ក្រុងប៉ោយប៉ែត ៖ ដោយសារស្ថានការណ៍នយោបាយកម្ពុជា-ថៃ មានសន្តិភាពល្អតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ពិសេសខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ គេឃើញអ្នកជំនួញក៏ដូចជាប្រជាពលរដ្ឋនៃខេត្តទាំងពីរ ចេញចូលរកស៊ីដោះដូរទំនិញជាមួយគ្នា មិនថាច្រកអន្តរជាតិ ច្រកតំបន់ ឬច្រករបៀងនោះឡើយ ។
ចំពោះព្រំដែនខេត្តទាំងពីរខាងលើ សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត មានទំនិញសព្វសារពើហូរចូលពីប្រទេសថៃរាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេងមកកម្ពុជា ឯច្រកតំបន់ម៉ាឡៃ និងបឹងត្រកួន គេឃើញរថយន្តរបស់ថៃចូលមកទិញកសិផលរបស់ខ្មែរមានដំឡូងស្រស់ និងស្ងួតយ៉ាងគគ្រឹកគគ្រេងដូចគ្នា ។ ដោយឡែកនៅច្រករបៀងវិញ តាមខ្សែបន្ទាត់ព្រំដែនស្រុកអូរជ្រៅ ស្វាយចេក និងថ្មពួក ឈ្មួញខ្មែរបាននាំអង្ករ និងស្រូវទៅលក់ឱ្យឈ្មួញថៃបន្តកន្ទុយគ្នាក្នុងមួយថ្ងៃៗរាប់រយតោន ។
ការនាំអង្ករ និងស្រូវទៅលក់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃតាមច្រកមួយចំនួន ទាំងរថយន្តខ្មែរ និងរថយន្តថៃ បានកកស្ទះដោយសារឈ្មួញនាំស្រូវអង្ករទៅលក់ច្រើនដូចជា ច្រកអូរបីជាន់ ស្ថិតក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ច្រកស្តុកស្តោ ក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួកជាដើម ។ ច្រកទាំងពីរនេះ គេឃើញរថយន្ត និងគោយន្តថៃចូលមកដីខ្មែរទិញស្រូវ អង្ករពីខ្មែរក្នុងមួយច្រកៗរាប់រយគ្រឿង ។
សម្រាប់តម្លៃស្រូវ អង្ករពុំត្រូវបានគេប្រាប់ឱ្យដឹងពីការទិញចូល និងលក់ចេញឡើយ តែសម្រាប់តម្លៃដំឡូងវិញត្រូវប្រជាពលរដ្ឋប្រាប់ថា ចំពោះដំឡូងស្រស់ឈ្មួញខ្មែរ-ថៃទិញពីកសិករក្នុងមួយគីឡូក្រាម២,១៥បាត ឯដំឡូងស្ងួតល្អឈ្មួញទិញមួយគីឡូក្រាម៥,៨៥បាត(ប្រាក់ថៃ)។ ការចេញចូលរកស៊ីដោះដូរទំនិញរវាងអ្នកជំនួញ និងប្រជាពលរដ្ឋតាមច្រកអន្តរជាតិ និងច្រកតំបន់ក៏ដូចជាច្រករបៀងតាមខ្សែបន្ទាត់ព្រំដែននេះ ធ្វើឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានជីភាពកាន់តែល្អប្រសើរឡើង នេះក៏ដោយសារស្ថានភាពនយោបាយនៃប្រទេសទាំងពីរមានសន្តិភាពផងដែរ ៕
ចែករំលែកព័តមាននេះ