ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សូមអញ្ជើញសមាជិក សមាជិក ក.អ.ក និងអ្នកសារព័ត៌មានទាំងអស់ចូលរួមក្នុងវេទិកាពិភាក្សាតុមូលក្រោមប្រធានបទ «ដំណើរឆ្ពោះទៅកាន់សហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥ ៖ ឱកាស និងបញ្ហាប្រឈមសម្រាប់កម្ពុជា» ដែលនឹងប្រព្រឹត្តទៅ នាវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២២ សីហា ២០១២ នៅសណ្ឋាគារសាន់វេ (ក្បែរវត្តភ្នំ) ។
ក្លិបអ្នកកាសែតកម្ពុជា មានកិត្តិយសសូមជម្រាបថា ដោយមានការគាំទ្រពីមូលនិធិខុនរ៉ាដអាដិន ណៅអ៊ែរ ក.អ.ក នឹងរៀបចំវេទិកាពិភាក្សានេះឡើង ក្នុងគោលបំណងឱ្យអ្នកសារព័ត៌មានបានយល់ដឹងបន្ថែមទៀតអំពីឱកាស និងបញ្ហាប្រឈមនានាសម្រាប់កម្ពុជា ខណៈពេលដែលអាស៊ាននឹងក្លាយជាទីផ្សាររួមសម្រាប់តំបន់ ។
ក្លិបអ្នកកាសែតកម្ពុជាបានអញ្ជើញលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកសុក ស៊ីផាន់ណា ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមធ្វើជាវាគ្មិននៅក្នុងវេទិកាពិភាក្សាដ៏មានសារសំខាន់ខាងលើនេះ ។
ក្លិបអ្នកកាសែតកម្ពុជា យល់ឃើញថា វេទិកាពិភាក្សានេះមានសារសំខាន់សម្រាប់អ្នកកាសែតក្នុងការធ្វើសេចក្តីរាយការណ៍ប្រកបដោយគុណភាព និងតម្លាភាពស្តីពីបញ្ហាអាស៊ាន ។
សម្រាប់ព័ត៌មានបន្ថែមដែលទាក់ទងនឹងពិធីនេះ សូមលោក លោកស្រី អ្នកនាងកញ្ញា អានកម្មវិធីដែលភ្ជាប់មកជាមួយ ៕
ចែករំលែកព័តមាននេះ