រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាជ្រើសរើសជើងឯកភូមិភាគដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡំាពិក សម្រាប់ថ្ងៃទី២១សីហានេះ នៅភូមិភាគរាជធានីភ្នំពេញបានបញ្ចប់វិញ្ញាសាដើរផ្នែកបុរសចម្ងាយ១០គីឡូម៉ែត្រ និងដើរនារីចម្ងាយ៥គីឡូម៉ែត្រហើយ។
វិញ្ញាសាដើរចម្ងាយ៥គីឡូម៉ែត្រផ្នែកនារីចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនីចាន់ សារ៉េត មកពីសមាគមក្រសួងមហាផ្ទៃដើរក្នុងថេរវេលា៣៧នាទី៩ វិនាទី ។ ចំណាត់ថ្នាក់លេខ២ កីឡាការិនីម៉ៅ ស៊ីណាក់ មកពីសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ដើរក្នុងថេរវេលា៣៩នាទី៥៧វិនាទី និង ចំណាត់ថ្នាក់លេខ៣ កីឡាការិនីហោ ចាន់នី មកពីក្រសួងការពារជាតិ ដើរក្នុងថេរវេលា៤០នាទី១០វិនាទី ។
វិញ្ញាសាដើរ១០គីឡូម៉ែត្រផ្នែកបុរសចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករសាត សំអឿន មកពីសមាគមក្រសួងមហាផ្ទៃដើរក្នុងថេរវេលា៥៧នាទី៣១វិនាទី ។ ចំណាត់ថ្នាក់លេខ២ កីឡាករ សូរ វ៉ាន់ថា មកពីក្រសួងការពារជាតិដើរក្នុងថេរវេលា១ម៉ោង៥នាទី និងចំណាត់ថ្នាក់លេខ ៣ កីឡាករ ថៃ សុគន្ធា មកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដើរក្នុងថេរវេលា១ម៉ោង ១០នាទី ។
ចំណែកភូមិភាគខេត្តកណ្ដាលវិញក៏បានប្រកួតបញ្ចប់វិញ្ញាសាលោតកំពស់ ផ្នែកបុរស-នារី នៅថ្ងៃទី ២១សីហានេះដែរ ។
វិញ្ញាសាលោតកំពស់ ផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី ស្វាយ លីដា មកពីខេត្តស្វាយរៀង លោតបានកំពស់ ១,២៨ម៉ែត្រ។ ចំណាត់ថ្នាក់លេខ២ កីឡាការិនីភិរម្យ ជំនះ មកពីខេត្តកណ្ដាល លោតបានកំពស់១,២៤ម៉ែត្រនិងចំណាត់ថ្នាក់លេខ៣ កីឡាការិនីយៀក រតនៈ ខេត្តកំពង់ឆ្នាំង លោតបានកំពស់១,២៤ម៉ែត្រដែរ ។ វិញ្ញាសាលោតកំពស់ផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ ប្រុស ពន្លក មកពីខេត្តកណ្ដាល លោតបានកំពស់១,៦២ ម៉ែត្រ ។ ចំណាត់ថ្នាក់លេខ២ កីឡាករប៉ុល ចាន់សុភ័ក្ត្រ មកពីខេត្តកំពង់ធំ លោតបានកំពស់១,៥២ម៉ែត្រ និងចំណាត់ថ្នាក់លេខ៣ កីឡាករសាន ឈុនយី មកពីខេត្តព្រៃវែងលោតបានកំពស់ ១,៤៩ម៉ែត្រ ។
សូមបញ្ចាក់ថា ការប្រកួតកីឡាភូមិភាគបានចាប់ផ្តើមតាំងពីថ្ងៃទី១៥ សីហា ហើយនឹងបិទបញ្ចប់នៅថ្ងៃទី២៤ សីហា ឆ្នាំ២០១២ខាងមុខនេះ។សម្រាប់ការប្រកួតគឺចែកចេញជា៥ គឺភូមិភាគបន្ទាយមានជ័យមាន (ពោធិ៍សាត់, បាត់ដំបង,សៀមរាប,ឧត្តរមានជ័យ,ប៉ៃលិន,និងបន្ទាយមានជ័យ) ភូមិភាគកណ្តាលមាន (ព្រៃវែង,កំពង់ធំ,កំពង់ឆ្នំាង,ស្វាយរៀង,កំពង់ចាម និងកណ្តាល) ភូមិភាគរតនគីរីមាន(ក្រចេះ,ស្ទឹងត្រែង, មណ្ឌលគីរី,ព្រះវិហារ,និងរតនគីរី) ភូមិភាគកំពតមាន (កែប, កំពង់ស្ពឺ, តាកែវ, ព្រះសីហនុ, កោះកុង និងកំពត) ភូមិភាគភ្នំពេញ (ក្រសួង,មន្ទីរ,ស្ថាប័នផ្សេងៗជាច្រើនទៀត ៕


ចែករំលែកព័តមាននេះ