ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Valverde​នាំ​មុខ​លើ​តារាង​ថិរ​វេលា​សរុប​ប្រណាំង​កង់ Tour of Spain​​បន្ទាប់​ពីឈ្នះ​ដំណាក់​ទី​៣

13 ឆ្នាំ មុន

Alejandro ​Valverde ​បាន​ធ្វើ​ឱ្យ​​ប្រិយ​​មិត្ត​​អ្នក​​​គាំ​ទ្រ​​ក្នុង​​ស្រុក​​មាន​​ក្តី​​រំ​ភើប​​ជា​​ខ្លាំង​​ខណៈ​​រូប​​គេ​​បាន​​យក​​ឈ្នះ​​ដំ​ណាក់​​ទី​៣​និង​នាំ​មុខ​នៅ​លើ​តារាង​ថិរវេលា​សរុប​ប្រ​ណាំ​ង​កង់​ក្រប​ខណ្ឌធួ Tour of Spain​នៅ​ប្រទេសអេស្ប៉ាញ​​​កាល​ពី​ថ្ងៃ​ចន្ទ​​ទី​២០​​ខែ​សី​ហា​​​កន្លង​មក​នេះ​។

Valverde​ដែល​ជា​អ្នក​ជិះ​កង់​ឱ្យ​​ក្រុម​Movistar Team​​​បាន​យក​ឈ្នះ​ដំណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ​១៥៥.៣​​គីឡូម៉ែត្រ​ចេញដំណើរពី​ទី​ក្រុង Faustino​ឆ្ពោះ​​ទៅ​កាន់​ទី​ក្រុង Arrate​ប្រទេសអេស្ប៉ាញ​​​ដោយ​ប្រើ​អស់​ថិរវេលា៣​ម៉ោង​៤៩​​នាទី​និង៣៧​​វិនាទី​យក​ឈ្នះ​កីឡាករ​មិត្ត​រួម​ជាតិ​​ Joaquin Rodriguezជិះ​ឱ្យ​​ក្រុម Katusha Team​​​និង​​បានយក​ឈ្នះ​កីឡាករ​អង់​គ្លេស​​ Christopher Froome ​​ជិះ​ឱ្យ​ក្រុម​ Sky Procycling​ដែល​បាន​ប្រើ​ថិរវេលា​ស្មើៗគ្នា។​

ថ្លែងបន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​​កីឡាករ​Valverdeបាន​បញ្ជាក់​ថា​៖«ខ្ញុំ​​ដឹង​ច្បាស់​ពី​ស្ថាន​ភាព​ផ្លូវ​ប្រ​ណាំង​នៅ​ទី​នេះ​ ។ កាល​ពី​៣ឆ្នាំ​មុន ខ្ញុំ​ធ្លាប់​បាន​ជិះឡើង​ភ្នំ​នេះ​​។ ខ្ញុំ​គិត​ថា​វា​ដល់​វេន​ខ្ញុំ​ឈ្នះ​ម្តង​ហើយ​។ នេះ​គឺ​ជា​ជ័យ​ជម្នះ​ដ៏​រឹង​មាំ​ដែល​សក្តិ​សម​បំ​ផុត​»។ ជ័យ​ជម្នះ​លើក​នេះ​សម្រាប់​កីឡាករ​Valverde​​​​គឺ​ពិត​ជា​មាន​ន័យ​ខ្លាំង​ណាស់​ដ្បិត​វាបាន​ជួយ​ឱ្យ​​រូប​គេ​នាំ​មុខ​នៅ​លើ​តារាង​ថិរវេលា​សរុប​និង​គ្រង​អាវ​កាក់​ពណ៌​ក្រ​ហម​ទៀត​ផង​។

ឆ្លង​កាត់​ការ​ប្រណាំង​ចំនួន​៣ដំណាក់​មក​នេះ​ កីឡាករ Valverde​បាន​ប្រើ​អស់​​ថិរវេលា​តិច​ជាង​គេ​បំផុត​គឺ​៨ម៉ោង​និង៤៦​នា​ទី​និង៥៦​​​វិនាទី​នាំ​មុខ​កីឡាករ​មិត្តរួម​ក្រុម​និង​រួម​សញ្ជាតិ​​ ​Benat Intxausti Elorriaga​​​ដែល​ប្រើ​ថិរវេលា​ច្រើន​ជាង ១៨​វិ​នា​ទី​ ។ ចំណែក​កីឡាករ​ម្ចាស់​ផ្ទះ​ម្នាក់​ទៀត Joaquin Rodriguezស្ថិត​នៅ​លំ​ដាប់​ទី​៣​​បន្ទាប់​ពី​បាន​ប្រើ​ពេល​​ច្រើន​ជាង Valverde ​១​៩​វិ​នា​ទី​ ។

សូម​បញ្ជាក់​ថា​ការ​ប្រណាំងកម្ម​វិធី​ Tour of Spain​​ឆ្នាំ​នេះ​ចែក​ចេញ​ជា​២១​​ដំណាក់​និង​មាន​ចម្ងាយ​ផ្លូវ​សរុប​៣៣៦០គីឡូ​ម៉ែត្រ​។ ដោយ​ឡែក​ដំ​ណាក​​់​ទី​៤​ដែល​ជា​ដំ​ណាក់បន្ត​​មាន​ចម្ងាយ​ផ្លូវ១៦០.៦​​​​​​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ទី​ក្រុង Baracaldo ​​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង ​Estación de Valdezcaray ប្រ​​ទេសអេស្ប៉ាញ​​ ៕