រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២០ សីហា សាលាឧទ្ទរណ៍បានបញ្ចប់សវនាការជំនុំជម្រះ លើសំណុំរឿងប្តីប្រពន្ធជាគ្រូបង្រៀន និងស្ត្រីវ័យចំណាស់ម្នាក់ពីបទលក់-ដូរមនុស្សដោយមានគោលដៅ (ស្មុំកូន) និងធ្វើទារុណកម្មលើកុមារ បណ្តាលឱ្យរបួសស្នាមដោយចេតនា ។
បទល្មើសនេះបានប្រព្រឹត្តទៅនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី១៦ តុលា ២០០៩ ។ ក្រោយពីបញ្ចប់សវនាការប្រធានក្រុមប្រឹក្សាបានប្រកាសជាសាធារណៈថា សាលក្រមសំណុំរឿងនេះ នឹងត្រូវបានប្រកាសផ្តន្ទាទោសលើជនជាប់ចោទនៅថ្ងៃទី៧ កញ្ញា ខាងមុខនេះ ។
អង្គសវនាការនោះ មានលោកប៉ុល សំអឿន ប្រធានក្រុមប្រឹក្សា និងចៅក្រមអមពីររូបទៀត ព្រមទាំងតំណាងមហាអយ្យការមានលោកង៉ែត សារ៉ាត់ ព្រះរាជអាជ្ញាអមសាលាឧទ្ទរណ៍ ។ ចំពោះមុខមេធាវី គឺលោកអឺុម ម៉ាច ដែលការពារក្តីឱ្យជនជាប់ចោទ ១-ឈ្មោះវ៉ា សាវឿន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរមុនចាប់ខ្លួនជាមន្ត្រីក្រសួងអប់រំចូលនិវត្តន៍ ស្នាក់នៅផ្ទះលេខ១៧១ ផ្លូវលំ ភូមិគោកឃ្លោង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ២-ឈ្មោះមាស ណារី ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមុនចាប់ខ្លួនជាគ្រូបង្រៀន និងជាប្រពន្ធលោកវ៉ា សាវឿន និង៣-ឈ្មោះថឹង រ៉េត ភេទស្រី អាយុ៦២ឆ្នាំ មានស្រុកកំណើតនៅភូមិប្រមាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួលភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
គួរបញ្ជាក់ថា ការប្រព្រឹត្តបទល្មើសរបស់ជនជាប់ចោទមានដូចតទៅ កាលពីអំឡុងឆ្នាំ២០០៨ លោកយាយថឹង សារ៉េត អ្នកស្រី មាស ណារី និងលោកវ៉ា សាវឿន បានធ្វើសកម្មភាពលក់-ទិញក្មេងស្រីឈ្មោះស្រី នាង អាយុ១១ឆ្នាំ ក្រោមរូបភាពស្មុំកូន ក្នុងតម្លៃ៤០០ដុល្លារ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ