ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អតិ​ផរណា​​តម្លៃ​ម្ហូប​អាហារ​​ឡើង​ថ្លៃខ្ពស់​​ក្នុង​ពេល​បច្ចុ​ប្បន្ន​

13 ឆ្នាំ មុន

អតិ​​ផរណា​ម្ហូប​អាហា​​​រ នឹ​ង​ប៉ះ​ពាល់​ដល់​​សេដ្ឋ​កិច្ច​អាស៊ី​​នៅ​ដំណាច់​ឆ្នាំ​នេះ​ ប្រសិន​បើ​​តម្លៃ​ឡើង​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​​​នៅ​ថេរ​រហូត​​ដល់​​ប៉ុន្មាន​​ខែ​ខាង​មុខ​​​ ក្នុង​នោះ​​ប្រទេស​វៀត​ណាម​​ ចិន និង​ហុង​កុង ​ទទួល​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ​បំផុត​ ។ចាប់​តាំង​​ពី​ពាក់​កណ្តាល​​ខែ​មិថុនាមក ​តម្លៃ​​គ្រាប់​ធញ្ញជាតិ​​ ពោត សណ្តែក​​សៀង និង​ស្រូវ​សាឡី បាន​​​ឡើង​​ថ្លៃ​៣៨​%​​ ពេល​ខ្លះ​​២៤% ហើយ​​ពេល​ខ្លះ​ទៀត​ក៏​ឈាន​ដល់​​៤៥% បន្ទាប់​ពី​​គ្រោះ​រាំង​ស្ងួត​​ដ៏​អាក្រក់​​ដែល​បាន​ធ្វើ​ឱ្យ​ខូច​​​ដំណាំ​​ជា​ច្រើន​​ប្រភេទ​​នៅ​អាមេរិក​​ ។

បញ្ហា​ទាំង​អស់​នេះ​បាន​ជំរុញ​​ឱ្យ​អង្គ​ការ​​សហ​ប្រជា​ជាតិ​​ចេញ​នូវ​ការ​​ព្រមាន​​ថា ពិភព​លោក​​អាច​ប្រឈម​មុខ​​នឹង​ភាព​​ភ័យ​ខ្លាច​​​ដូច​កាល​ពី​ឆ្នាំ​២០០៨ ដោយ​សារ​តម្លៃ​ស្បៀង​ឡើង​ខ្ពស់​ជា​បន្តបន្ទាប់​​ ។ នា​ពេល​នោះ ​ក្រុម​ប្រទេស​ G20 បាន​ជួប​​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​​ស្វែងរក​ដំណោះ​ស្រាយ​​ចំពោះ​តម្លៃ​​​​ស្បៀង​​ដែ​ល​ឡើង​កប់ពពក​​បែប​នេះ ។ ក្រុម​​សេដ្ឋ​​វិទូ​​​មក​ពី​ធនា​គារ​ Standard Chartered និយាយ​ថា នៅ​ពេល​តម្លៃ​​​គ្រាប់​ធញ្ញជាតិ​​ឡើងថ្លៃ​នៅ​ទី​ក្រុង​ញូ​វយ៉ក​​កាល​ពី​ថ្ងៃ​អង្គារ​​ដោយ​សារ​មាន​​ភ្លៀង​ធ្លាក់​​នៅ​តំបន់​​ខាង​លិច​នោះ​ ​តម្លៃ​គ្រាប់​ធញ្ញ​ជាតិ​​នឹង​បន្ត​ស្ថិត​​កម្រិត​មួយ​​ខ្ពស់ ។

លោក Tai Hui ប្រធាន​ស្រាវ​ជ្រាវ​​ក្នុង​​តំបន់​សម្រាប់​​អាស៊ី​និយាយ​​ថា ប្រសិន​បើ​តម្លៃ​​ស្បៀ​ង​ចេះ​​តែ​ឡើង​ថ្លៃ​តទៅ​​មុខ​ទៀត​នោះ​ តម្លៃ​ម្ហូប​អាហារ​​ពិភព​លោក​ដែល​ឡើង​ថ្លៃ​​នឹង​ប៉ះ​ពាល់ខ្លាំ​ង​ដល់​​អាស៊ី​​​នៅ​ក្នុង​ដើម​ឆ្នាំ​២០១៣ ខាងម​ុខ ។  លោក​​បន្ត​ថា វៀតណាម ចិន និង​ហុង​កុង ជា​ប្រទេស​​ដែល​ងាយ​​រង​គ្រោះ​បំផុត​​ ព្រោះ​សន្ទស្សន៍​តម្លៃ​ទំនិញ​​ប្រើ​ប្រាស់​​របស់​ប្រទេស​​ទាំង​នោះ​​មាន​ទំនាក់​ទំនង​គ្នា​ជា​​មួយ​នឹង​តម្លៃ​​​ស្បៀង​ពិភព​​​លោក ។ ចាប់​តាំង​ពី​ថ្ងៃទី​​១៥ មិថុនា កន្លង​មក សន្ទស្សន៍​តម្លៃ​​ទំនិញ​ប្រើ​ប្រាស់​​កើន​​ឡើង​ប្រហែល​១០​% ហើយ​គ្រាប់​ធញ្ញ​ជាតិ​​៣​ប្រភេទ​​គឺ​សណ្តែក​សៀង ស្រូវ​សាឡី និង​ពោត​​កើន​១៨​%​ ។

សណ្តែក​​សៀង​មាន​តម្លៃ​ជា​មធ្យម​​១៦​ដុល្លារ​​ក្នុង​១​Bushel (1Bushel=25,40Kg) ស្រូវ​សាឡី​​មាន​តម្លៃ​​៨,៥០​​ដុល្លារ​​ក្នុង 1Bushel និង​ពោត​មាន​តម្លៃ​​៧,៥០​ដុល្លារ​ក្នុង 1Bushel ។ ទ្វីប​​អាស៊ី​បាន​​ជួប​ប្រទះ​នឹង​វិបត្តិ​​នេះ​ម្តង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ២០០៧-២០០៨ ដោយ​សារ​ការ​ខ្វះ​ខាត​​ស្បៀង​អាហា​​រ ជា​ពិសេស​​ស្រូវ​តែ​ម្តង។ អតិ​ផរណា​ស្បៀង​​អាហារ​បាន​ប៉ះពាល់​​តំបន់​អាស៊ី​​ធ្ងន់​​ធ្ងរជាង​​តំបន់​ផ្សេង​ៗ​​នៅ​លើ​ពិភព​​លោក​។ នៅ​ក្នុង​​ប្រទេ​សកំពុង​អភិវឌ្ឍន៍​​ខ្លះ​នៅ​អាស៊ី​​​តម្លៃ​ទំនិញ​​ប្រើ​ប្រាស់​បាន​​កើន​៣៥​%​​ បើ​ធៀប​នឹង​អាមេរិក​​ និងអឺរ៉ុប​​មាន​តែ​២០​%​ប៉ុណ្ណោះ​​ នេះ​បើ​តាម​​ការ​​ឱ្យ​ដឹង​របស់​​មូល​និធិ​​រូបិយ​វត្ថុ​​អន្តរ​ជាតិ​​ ។ បណ្តា​​ក្រុម​សេដ្ឋ​​​វិទូ​ប្រចាំ​ស្ថាប័ន​ Nomura បាន​ចេញ​​សេចក្តី​​ព្រមាន​​ពី​អតិ​ផរណា​​កាល​ពី​សប្តាហ៍​​មុនថា ចលនា​​ទំនិញ​​ឡើង​ថ្លៃ​នៅ​​លើ​សាកល​លោក​​អាច​នឹង​​មាន​ផល​ប៉ះពាល់​​ដល់​អាស៊ី​ធ្ងន់​​ធ្ងរ​បំផុត ព្រោះ​សមា​សភាព​​ម្ហូប​​អាហារ​នៅ​ក្នុង​សន្ទស្សន៍​តម្លៃ​ទំនិញ​​ប្រើ​ប្រាស់​ធំ​ពេក ។ តម្លៃ​​ស្បៀ​ង​អាហារ​​គឺ​មាន​សារ​សំខាន់​​ជាង​តម្លៃ​ថាម​​ពល​​នៅ​ក្នុង​ការ​ជំរុញ​​ឱ្យ​មាន​អតិ​ផរណា​​នៅ​អាស៊ី​ ​ពោល​គឺ​វា​ធំ​ជាង​តម្លៃ​​ថា​ម​ពល​២​ទៅ​៣​​ដង​ឯណោះ ។ លោក​​ Rob Subbarman សេដ្ឋ​វិទូ​​ជាន់​ខ្ពស់​​នៅ​អាស៊ី​​​និយាយ​​ថា ប្រសិន​បើ​​​តម្លៃ​ទំនិញ​ប្រើ​ប្រាស់​ឡើង​ខ្ពស់​​ចំពេល​ដែល​កំណើន​សេដ្ឋ​កិច្ច​​​ពិភពលោក​​ធ្លាក់​ចុះ​នោះ ​​អតិ​ផរណា​​នៅ​អាស៊ី​​នឹង​កើន​​ដល់​៤,៣​%​​​នៅ​ក្នុង​​ត្រី​មាស​ទី​៤ និង​ឡើង​​ដល់​៥,៦%​​នៅ​ក្នុង​​ត្រី​មាស​ទី​២​ឆ្នាំ​២០១៣ ខាង​មុខ​ ។ ក្នុង​នោះ​ហុង​កុង នឹង​ស្ថិត​​​នៅ​ក្នុង​ចំណោម​​ប្រទេស​ដែល​មាន​តម្លៃ​​ទំនិញ​​ប្រើ​ប្រាស់​​ឡើង​ថ្លៃ​ជាង​គេ ៕