ខេត្តបាត់ដំបង ៖ បុរសវ័យ៥០ឆ្នាំម្នាក់ បានត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបងឃាត់ខ្លួន ក្រោយពីមានបណ្តឹងចោទប្រកាន់ថា បានចាប់ក្មេងស្រីអាយុ៤ឆ្នាំម្នាក់រំលោភសេពសន្ថវៈ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៩ សីហា នៅផ្ទះរបស់ខ្លួនស្ថិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង។
មន្ត្រីកងរាជអាវុធហត្ថនិយាយថា ជនសង្ស័យឈ្មោះ ហ៊ាន ហឿន ហៅម៉ៅ ត្រូវបានប្តឹងដោយម្តាយក្មេងស្រីដែលចោទថា បុរសម្នាក់នេះបានចាប់កូនស្រីរបស់គាត់ អាយុ៤ឆ្នាំ រំលោភក្នុងគ្រាដែលគាត់មិននៅផ្ទះ ហើយជីដូនបានដឹងរឿងនេះប្រាប់ទើបគាត់រូតរះមកប្តឹងសមត្ថកិច្ចតែម្តង ។ មន្ត្រីដដែលបញ្ជាក់ថា ក្រោយពីធ្លាយរឿងអាស្រូវនេះជនប្រព្រឹត្តបានព្យាយាមគេចខ្លួន តែត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងតាមចាប់បាននៅរសៀលថ្ងៃដដែល ។
ស្ត្រីជាម្តាយកុមារីបានប្រាប់សមត្ថកិច្ចថា ពេលកើតហេតុគាត់មិនបាននៅផ្ទះទេ តែគ្រានោះជីដូនរបស់នាងបានរត់ទៅប្រាប់គាត់អំពីបញ្ហានេះ ទើបគាត់រួសរាន់មកប្តឹងសមត្ថកិច្ច។ បុរសនេះមានផ្ទះនៅក្បែរគ្នា ហើយក៏មិននឹកស្មានថា មានគំនិតអាក្រក់បែបនេះដែរ ។ គាត់បន្តថា ពេលគាត់មកដល់ផ្ទះជននេះបានរត់គេចខ្លួនបាត់ទៅហើយ ឯគាត់ក៏មិនទាន់ដឹងថា តើការចាប់រំលោភនោះបែបណាទេ តែកូនស្រីគាត់ប្រាប់ថា បុរសនោះបានប្រើម្រាមដៃ ។
បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យឈ្មោះ ហ៊ាន ហឿន ហៅម៉ៅ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តមែនតែអះអាងថា ខ្លួនគ្រាន់តែប្រើម្រាមដៃប៉ុណ្ណោះ ។ បុរសនេះប្រាប់ថា ក្មេងស្រីនោះបានមកលេងជាមួយកូនស្រីខ្លួនដល់ផ្ទះ គ្រានោះខ្លួនចាប់នាងលេងក៏កើតមានអារម្មណ៍ចង់រួមភេទ ។ ពេលមានអារម្មណ៍ជាមួយនាងតូចបែបនេះខ្លួនក៏យកការុងមកបាំង ហើយឡើងលើអង្រឹងលើកនាងមកអង្គុយជាមួយ និងប្រើម្រាមដៃ ធ្វើឱ្យនាងយំក៏ងើបរត់ទៅរកជីដូននាងនៅឯផ្ទះ ។ ពេលនោះខ្លួនបានរត់ទៅតាមព្រោះខ្លាចបែកការណ៍ តែទៅដល់ឃើញមនុស្សច្រើនខ្លួនក៏ដើរចេញ និងគេចខ្លួន លុះនៅរសៀលថ្ងៃដដែលក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
មន្ត្រីកងរាជអាវុធហត្ថប្រាប់ថា មន្ត្រីជំនាញកំពុងសួរនាំជនសង្ស័យបន្ថែម ។ ជននេះបានទទួលស្គាល់ទង្វើរបស់ខ្លួនលើក្មេងស្រីនោះដោយនិយាយថា ដោយសារខ្លួនមានអារម្មណ៍ចង់រួមភេទ ទើបហ៊ានប្រព្រឹត្តអំពើមិនគប្បីទៅលើក្មេងស្រីបែបនេះ ។ ទោះជាយ៉ាងណា ជនសង្ស័យនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ៕
ចែករំលែកព័តមាននេះ