យោងតាមសេចក្តីរាយការណ៍មួយ កាលពីថ្ងៃទី២១ សីហា ថា អ.ស.ប នឹងបញ្ចេញប្រាក់១,០៥លានដុល្លារ ក្រោមរូបភាពជាជំនួយបន្ទាន់ក្រោយទឹកជំនន់ ដែលរាតត្បាតកូរ៉េខាងជើងនាពេលថ្មីៗនេះ ។មូលនិធិកណ្តាលសម្រាប់អន្តរាគមន៍បន្ទាន់ CERF របស់អ.ស.ប បានធ្វើការសម្រេចចិត្តនោះកាលពីថ្ងៃទី១៦ សីហា កន្លងមក ជួយប្រទេសកុំមុយនីស្តនេះ ក្រោយការចេញផ្សាយរបាយការណ៍នានារៀបរាប់ពីការបំផ្លាញធ្ងន់ធ្ងរ ដោយសារទឹកជំនន់នៅកូរ៉េខាងជើង ។
ទឹកប្រាក់នេះ នឹងបញ្ជូនឱ្យដល់អង្គការកម្មវិធីស្បៀងអាហារពិភពលោក PAM និងអង្គការយូនីសេហ្វ ដើម្បីបញ្ជូនជំនួយស្បៀងឱ្យដល់បណ្តានារី និងកុមារ ដែលរងគ្រោះដោយទឹកជំនន់ និងដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតដល់ពួកគេ។ ក្រុងព្យុងយ៉ាងគូសបញ្ជាក់កាលពីដើមខែនេះ ថា សរុបមនុស្ស១៦៩នាក់ស្លាប់ ហើយ៤០០នាក់ទៀត បាត់ខ្លួនដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង ក្នុងផ្នែកមួយធំរបស់ប្រទេសចាប់ពីដំណាច់ខែមិថុនា រហូតដល់ប៉ុន្មានសបា្តហ៍មុននេះ ។ ម៉ាស៊ីនឃោសនាផ្លូវការកូរ៉េខាងជើងរៀបរាប់ថា មនុស្សជិត២១២.២០០នាក់ បាត់បង់ជម្រក ។
ក្រៅពីទឹកជំនន់កូរ៉េខាងជើងនៅរងគ្រោះដោយគ្រោះរាំងស្ងួតទៀត ញ៉ាំងឱ្យប្រទេសនោះបាត់បង់ផលកសិកម្មចំនួន៧០០.០០០តោននាឆ្នាំនេះ ។លោក KWON TAE-JIN អ្នកស្រាវជ្រាវនៃវិទ្យាស្ថានសេដ្ឋកិច្ចកូរ៉េខាងត្បូងមួយនិយាយថា ដោយសារគ្រោះរាំងស្ងួតពីខែឧសភា ទៅខែមិថុនា ទំហំនៃការប្រមូលផលស្រូវសាលី ដំឡូងបារាំង និងORGE នឹងមានការថយចុះជិត២០០.០០០តោន នាឆ្នាំនេះ ។ ទាក់ទិនដល់ពោត ស្រូវ និងសណ្តែកជាស្បៀងមូលដ្ឋានរបស់ប្រជាជនកូរ៉េខាងជើង ការប្រមូលផលអាចធ្លាក់ចុះ៤០០.០០០តោនបន្ថែមពីលើការចុះថយ ផលិតផលគ្រាប់ធញ្ញជាតិឯទៀតៗ១០០.០០០តោន ៕
ចែករំលែកព័តមាននេះ