រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២០ សីហា សាលាឧទ្ធរណ៍បានបើកសវនាការជំនុំជម្រះទោសលើសំណុំរឿងគ្រឿងញៀន ដែលសាលាដំបូងខេត្តបន្ទាយមានជ័យបានផ្តន្ទាទោសដាក់ពន្ធនាគារអស់១ជីវិតលើឈ្មោះ ម៉ឹក ដារ៉ា និងជា ឡេង ចំណែកឈ្មោះ ម៉ន ឌឿន កំបាំងមុខរយៈពេល២៥ឆ្នាំ (គេចខ្លួន) ។ អង្គសវនាការនៅសាលាឧទ្ធរណ៍មានលោក ចាយ ចាន់ដារ៉ាវណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ុំ សារិទ្ធ និងលោកតាំង ស៊ុនឡាយ ចៅក្រមអម ព្រមទាំងតំណាងមហាអយ្យការគឺលោក ង៉ែត សារ៉ាត់ អគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៍ ។
អង្គសវនាការ បានធ្វើឡើងចំពោះមុខលោក ម៉ឹក ដារ៉ា អតីតអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និងលោក ជា ឡេង អតីតប្រធានការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀន និងចំពោះមុខមេធាវីការពារក្តីឱ្យជនជាប់ចោទទាំងពីរនាក់ ប៉ុន្តែកំបាំងមុខពីឈ្មោះ ម៉ន ឌឿន អតីតប្រធានទំនាក់ទំនងព្រំដែន (BLO) នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដែលបានរត់គេចខ្លួននៅឡើយ ប៉ុន្តែទោះជាយ៉ាងណាឈ្មោះ ម៉ន ឌឿន ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យផ្តន្ទាទោសដាក់ពន្ធនាគារ២៥ឆ្នាំរួចហើយដែរ។
អង្គសវនាការបានសាកសួរដេញដោលពេញ១ព្រឹក ហើយបានប្រកាសឱ្យសម្រាក និងបន្តនៅព្រឹកនេះ(២១ សីហា) ទៀត ។ បើតាមការបង្ហើបឱ្យដឹងពីក្រុមប្រឹក្សាជំនុំជម្រះថា សំណុំរឿងគ្រឿងញៀនទាក់ទិននឹងលោក ម៉ឹក ដារ៉ា និង ជា ឡេង ត្រូវធ្វើឡើងរយៈពេល១សប្តាហ៍ ដោយទាក់ទងអង្គហេតុ២៥ករណី ដូច្នេះសាលាឧទ្ធរណ៍ត្រូវសាកសួរដេញដោលក្នុង១ព្រឹក៥ករណី ប៉ុន្តែនៅព្រឹកថ្ងៃដំបូងនេះ អង្គសវនាការទើបសាកសួរបាន២ករណីប៉ុណ្ណោះ ។ គួរបញ្ជាក់ថា លោក ម៉ឹក ដារ៉ា និងលោកជា ឡេង ទើបផ្ទេរពីពន្ធនាគារខេត្តបន្ទាយមានជ័យមកកាន់ពន្ធនាគារព្រៃស បានរយៈពេល១ខែ ដែលការផ្ទេរពន្ធនាគារនេះដើម្បីឱ្យមានភាពងាយស្រួលក្នុងការដឹកជញ្ជូនទៅមកនៅពេលសវនាការ ។
គួររំលឹកថា សំណុំរឿងពុករលួយគ្រឿងញៀនរបស់លោកម៉ឹក ដារ៉ា និងលោកជា ឡេង ព្រមទាំងបក្សពួកពាក់ព័ន្ធ ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ប្រកាសជាសាធារណៈ ក្នុងសវនាការកាលពីថ្ងៃទី៥ មករា ២០១២ ថា ជនជាប់ចោទម៉ឹក ដារ៉ា ត្រូវជាប់ពន្ធនាគារមួយជីវិត និងផាកពិន័យជាប្រាក់ស្មើនឹងប្រាក់ដែលខ្លួនប្រព្រឹត្តគុណនឹង៤ដង គឺពិន័យជាប្រាក់ចំនួន២២៥.៤០០ ដុល្លារ បង្គាប់ឱ្យបង់ប្រាក់កិបកេងពីរដ្ឋវិញចំនួន ១០ម៉ឺនដុល្លារ ដែលយកទៅជួសជុលភូមិគ្រឹះនៅបឹងកក់ រាជធានីភ្នំពេញ និងដកហូតប្រាក់ចំនួន៨៧៣.៨៨៧ ដុល្លារ របស់ជននេះនៅធនាគារកាណាឌីយ៉ា ។ ក្រៅពីនេះ តុលាការប្រកាសរឹបអូសដីសំណង់ទំហំ១៣.០៣៣ម៉ែត្រការ៉េ នៅសង្កាត់សួង ក្រុងសួង ខេត្តកំពង់ចាម ដីចម្ការទំហំ២៣.៣៤១ម៉ែត្រការ៉េ និងដីចម្ការ១កន្លែងទៀតនៅឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានទំហំ៦.២០០ ម៉ែត្រការ៉េ ។
ចំណែកឈ្មោះជា ឡេង ត្រូវផ្តន្ទាទោសមួយជីវិតដូចគ្នា និងពិន័យជាប្រាក់២មឺុន១ពាន់ដុល្លារ រឹបអូសដីលំនៅឋានទំហំ៣៩៩ម៉ែត្រការ៉េ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្ទះល្វែងទំហំ៦២,២ម៉ែត្រការ៉េ នៅភូមិក្បាលដំរី សង្កាត់ចោមចៅ ។ ចំណែកជនត្រូវចោទឈ្មោះម៉ន ឌឿន ដែលគេចខ្លួនត្រូវកាត់ទោសកំបាំងមុខ ឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន៣៤.០០០ដុល្លារ រឹបអូសដីចំនួន៣កន្លែងជាប់គ្នាទំហំ១៤.៨៣៥ ម៉ែត្រការ៉េ នៅភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ជនត្រូវចោទ មឹុក ដារ៉ា អតីតផ្កាយ៣ ជាអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និងជាប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងជនត្រូវចោទ ជា ឡេង អតីតជាវរសេនីយ៍ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១០-១២ មករា ឆ្នាំ២០១១ដោយនគរបាលក្រសួងមហាផ្ទៃ និងតាមដីកាក្រោមបណ្តឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ។ ចំណែកជនត្រូវចោទ ម៉ន ឌឿន ប្រធានទំនាក់ទំនងព្រំដែន(BLO)នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ កំពុងរត់គេចខ្លួននៅឡើយ ។ ពួកគេត្រូវបានចោទប្រកាន់ពីបទសមគំនិតនិងស៊ីសំណូកលើបទល្មើសគ្រឿងញៀន ។ ជាមួយគ្នានេះ ក៏មានអតីតស្នងការ-ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ រួមទាំងនាយ-នាយរងការិយាល័យជាប់ពាក់ព័ន្ធ ត្រូវបានតុលាការប្រកាសសាលក្រមកាត់ទោសដាក់ពន្ធនាគារ និងរឹបអូសទ្រព្យសម្បតិ្តផងដែរ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១១ កន្លងមកនេះ។
លោករ៉ាយ ប៊ុនធឿន មេធាវីការពារក្តីឱ្យជនត្រូវចោទ ម៉ឹក ដារ៉ា និយាយថា ការប្រកាសសាលក្រមនេះ តុលាការពុំបានទុកពេលឱ្យសមស្របនឹងនីតិវិធីសម្រាប់មេធាវីធ្វើការពិនិត្យពិចារណាលើសំណុំរឿងនេះទេ និងមានរយៈពេលខ្លី ។ ឯការប្រកាសរឹបអូសទ្រព្យសម្បត្តិកូនក្តីលោកទៀតសោត គឺពុំមានយុត្តិធម៌ទេ ដ្បិតទ្រព្យសម្បត្តិទាំងនោះ ពិសេសដីធ្លីជាទ្រព្យសម្បត្តិកូនក្តីលោកមានតាំងពីនៅធ្វើការងារជាមន្ត្រីនគរបាលខេត្តបាត់ដំបងម៉្លេះ ។
លោកម៉ឹក ដារ៉ា បាននិយាយយ៉ាងខ្លីប្រាប់អ្នកសារព័ត៌មានក្នុងបរិវេណសាលាដំបូងខេត្តបន្ទាយមានជ័យថា លោកជាស្ថាបនិកច្បាប់មួយរូបដែរស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងធ្វើវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ហើយបានដឹកនាំការបង្ក្រាបបទល្មើសគ្រឿងញៀនទទួលបានស្នាដៃជាច្រើន តែលទ្ធផលចុងក្រោយបែរជាកាំបិតចិតដងឯងទៅវិញ ។ លោកម៉ឹក ដារ៉ា បានសុំឱ្យតុលាការនិងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀនដែលពាក់ព័ន្ធដើម្បីយកមកទល់មុខគ្នាសិន និងថា សាក្សីបានឆ្លើយទម្លាក់កំហុសមកលើលោកធ្ងន់ធ្ងរពេក ។
ទន្ទឹមនោះដែរ លោកអិុត សម្ផស្ស ប្រធានក្រុមប្រឹក្សាជំនុំជម្រះពេលនោះបានថ្លែងថា សាក្សី អង្គហេតុនិងចម្លើយសារភាពរបស់ជនត្រូវចោទគឺស៊ីសង្វាក់គ្នាក្នុងការប្រព្រឹត្តបទល្មើស ដោយពួកគេយកតួនាទី និងកន្លែងធ្វើការរដ្ឋ គឺមន្ទីរប្រឆាំងគ្រឿងញៀនធ្វើជាកន្លែងរកស៊ីបទល្មើស។ ម៉ឹក ដារ៉ា និងគូកនបានបំភ្លៃ កែបន្លំកំណត់ហេតុនៃសំណុំរឿងគ្រឿងញៀន ដើម្បីដោះលែងមនុស្សបំបាត់ភស្តុតាង និងប្រមូលលុយ ដូចដែលជនត្រូវចោទសារភាពថា ទី១-ស៊ីតូចជាប់គុក ស៊ីធំរើគុកចោល ទី២-វិធីចំណិតត្រសក់ ដែលការបង្ក្រាបគ្រឿងញៀន៣ភាគបញ្ជូនតែ១ភាគទៅតុលាការ និងទី៣-ចែកចំណែក៥០% គឺ ម៉ឹក ដារ៉ា ឱ្យកូនចៅចុះបង្ក្រាប និងនៅការិយាល័យចែកផលប្រយោជន៍ពីបទល្មើសពាក់កណ្តាល ៕



ចែករំលែកព័តមាននេះ