ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​អង្គ​ភាព​រដ្ឋ​មួយ​ចំនួន​​បើក​ទ្វារ​​ធ្វើ​ការ​តែកន្លះ​ថ្ងៃ ដោយ​សារ​បញ្ហា​កន្លែង​​ធ្វើ​ការ​នៅ​ឆ្ងាយ​

13 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅ​ចន្លោះ​ម៉ោង​ប្រមាណ​ជា​២​ទៅ​ដល់​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៥ សីហា ២០១២ កន្លង​ទៅ ខណៈ​ឆ្លងកាត់​បូ​រី​រដ្ឋបាល​ខេត្ដ​​​ដែល​ទទួល​ម៉ៅ​ការ​សាងសង់​ដោយ​ក្រុមហ៊ុន “G&R” ដែល​គេ​ជឿ​ជាក់​ថា​ មាន​ទំនាក់ទំនង​ជាមួយ​មន្ដ្រី​មាន​អំណាច គេ​ឃើញ​ទ្វារ​មន្ទីរ​រដ្ឋ​យ៉ាងតិច​ពីរ​អង្គភាព រួម​មាន​មន្ទីរ​ទំនាក់ទំនង​ព្រឹទ្ធសភា​រដ្ឋសភា​ និង​អធិការកិច្ច​ខេត្ដ និង​មន្ទីរ​ឧស្សាហ៍កម្ម​រ៉ែ និង​ថាមពល​ត្រូវ​បាន​គេ​ចាក់សោ​ជាប់​ពី​ខាងក្រៅ​។ ចំណែក​អង្គភាព​រដ្ឋ​ផ្សេង​ៗ​ទៀត ដោយ​បូក​បញ្ចូល​ទាំង​សាលាខេត្ដ​​ផង​ដែរ​នោះ បើ​មើល​ពី​ខាងក្រៅ​កំពុង​ ស្ថិត​ក្នុង​ស​ភាព​ស្ងៀមស្ងាត់ គឺ​ឃើញ​មាន តែ​ម៉ូតូ និង​ឡាន​មិន​លើស​ពី​២​គ្រឿង​ចត​នៅ​ពីមុខ​អគារ​រដ្ឋបាល​នីមួយ​ៗ​តែ​ប៉ុណ្ណោះ​។ ​ទិដ្ឋភាព​ស្ងៀមស្ងាត់​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​មន្ដ្រី​បំរើ​ការ​នៅ​តាម​មន្ទីរ​រដ្ឋ​នានា​បាន​ខកខាន​ធ្វើ​ការងារ​រដ្ឋ​ឱ្យ​គ្រប់​ម៉ោង ។

សភាព​ស្ងៀមស្ងាត់​កន្លែងធ្វើការ​ងារ​រដ្ឋ​ទាំងនោះ​ត្រូវ​បាន​មន្ដ្រី​មួយ​រូប​បំរើ​ការ​នៅ​ក្នុង​មន្ទីរ​មួយ​ក្នុង​ចំណោម​មន្ទីរ​អង្គភាព​រដ្ឋ​សរុប​ចំនួន​២៧ ដែល​ត្រូវ​បាន​ផ្លាស់​មក​កាន់​ទីតាំង​បូ​រី​រដ្ឋបាល​នោះ​​បង្ហើប​ឱ្យ​ដឹង​ថា​ រឿង​នេះ ​កើត​មាន​រាប់​ខែ​មក​​ហើយ​ចាប់តាំងពី​គេ​មានការ​ផ្លាស់​ប្ដូ​រ​ទីតាំង​អង្គ​ភាព​រដ្ឋ​ទាំង​អស់ពី​ទីប្រជុំជន​មក​ដាក់​នៅ​ក្នុង​បូ​រី​រដ្ឋបាល​នេះ​រហូត​មក។ មន្ដ្រី​ដដែល​​បន្ថែម​ថា អង្គភាព​រដ្ឋ​ស្ទើរ​ទាំងអស់​បាន​បើកទ្វារ​ធ្វើការ​តែ​ពេល​ព្រឹក​ប៉ុណ្ណោះ ចំណែក​ពេល​រសៀល​ត្រូវ​បង្ខំចិត្ដ​បិទទ្វារ ដោយ​សារកន្លែងធ្វើការ​ថ្មី «​បូ​រី​រដ្ឋបាល» ​ហ្នឹង​វា​ឆ្ងាយ​ពី​ទីប្រជុំជន​ គ្មាន​លទ្ធ​ភាព​ចំណាយ​ទៅ​លើ​ថ្លៃ​សាំង​ម៉ូតូ ឡាន មក​ធ្វើការ​ទាំង​ព្រឹក​ទាំង​ល្ងា​ចនោះ​ទេ​។

ប្រភព​បន្ដ​ទៀត​ថា ទីតាំង​ថ្មី​នោះ​វា​មាន​ចំងាយ​រហូត​ដល់​ជាង​២០​គីឡូម៉ែត្រ ពី​ក្រុង​សៀមរាប បើ​គេ​ទៅ​ធ្វើការ​ទាំង​ព្រឹក ទាំង​ល្ងាច​ត្រូវការ​ជិះ​ម៉ូតូ ឬ​រថយន្ដ​ចំនួន​៤​​ត្រឡប់​ក្នុង​មួយ​ថ្ងៃ​ៗ​ដែល​​ចំងាយ​សរុប​រហូត​ដល់​ជិត​១០០​គីឡូម៉ែត្រ​ឯណោះ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕