រាជធានីភ្នំពេញ ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អរវាងទូរទស្សន៍ខេត្តក្វាងស៊ី ប្រទេសចិន និងទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី២១ សីហា ២០១២ នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការ «សប្តាហ៍ទូរទស្សន៍ខេត្តក្វាងស៊ី និងទូរទស្សន៍ជាតិកម្ពុជា» ក្រោមអធិបតីភាពលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស៊ីន ប៉ៃហៃ រដ្ឋមន្ត្រីព័ត៌មានខេត្តក្វាងស៊ី លោកចូវ វុនលី អគ្គនាយកទូរទស្សន៍ខេត្តក្វាងស៊ី លោកផាន ក្វាងស៊ៀ ឯកអគ្ករដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាច្រើនក៏បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ ។
សប្តាហ៍ទូរទស្សន៍ខេត្តក្វាងស៊ី និងទូរទស្សន៍ជាតិកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជាលើកនេះ គឺមានគោលបំណងធ្វើឱ្យមិត្តភាពនៃប្រជាជនប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងពង្រឹងលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យថែមទៀត រវាងខេត្តក្វាងស៊ី និងប្រទេសកម្ពុជា ដោយធ្វើការផ្សព្វផ្សាយបន្តផ្ទាល់នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុចា ។
លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមានប្រសាសន៍ថា ខ្ញុំសូមចូលរួមសម្តែងការអបអរសាទរចំពោះការបើកសម្ពោធជាផ្លូវការនូវកម្មវិធីសប្តាហ៍ទូរទស្សន៍ តំបន់ស្វយ័តក្វាងស៊ី និងទូរទស្សន៍ជាតិកម្ពុជា ។ ក្នុងឱកាសនេះខ្ញុំសូមសម្តែងការកោតសរសើរចំពោះលោកស៊ិន ប៉ៃហៃ រដ្ឋមន្ត្រីព័ត៌មានតំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិនដែលបានតែខំប្រឹងប្រែង និងសហការជាមួយទូរទស្សន៍ជាតិកម្ពុជាក្នុងការបង្កើតឱ្យមានឡើងសប្តាហ៍ទូរទស្សន៍ក្វាងស៊ី និងទូរទស្សន៍ជាតិកម្ពុជានេះ ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាពរវាងប្រជាជនយើងទាំងពីរទៀតកាន់តែជិតស្និទ្ធថែមទៀត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕





ចែករំលែកព័តមាននេះ