រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញសហការជាមួយប្រជាពលរដ្ឋបានចាប់ឃាត់ខ្លួនបុរស៣នាក់ និងម៉ូតូមួយគ្រឿងម៉ាកហ្វ៊ីណូកាលពីវេលាម៉ោង៦ និង៥នាទីល្ងាច ថ្ងៃទី២១ សីហា ២០១២ នៅប្លុកបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីជននោះធ្វើសកម្មភាពលួចយកម៉ូតូបានរយៈពេលជាង៤ម៉ោងនៅខណ្ឌប្ញស្សីកែវ ។
មន្ត្រីកងរាជអាវុធហត្ថខណ្ឌដូនពេញបាននិយាយថា យោងតាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះអោម ចាន់ចរិយា ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២២២ សង្កាត់ទឹកល្អក់៣ ខណ្ឌដូនពេញ ឱ្យសមត្ថកិច្ចដឹងថា នៅថ្ងៃទី២១ សីហា ២០១២ វេលាម៉ោង៨ និង៣០នាទីព្រឹក រូបនាងបានជិះម៉ូតូម៉ាកហ្វ៊ីណូ ពណ៌សលាយខ្មៅមួយគ្រឿង ចេញពីផ្ទះទៅមើលបងថ្លៃឈឺនៅផ្ទះលេខ៦៣AEo ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ពេលមកដល់ផ្ទះបងថ្លៃ រូបនាងបានចតម៉ូតូនៅខាងមុខផ្ទះ ។
លុះដល់ម៉ោង២ និង៥នាទីរសៀលថ្ងៃដដែល នាងក៏ចេញមកមើលម៉ូតូឃើញនៅមុខផ្ទះ ខណៈពេលនោះបងថ្លៃមានអាការៈឈឺធ្ងន់ធ្ងរនាំគ្នារវល់តែរៀបចំបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។ បន្ទាប់ពីបញ្ជូនបងថ្លៃទៅមន្ទីរពេទ្យរូបនាងបានដើរចេញមកមើលម៉ូតូ ដើម្បីធ្វើដំណើរទៅផ្ទះរបស់នាងវិញ ស្រាប់តែបាត់ម៉ូតូ រួចនាងក៏ដាក់ពាក្យបណ្តឹងទៅនគរបាលប៉ុស្តិ៍រដ្ឋបាលប្ញស្សីកែវ ។
មន្ត្រីកងរាជអាវុធហត្ថដដែលបាននិយាយបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានការបាត់ម៉ូតូ និងភិនភាគម៉ូតូនៅចំណុចខាងលើ កងរាជអាវុធហត្ថខណ្ឌដូនពេញធ្វើការផ្សព្វផ្សាយ ហើយដាក់កម្លាំងឃ្លាំមើលមុខសញ្ញារហូតបង្ក្រាបបាន ៕
ចែករំលែកព័តមាននេះ