រាជធានីភ្នំពេញ ៖ នៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ព្រឹកថ្ងៃទី២០ សីហា ២០១២ បានចាប់ផ្តើមធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបនឹងការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់អភិបាលខណ្ឌសែនសុខ និងលោកស្នងការប៉ូលិសរាជធានីភ្នំពេញ ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងឆ្នាំ២០១៣ ខាងមុខ នេះបើតាមការអះអាងរបស់លោក ម៉ក ហុង អធិការប៉ូលិសខណ្ឌសែនសុខ ។
លោកម៉ក ហុង អធិការប៉ូលិសខណ្ឌសែនសុខ បានប្រាប់ថា ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌសែនសុខ ថ្ងៃនេះ គឺជាលើកទី៣ហើយដោយចាប់ផ្តើមធ្វើជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ពោលគឺប្រជាពលរដ្ឋទាំងប្រុសទាំងស្រីដែលកើតក្នុងឆ្នាំ១៩៩៥ ត្រូវបានប៉ូលិសស្រង់បញ្ជីឈ្មោះ ហៅពួកគាត់ឱ្យមកធ្វើអត្តសញ្ញាណប័ណ្ណដើម្បីងាយស្រួលទៅចុះឈ្មោះបោះឆ្នោត និងយកអត្តសញ្ញាណប័ណ្ណនោះទៅប្រើប្រាស់ក្នុងកិច្ចការងារផ្សេងៗនោះដែរ ។ លោកបន្តថា ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់៣ គឺសង្កាត់ភ្នំពេញថ្មី សង្កាត់ទឹកថ្លា និងសង្កាត់ឃ្មួញ ដែលមានចំនួន៧.៣៣២នាក់ ក្នុងនោះប្រុសចំនួន៣.៧៦២នាក់ ត្រូវបានប៉ូលិសកោះហៅឱ្យមកធ្វើអត្តសញ្ញាណប័ណ្ណនៅក្នុងអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ។ ដោយនៅសង្កាត់ទឹកថ្លា ចាប់ផ្តើមធ្វើតែរយៈពេល១៤ថ្ងៃប៉ុណ្ណោះ រីឯសង្កាត់ភ្នំពេញថ្មីវិញធ្វើចំនួន១១ថ្ងៃ និងសង្កាត់ឃ្មួញ ធ្វើតែ៤ថ្ងៃនោះទេ ។ ចំពោះសង្កាត់ព្រែកព្នៅ ធ្វើបញ្ចប់ចំនួន៩ថ្ងៃ ចំណែកសង្កាត់ពញាពន់ និងសំរោង គឺធ្វើតែ៧ថ្ងៃ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ