រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី លោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងសមត្ថកិច្ចនគរបាលមូលដ្ឋានផង បានធ្វើការឆែកឆេរឃ្លាំងស្តុកប្រេងម្រះព្រៅមួយកន្លែងបម្រុងលួចលាក់ផលិតគ្រឿងញៀន ដោយរឹបអូសបានប្រេងម្រះព្រៅចំនួន១២៣គីឡូក្រាមស្មើនឹងជាង១០០លីត្រ រថយន្តស៊ីទែន២គ្រឿង និងរកឃើញស៊ីទែនទទេ ទ្រុងរថយន្តកែច្នៃសម្រាប់ដាក់ប្រេងម្រះព្រៅមួយចំនួន ព្រមទាំងបានឃាត់ខ្លួនកម្មករពីរនាក់ និងម្ចាស់ទីតាំងនោះម្នាក់ផងដែរ ។
ការបង្ក្រាបទីតាំងខាងលើនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី១៩ សីហា នៅភូមិរលួសសង្កាត់ជើងឯក ខណ្ឌដង្កោ ដែលដឹកនាំដោយលោកបែន រត្ន័ ស្នងការរងនគរបាលរាជធានីភ្នំពេញ ។ មន្ត្រីនគរបាលបានឲ្យដឹងថា ការឆែកឆេរឃ្លាំងស្តុកប្រេងម្រះព្រៅខាងលើនេះ ដោយសារតែកងកម្លាំងមានការសង្ស័យជាយូរមកហើយ និងបានធ្វើការតាមឃ្លាំមើលទីតាំងនោះជាប់ជាប្រចាំទៀតផង ។ បន្ទាប់ពីមានការស៊ើបអង្កេតដឹងពីលទ្ធផលច្បាស់លាស់ហើយ កង កម្លាំងក៏ចាប់ផ្តើមធ្វើការឆែកឆេរហើយរកឃើញប្រេងម្រះព្រៅដែលអាចផលិតជាគ្រឿងញៀនប្រភេទម៉ាទឹកកក ឬថ្នាំញៀនផ្សេងៗទៀតបានជាច្រើនមុខនៅក្នុងឃ្លាំងខាងលើ ។
មន្ត្រីសមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា នៅពេលចុះទៅឆែកឆេរឃ្លាំងនោះគឺជាកន្លែងផ្សារទ្រុងរថយន្ត និងស៊ីទែនដឹកប្រេង ហើយដំបូងរកឃើញប្រេងម្រះព្រៅត្រឹមតែប្រមាណជិត៣០លីត្រប៉ុណ្ណោះ រួមជាមួយនឹងសម្ភារផ្សេងៗទៀតដូចជារថយន្តស៊ីទែននិងប៊ីដុងទទេជាដើមព្រមទាំងឃាត់ខ្លួនកម្មករពីរនាក់។ ដោយសារយប់ជ្រៅពេកទើបមានការដកថយសិន លុះព្រឹកឡើងថ្ងៃទី២០ សីហា ទើបធ្វើការឆែកឆេរបន្តដែល ពេលនោះបានរកឃើញប្រេងម្រះព្រៅបន្ថែមទៀតសរុបទាំងប្រេងដែលរកឃើញកាលពីយប់ផងមានចំនួន១២៣គីឡូក្រាមស្មើនឹងជាង១០០លីត្រ។ ក្រៅពីនោះត្រួតពិនិត្យឃើញមានស៊ីទែន និងទ្រុងរថយន្តកែច្នៃមួយចំនួនទៀតដែលឈ្មួញទុច្ចរិតផលិតឡើង ដើម្បីទុកដឹកប្រេងម្រះព្រៅនេះ ។
មន្ត្រីសមត្ថកិច្ចបានបន្តថា ទ្រុងរថយន្តដឹកទំនិញមួយត្រូវបានឈ្មួញកែច្នៃធ្វើជញ្ជាំងពីរជាន់ទុកសម្រាប់ដឹកទំនិញផង និងអាចដឹកប្រេងម្រះព្រៅបានចំនួនជាង១.៥០០លីត្រ ទៀតផង។ នៅព្រឹកនោះ បន្ទាប់ពីបានត្រួតពិនិត្យរួចរាល់ប្រេងម្រះព្រៅត្រូវបានរក្សាទុកបណ្តោះអាសន្ននៅទីនោះ ដោយមានកម្លាំងប៉ូលិសមូលដ្ឋាននៅយាមការពារ មិនតែប៉ុណ្ណោះ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះសាយ គី អាយុ៤៩ឆ្នាំ ដែលជាម្ចាស់ទីតាំងនោះ និងមានទីលំនៅម្តុំស្ពានដែក ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នាំយកទៅសាកសួរផងដែរ ។ ចំណែកកម្មករពីរនាក់ដែលត្រូវបានចាប់ឃាត់ខ្លួនកាលពីយប់នោះម្នាក់ឈ្មោះភឿន ប៉ាង ភេទប្រុស អាយុ២៤ឆ្នាំ និងម្នាក់ទៀតឈ្មោះចាន់ រត្ន័ ភេទប្រុស អាយុ១៦ឆ្នាំ ទាំង២នាក់មានស្រុកកំណើតនៅស្រុកដងទង់ ខេត្តកំពតជាមួយគ្នា ។
ប្រភពព័ត៌មានដដែលបន្តថា ប្រេងម្រះព្រៅខាងលើនេះអាចផលិតថ្នាំញៀនបានរាប់សែនគ្រាប់ឯណោះ ដែលឈ្មួញទុច្ចរិតលួចលាក់ត្រៀមផលិតសម្រាប់លក់នៅក្នុងប្រទេសកម្ពុជា ឬនាំយកទៅលក់នៅឯបរទេស ប៉ុន្តែនេះគឺជាទង្វើខុសច្បាប់និងមានទោសឧក្រិដ្ឋទៀតផង ហើយត្រូវបានសមត្ថកិច្ចរកឃើញទាន់ពេលវេលា។ អ្វីដែលគួរឲ្យសោកស្តាយគឺមុនពេលកម្លាំងទៅដល់មានប្រេងម្រះព្រៅ១រថយន្តស៊ីទែនបានបើករត់គេចបាត់ ។ ទោះជាបែបនេះក្តី ម្ចាស់ទីតាំងដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានបដិសេធថា គាត់មិនបានរកស៊ីដឹកប្រេងម្រះព្រៅនោះទេ គាត់គ្រាន់តែជាអ្នកស៊ីឈ្នួលផ្សារទ្រុងរថយន្ត ឬស៊ីទែនរថយន្តប៉ុណ្ណោះ និងមិនបានដឹងថាឈ្មួញដែលជួលគាត់ឲ្យផ្សារទ្រុងរថយន្តនោះរកស៊ីបែបនេះឡើយ តាមពិតទៅគាត់ក៏ជាអ្នករងគ្រោះម្នាក់ដែរ។
គួររំលឹកថា កាលពីប៉ុន្មានខែមុននេះនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌគិត សុផា និងលោកវរសេនីយ៍ទោប៊ន សំអាត អធិការនគរបាលខណ្ឌ បានចុះធ្វើការស្រាវជ្រាវទីតាំងស្តុកប្រេងម្រះព្រៅដ៏ធំមួយកន្លែងគួរឲ្យភ្ញាក់ផ្អើលនៅក្នុងខណ្ឌសែនសុខ និងខណ្ឌមួយចំនួនទៀត ដោយមានការសហការជាមួយនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញផង ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចរឹបអូសបានប្រេងម្រះព្រៅរាប់រយលីត្រ វត្ថុធាតុដើមជាច្រើនប្រភេទ និងម៉ាស៊ីន ព្រមទាំងឧបករណ៍សម្រាប់ផលិតគ្រឿងញៀនជាច្រើនទៀត ។ មិនតែប៉ុណ្ណោះ បានឃាត់ខ្លួនមនុស្សជិត១០នាក់រួមទាំងមេខ្លោងផលិតគ្រឿងញៀនផង បញ្ជូនទៅកាន់សាលាដំបូងរាជធានី ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕



ចែករំលែកព័តមាននេះ