ខេត្តកោះកុង ៖ កម្មករជនជាតិចិនម្នាក់ដែលដេកយាមការដ្ឋានវារីអគ្គិសនីស្ទឹងប្ញស្សីជ្រំស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានត្រូវថ្មភ្នំមួយផ្ទាំងធំបាក់សង្កត់ចំរោងដែលកម្មករចិនរូបនេះកំពុងដេកលង់លក់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៩ សីហា ហើយពេលនេះសពត្រូវបានបញ្ជូនពីការដ្ឋានវារីអគ្គិសនីមកកាន់ទីរួមខេត្តដើម្បីធ្វើការពិនិត្យ ព្រមទាំងចាក់ថ្នាំរក្សាសពដើម្បីបញ្ជូនទៅកាន់ស្ថានទូតចិននៅឯរាជធានីភ្នំពេញ ។
មន្ត្រីប៉ូលិសបញ្ជាក់ថា កម្មករជនជាតិចិនរូបនេះ ឈ្មោះ ថាវ សូហាយ អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅខេត្តហ្វៃចូវ ប្រទេសចិន ជាកម្មករយាមឃ្លាំងសម្ភារនៅក្នុងការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងប្ញស្សីជ្រំ ។ តាមសាក្សីនិងសមត្ថកិច្ចបញ្ជាក់ថា នៅវេលាម៉ោងជាង១១យប់នោះ កម្មករទាំងអស់នៅក្នុងការដ្ឋានបានដេកលង់លក់អស់ហើយ ប៉ុន្តែពុំដឹងថា មកពីមូលហេតុអ្វីក៏មានផ្ទាំងថ្មមួយដុំដែលមានទម្ងន់ប្រហែលជិត១តោន និងមានដុំថ្មតូចៗជាច្រើនដុំទៀតរមៀលធ្លាក់មកពីលើភ្នំកម្ពស់ប្រហែលជាង១០០ម៉ែត្រ បុកចំគ្រែដេករបស់កម្មករចិនរូបនោះ បណ្តាលឱ្យបាក់ជើងខ្ទេចទាំងពីរ បាក់ដៃឆ្វេង បែកប្រដាប់ភេទខ្ទេច និងស្លាប់នៅនឹងកន្លែងតែម្តង ។
តាមការត្រួតពិនិត្យរបស់សមត្ថកិច្ចដែលមានការចូលរួមដោយលោកព្រះរាជអាជ្ញារង មាស វឌ្ឍនា និងលោកវេជ្ជបណ្ឌិត ម៉ែន សាម៉េត ព្រមទាំងសមត្ថកិច្ចប្រដាប់អាវុធជាច្រើនបានសន្និដ្ឋានថា កម្មករជនជាតិចិនរូបនេះពិតជាត្រូវថ្មភ្នំធ្លាក់សង្កត់ស្លាប់ប្រាកដមែន ហើយពេលនេះសពកំពុងរក្សាទុកក្នុងទីអារាមវត្តទេព និម្មិត ហៅវត្តថ្មី ក្នុងទីរួមខេត្តកោះកុង ដើម្បីរង់ចាំស្ថានទូតចិនមកពិនិត្យ និងទទួលយកទៅកាន់រាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ