ខេត្តពោធិ៍សាត់ ៖ ស្ទាវឡើង.កម្នាក់ចេញពីផឹកស៊ីដើរទៅផ្ទះឃើញប្រពន្ធគេកំពុងដេកលក់ស្លៀកសារុងខើចលើខើចក្រោម ក្រោមពន្លឺអំពូលភ្លើងផ្ទុះអារម្មណ៍ផ្លូវភេទក៏លូនចូលតាមប្រហោងជញ្ជាំងបិទភ្លើង ទៅដេកអោបថើប និងសើយសារុងបម្រុងរំលោភ តែត្រូវស្ត្រីរូបនោះប្លែកដៃក៏សួរនាំ លុះដឹងថា មិនមែនប្តីរបស់ខ្លួនក៏ស្រែកឆោឡោឡើងប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តង ។ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៧ សីហា ២០១២ នៅភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ។
លោកអនុសេនីយ៍ទោ ប៊ុន រឿន នាយប៉ុស្តិ៍រដ្ឋបាលត្រពាំងជង ឱ្យដឹងថា ស្ទាវឡើង.កដែលជាប់ចោទនោះ ឈ្មោះប៊ិន ថា អាយុ២០ឆ្នាំ ឯស្ត្រីរងគ្រោះអាយុ២៨ឆ្នាំ មានប្តី និងកូន៣នាក់ រស់នៅភូមិ-ឃុំជាមួយគ្នា ។ ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១៨ សីហា ២០១២ តាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ ហើយបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត កាលពីរសៀលថ្ងៃទី២០ សីហា ។
ស្ត្រីរងគ្រោះរៀបរាប់ថា នៅយប់កើតហេតុប្តីរបស់នាងបានទៅមើលទូរទស្សន៍នៅផ្ទះអ្នកជិតខាង ឯខ្លួននិងកូន៣នាក់ដេកក្នុងមុងបើកភ្លើងបំភ្លឺ។ ខណៈពេលកំពុងតែដេកលក់ ស្រាប់តែមានគេមកអោបពីក្រោយសើយសារុង លុះពេលនាងភ្ញាក់ស្រាប់តែងងឹតឈឹង ។ ដោយសារតែប្លែកដៃ និងប្លែកសកម្មភាពផងនោះ នាងក៏សួរថា អ្នកណាគេហ្នឹង? លុះដឹងថា មិនមែនប្តីរបស់ខ្លួនក៏ស្រែកឱ្យអ្នកភូមិជួយ ឃើញដូច្នេះជននោះក៏ហក់រត់បាត់ទៅ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ