេះរដ្ឋាភិបាលមានការជំរុញលើកទឹកចិត្តណាស់ ។ ដូច្នេះនាងនឹងខំតស៊ូពង្រឹងសមត្ថភាពឱ្យកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃដើម្បីស្វែងរកកិត្តិយសជូនជាតិនៅលើឆាកអន្តរជាតិសមជាទំពាងស្នងឫស្សី ។
ដោយឡែក លោកណយ ផាន់ណា គ្រូបង្វឹកកីឡាកាយសម្ព័ន្ធ បានបញ្ជាក់ផងដែរថា បណ្តាកីឡាករ កីឡាការិនី ដែលជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិប្រចាំសហព័ន្ធ ទោះជាមិនមានគម្រោងចេញទៅប្រកួតនៅក្រៅស្រុក ឬក្នុងស្រុកមួយរយៈនេះមែន តែលោកមិនដែលឱ្យពួកគេនៅស្ងៀមទំនេរទេ តែងតែដាក់កាលវិភាគឱ្យមកហ្វឹកហាត់បន្ថែមជានិច្ច ។ លោកបន្ថែមថា អ្នកកីឡាដែលខ្លាំងទាល់តែចេះបំប៉នសមត្ថភាពបន្ថែមអត់អាចធ្វេសប្រហែសបានទេ បើមិនដូច្នេះដើរមិនទាន់គេទេ ៕


ចែករំលែកព័តមាននេះ