ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក​ខាំ នៅ​តែ​រក​ចំណូល​បាន​ច្រើន​ ទោះ​បី​ជា​មាន​វ័យ​ចំណាស់

13 ឆ្នាំ មុន

ទី​ភ្នាក់​ងារ​​ព័ត៌មាន​បរ​ទេស​បាន​ផ្សាយឱ្យ​ដឹង​​ថា កីឡាករ​​ដេ​វីដ​ បេក​ខាំ ខ្សែ​បម្រើ​​ក្លិប​ Los Angeles Galaxy នៅ​តែ​ទទួល​ប្រ​ជា​ប្រិយ​ក្នុង​វ័យ​៣៧​ឆ្នាំ ក្រោយ​ពី​បង្ហើប​ឱ្យ​ដឹង​ពី​ប្រាក់​ចំណូល​នៅ​ក្នុង​ឆ្នាំ​២០១១ កន្លង​មក​​ថា ​អាច​រក​ចំណូល​បាន​ដល់​ទៅ​១៥,​២​លាន​ផោន តាម​រយៈ​​ក្រុមហ៊ុន​ហ្វុត​​វើក ​ខមភេ​​នី របស់​ខ្លួន ដែល​មាន​តួ​នាទី​ទទួល​​​ខុស​ត្រូវ​ផ្នែក​ផ្សព្វ​ផ្សាយ​ផលិត​ផល ដោយ​ចំណូល​​ខាង​លើ​បេក​ខាំ​ បាន​ជម្រះ​លើ​ពន្ធ​​នៅ​សល់​​​១៣,៣​លាន​ផោន ។

​ចាត់​ទុក​ថា ​ជា​ប្រាក់​ចំណូល​ច្រើន​ជាង​ឆ្នាំ​២០១០ ដោយ​ក្រុមហ​៊ុន​ខាង​លើ​អាច​រក​បាន​១៤,​៩​លាន​ផោន និង​មាន​ចំណូល​សុទ្ធ​​១១,៦​លាន​ផោន ។ បច្ចុប្បន្ន​កីឡាករ​ដេ​វីដ​​បេក​ខាំ នៅ​ទទួល​ការ​ទំនាក់​ទំនង​​ឱ្យ​ធ្វើ​ជា​ភ្នាក់​ងារ​ផ្សព្វ​ផ្សាយ​​ទំនិញ​ដែល​មាន​ស្លាក​យី​ហោ​ល្បី​ៗ ដូចជា​ក្រុមហ៊ុន​អាម៉ា​នី (Armani) ,អេឌី​ដាស (Adidas) ,សាំ​ស៊ុង (Samsung) និង​កូកា-​កូឡា (Coca Cola) រួម​ទាំង​ផលិត​ផល​ទឹក​អប់​​ផ្សព្វ​ផ្សាយ​ជា​មួយ​ប្រពន្ធ​​វិក​តូ​រី​យ៉ា បេក​ខាំ និង​មាន​​កិច្ច​សន្យា​​រយៈ​ពេល​វែង​ជា​មួយក្រុម​ហ៊ុន​​សម្លៀក​បំពាក់​​យី​ហោ​ H&M ផង​ដែរ ។

ស្រប​ពេល​​ជា​មួយ​គ្នា​នេះ ក្នុង​របាយ​ការណ៍​បាន​បញ្ជាក់​​ទៀត​ថា ​«​តួ​លេខ​​ខាង​លើ​ជា​សញ្ញា​បង្ហាញ​ថា ស្លាក​យី​ហោ​បេក​ខាំ​ នៅ​មាន​សភាព​រឹង​មាំគ្មាន​ប្រែ​ប្រួល ទោះ​បី​ជា​បេក​ខាំ​​ជិត​លា​ឈប់​ពី​អាជីព​បាល់​ទាត់​ក៏​ដោយ​ ប៉ុន្តែ​និ​​មិត្ត​រូប​របស់​​គេ​នៅ​តែ​អាច​រក​ចំណូល​​បាន ។ក្រៅ​ពី​នេះ​ក៏​មាន​ការ​រំពឹង​ទុក​ថា ​ប្រាក់​ចំណូល​របស់​គេ​នៅ​ក្នុង​ឆ្នាំ​២០១២ នឹ​ង​ច្រើន​ជាង​ឆ្នាំ​មុន ជា​ពិសេស​​អាច​ជា​អំឡុង​​ពេល​ដែល​គេ​ត្រូវ​ប្រឡូកក្នុង​​មជ្ឈដ្ឋាន​បាល់​ទាត់​​ជា​​លើក​ចុង​ក្រោយ» ។