ការស្រាវជ្រាវថ្មីមួយរកឃើញថា ម្តាយរបស់កុមារដែលឱ្យពួកគេមើលថែដោយអ្នកមើលថែដែលមានគុណភាពខ្ពស់ នឹងចូលរួមក្នុងកិច្ចការសាលារបស់កូនច្រើនជាងម្តាយរបស់កុមារដែលមើលថែដោយអ្នកមើលថែមានគុណភាពទាប ឬមិនមានអ្នកមើលថែ។
ក្នុងការសិក្សានេះ ក្រុមអ្នកស្រាវជ្រាវបានពិនិត្យលើព័ត៌មានរបស់កុមារច្រើនជាង១.៣០០នាក់ ដែលមានអាយុពី១ឆ្នាំទៅ៤ឆ្នាំកន្លះ។ ទីតាំង និងគុណភាពនៃការមើលថែកុមារត្រូវបានវាយតម្លៃក្នុងរយៈពេល៣ឆ្នាំកន្លះ ។
ការសិក្សាបង្ហាញថា ម្តាយដែលឱ្យកូនៗមើលថែដោយអ្នកមើលថែមានគុណភាពខ្ពស់តាំងពីពេលទើបកើត ច្រើនតែមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងគ្រូរបស់កូនៗហើយក៏បានចូលរួមច្រើនក្នុងសកម្មភាពទាក់ទងទៅនឹងសាលារបស់កូនៗនៅថ្ងៃអនាគត ដូចជាការចូលរួមថ្ងៃបើកបវេសនកាល ឬមានភាពរួសរាយជាមួយនឹងឪពុកម្តាយរបស់មិត្តរួមថ្នាក់របស់កូនៗ។ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ទីកន្លែងដែលកុមារបានទទួលការមើលថែមិនសំខាន់ដូចគុណភាពនៃការមើលថែនោះទេ។ កន្លែងមើលថែដែលមានគុណភាពខ្ពស់អាចមានដូចជា មជ្ឈមណ្ឌលមើលថែកុមារ ឬការមើលថែកុមារនៅផ្ទះ។
អ្នកដឹកនាំការស្រាវជ្រាវ រ៉ូប៊ឺត ក្រុសណូ (Robert Crosnoe) ជាសាស្ត្រាចារ្យផ្នែកសង្គមវិទ្យានៅសាកលវិទ្យាល័យតិចសាស់ នៅ Austin បាននិយាយថា «ការរកឃើញនេះ មានសមាសភាគសំខាន់ពីរ ។ ទីមួយ ការថែទាំកុមារដែលមានគុណភាពល្អជួយពង្រឹងភាពត្រៀមលក្ខណៈសម្រាប់ការចូលរៀន និងទីពីរគឺកុមារអាចទទួលការផ្លាស់ប្តូរទៅរៀននៅសាលាបានយ៉ាងរលូននៅពេលដែលក្រុមគ្រួសារ និងសាលាមានទំនាក់ទំនងជិតស្និទ្ធ» ៕
ចែករំលែកព័តមាននេះ