ទីភ្នាក់ងារព័ត៌មានដឹសាន់ ផ្សាយថា កីឡាកររ៉ូប៊ីន វ៉ានពើស៊ី ខ្សែប្រយុទ្ធក្លិប Man Utd បាននាំប្រពន្ធដើររកទិញលំនៅឋានថ្មី ក្រោយចាកចេញពីទីក្រុងឡុង នៅក្រុងមេនឆេស្ទ័រ ប្រទេសអង់គ្លេស ។ កីឡាករវ៉ានពើស៊ី ដែលបានចេញពីក្លិប Arsenal ក្នុងតម្លៃខ្លួនជាង២០លានផោន កាលពីពេលថ្មីៗកន្លងមក ចាំបាច់ត្រូវព្យាយាមឱ្យអស់លទ្ធភាពក្នុងចំណោមកីឡាករ១១នាក់ដំបូងរបស់ក្លិប Man Utd នៅក្នុងការប្រកួតក្របខណ្ឌប្រឺមីញេលីករដូវកាលថ្មី ២០១២-២០១៣ ។
នៅក្នុងរូបភាពដែលបង្ហាញនេះ កីឡាកររូ៉ប៊ីន វ៉ានពើស៊ី និងប្រពន្ធកំពុងតាមរកលំនៅឋានថ្មីតាមបណ្តោយផ្លូវជាមួយលោកអាឡិច ហ្វើគូសុន គ្រូបង្វឹកក្លិប Man Utd នៅក្នុងតំបន់ឆេសៀ ប៉ុន្តែនៅមិនទាន់មានការសម្រេចចិត្តនៅឡើយ ។កីឡាករវ៉ានពើស៊ី ម្ចាស់ប្រាក់ឈ្នួល២០០.០០០ផោន ក្នុងមួយសប្តាហ៍ ក្រោយពីចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៤ឆ្នាំនៅក្នុងទឹកដីអូលត្រេហ្វហ្វត បានតុបតែងកាយយ៉ាងសង្ហា ដោយពាក់អាវលឿង រួមទាំងប្រើទូរស័ព្ទថតរូបភាពផ្ទះដែលស្ថិតក្នុងចំណាប់អារម្មណ៍របស់ខ្លួនទៀតផង ។
វ៉ានពើស៊ី នៅមានពេលវេលាតិចតួច ព្រោះការផ្លាស់ក្លិបហាក់ដូចជាលឿនពេក និងត្រូវធ្វើការហ្វឹកហាត់ជាមួយមិត្តរួមក្លិប Man Utd នៅទីលានហាត់សមឃែរីងតុន ខណៈពេលនាងប៊ូចឆារ៉ា ជាប្រពន្ធក៏មានចំណាប់អារម្មណ៍លើភូមិគ្រឹះតម្លៃ៤,២លានផោន នៅក្បែរភូមិគ្រឹះរបស់កីឡាករវេន រូនី ខ្សែប្រយុទ្ធរួមក្លិបផងដែរ ៕



ចែករំលែកព័តមាននេះ