រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២០ សីហា នៅពហុកីឡដ្ឋានជាតិ មានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយរវាងលោកឧត្តមសេនីយ៍ទោ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា និងលោកមៀម ស៊ីសារ៉ា ប្រធានសហព័ន្ធក្បាច់គុនបុរាណខ្មែរប្រចាំប្រទេសបារាំង ក្រោមអធិបតីភាពលោកប៊ុន សុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ។
លោកមៀម ស៊ីសារ៉ា ប្រធានសហព័ន្ធក្បាច់គុនបុរាណខ្មែរ ប្រចាំប្រទេសបារាំង បានឱ្យដឹងថា នេះគឺជាលើកទី២ហើយដែលសហព័ន្ធទាំង២បានឯកភាពគ្នាក្នុងការចុះហត្ថលេខាលើអនុស្សរណៈនេះ បន្ទាប់ពីបានធ្វើឡើងកាលពីឆ្នាំ២០១០ ម្តងរួចមកហើយនោះ ។ ទាំងការចុះហត្ថលេខាលើកទី១ និងលើកទី២ម្តងទៀតនេះ គឺ ក្នុងគោលបំណងទទួលយកប្រតិភូសហព័ន្ធកីឡាប្រដាល់កម្ពុជាទៅធ្វើការបណ្តុះបណ្តាលទាំងក្បាច់កីឡាប្រដាល់ ទាំងកីឡាករ និងការបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម នៅប្រទេសបារាំង ហើយខាងសហព័ន្ធក្បាច់គុនបុរាណខ្មែរនៅបារាំងនឹងបញ្ជូនកីឡាករមកប្រកួតនៅកម្ពុជា ។
លោកបានបន្តឱ្យដឹងទៀតថា កន្លងមក នៅប្រទេសបារាំងគេស្គាល់តែក្បាច់គុនមួយថៃប៉ុណ្ណោះ ប៉ុន្តែក្រោយពីបានចុះអនុស្សរណៈកាលពីថ្ងៃទី២៣ តុលា ឆ្នាំ២០១០ រួចមក សហព័ន្ធក្បាច់គុនបុរាណខ្មែរនៅប្រទេសបារាំងបានបង្កើតឡើង ហើយពេលនេះយើងបានអូសទាញកីឡាករ កីឡាការិនីគ្រប់វ័យចូលហ្វឹកហាត់បានជាង២.០០០នាក់ហើយ ។ អ្វីដែលធ្វើឱ្យយើងកាន់តែមានមោទនភាពថែមទៀតនោះ គឺយើងបានអូសទាញកីឡាករ កីឡាការិនីដែលគេធ្លាប់តែហាត់ប្រដាល់មួយថៃនោះឱ្យចូលមកហាត់នៅក្នុងក្លិបរបស់យើងវិញ ។
លោកប៊ុន សុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនូវការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់សកម្មភាពរបស់សហព័ន្ធក្បាច់គុនបុរាណខ្មែរនៅប្រទេសបារាំងដែលកាន់តែមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសបានធ្វើឱ្យអន្តរជាតិស្គាល់ច្បាស់ពីក្បាច់គុនបុរាណខ្មែរ ។ លោកសង្ឃឹមថា ក្បាច់គុនបុរាណខ្មែរនឹងមានការទទួលស្គាល់នៅលើឆាកអន្តរជាតិមិនខាន ៕
ចែករំលែកព័តមាននេះ