រាជធានីភ្នំពេញ ៖ មន្រ្តីគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី បានរួមគ្នាប្រកាសរចនាសម្ព័ន្ធគណៈកម្មការបណ្តោះអាសន្នរបស់«គណបក្សសង្គ្រោះជាតិ»បើទោះបីជាមិនទាន់មានការទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃក៏ដោយ ។ ការប្រកាសនេះ បានធ្វើឡើងកាលពីថ្ងៃទី២០ សីហា ឆ្នាំ២០១២ ក្នុងសន្និសីទសារព័ត៌មានមួយនៅស្នាក់ការកណ្តាលគណបក្សស្ថិតនៅផ្ទះលេខ៣៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
លោកប៉ុល ហំម អ្នកនាំពាក្យគណបក្សសិទិ្ធមនុស្សនិងជាអនុប្រធានគណៈកម្មការបណ្តោះអាសន្ននៃគណបក្សសង្គ្រោះជាតិនេះ បានថ្លែងថា សន្និសីទកាសែតនេះមានគោលបំណងប្រកាសសមាសភាពនៃគណៈកម្មការបណ្តោះអាសន្នរបស់គណបក្សនេះដែលមានចំនួន៧រូប រួមទាំងលោក សម រង្ស៊ី ផង ដែលក្រៅពីនេះមានលោក ប៉ុល ហំម លោក ស៊ុន ចន្ធី លោក អ៊ូ ចាន់រ័ត្ន លោកស្រី ជា សុគន្ធធានី លោក សាម ស៊ុនឌឿន និងលោកសួន ណារិទ្ធ ។
លោក ប៉ុល ហំម បានបន្តថា គណបក្សសង្គ្រោះជាតិនេះបានបង្កើតលេខាធិការដ្ឋានរបស់ខ្លួនរួចរាល់ហើយ ។ លោកបន្តទៀតថា មានរយៈពេលមួយខែមកហើយដែលគណបក្សនេះមានគម្រោងរៀបចំរចនាសម្ព័ន្ធ តែរចនាសម្ព័ន្ធ គណបក្សនេះនៅមិនទាន់មានពិតប្រាកដនៅឡើយទេ តែពាក្យសុំបង្កើតគណបក្សនយោបាយ បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរ៨០នាក់ សញ្ញាសម្គាល់គណបក្សនយោបាយ និងលិខិតបញ្ជាក់ទីស្នាក់ការកណ្តាលគណបក្សបានដាក់ចូលទៅក្រសួងមហាផ្ទៃរួចកាលពីថ្ងៃទី២០ សីហា ឆ្នាំ២០១២ តាមការគ្រោងទុក និងមានរយៈពេល១៥ថ្ងៃក្នុងការពិនិត្យពិចារណារបស់ក្រសួងមហាផ្ទៃ ។
គណបក្សសង្រ្គោះជាតិមានអក្សរកាត់ «គ.ស.ជ» និងមានសញ្ញាសម្គាល់ព្រះអាទិត្យរះ មានកាំរស្មី២៤លើផ្ទៃបួនជ្រុងស្មើពណ៌ផ្ទៃមេឃ ដោយមានអក្សរ «គណបក្សសង្រ្គោះជាតិ»នៅពីខាងក្រោមព្រះអាទិត្យរះ ។ គណបក្សនេះ មានបាវចនា សង្គ្រោះ បម្រើ ការពារ និងមានអាសយដ្ឋានផ្ទះលេខ៣៨ ផ្លួវលេខ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោក ប៉ុល ហំម បានថ្លែងថា កន្លងមកមានការលួចជួបគ្នាដោយមានអ្នកចូលរួមចំនួន៨៥នាក់ម្តងមកហើយ កាលពីថ្ងៃទី១៦ សីហា តែមិនបានប្រាប់អ្នកកាសែតទេ ។ ពេលនោះក៏មានការថ្លែងរបស់លោកសមរង្ស៊ី តាមរយៈវីដេអូខនហ្វឺរ៉ិនផងដែរ ។ សមាជិកទាំង៨៥នាក់បានជ្រើសរើសគណៈកម្មការបណ្តោះអាសន្នចំនួន៧នាក់ដែលក្នុងនោះមានទាំងលោកសម រង្ស៊ី ផង ។
លោក ប៉ុល ហំម ថ្លែងទៀតថា មានមន្រ្តីគណបក្សសម រង្ស៊ី និងគណបក្សសិទិ្ធមនុស្សមួយចំនួនបានលាឈប់មកចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ។ គណបក្សថ្មីនេះ នឹងចូលរួមបោះឆ្នោតឆ្នាំ២០១៣ ប៉ុន្តែគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនឹងមិនចូលរួមក្នុងការបោះឆ្នោតជាតិទេ ។ គណបក្សសម រង្ស៊ី និងគណបក្សសិទិ្ធមនុស្សនឹងមិនរំលាយខ្លួននោះទេ ដើម្បីរក្សានូវតំណាងរាស្រ្ត ព្រឹទ្ធសភា និងក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសម រង្ស៊ី និងសិទិ្ធមនុស្ស ។ ការឈរឈ្មោះបោះឆ្នោតឆ្នាំ២០១៣ នឹងមានការរៀបចំបញ្ជីតែមួយ គឺក្នុងក្របខណ្ឌគណបក្សថ្មីនេះ ។
អ្នកតាមដាននយោបាយនិយាយថា គណបក្សសង្គ្រោះជាតិនេះមិនទាន់ចេញជារូបរាងនៅឡើយទេ បើទោះបីជាមានការប្រកាសឈ្មោះជាសាធារណៈក្តី វាគ្រាន់តែជាការជូនដំណឹង ហើយនៅមានដំណាក់កាលជាច្រើនទៀតដែលត្រូវបំពេញទៅក្រសួងមហាផ្ទៃ ។
លោក យ៉ែម ប៉ុញ្ញារិទ្ធ អគ្គលេខាធិការគណបក្សសិទ្ធិមនុស្សបានថ្លែងថា គណបក្សនេះនៅមិនទាន់ប្រាកដទេថា នឹងចូលរួមបោះឆ្នោតជាតិឆ្នាំ២០១៣ ឬក៏អត់ បើមិនមានវត្តមានលោក សម រង្ស៊ី និងមិនមានការកែប្រែសមាសភាព«គ.ជ.ប»ទេ ។ នៅមានការងារជាច្រើនទៀតដែលក្រុមការងារកំពុងធ្វើ ដើម្បីឈានដល់ការបង្កើតគណបក្សនេះបាន រួមទាំងស្នាមមេដៃចំនួន៤.០០០នាក់ ដាក់ទៅក្រសួងមហាផ្ទៃ ។ គណបក្សសង្គ្រោះជាតិ បានសុំឲ្យមានការផ្លាស់ប្តូរសមាសភាព«គ.ជ.ប» ហើយមានរយៈពេល៩ខែក្នុងការជ្រើសរើសបេក្ខជនសម្រាប់ «គ.ជ.ប»ជាបន្ទាន់ នេះជាការស្នើសុំរបស់ខ្លួន ។
មន្រ្តីក្រសួមហាផ្ទៃបានបញ្ជាក់ថា សម្ព័ន្ធភាពគណបក្សប្រឆាំងសម រង្ស៊ី និងសិទ្ធិមនុស្ស បានយកសំណុំបែបបទ ទៅចុះបញ្ជីគណបក្សរួមគ្នាថ្មីមួយ ដែលមានឈ្មោះថា “គណបក្សសង្គ្រោះជាតិ” នៅព្រឹកថ្ងៃចន្ទ ទី២០ សីហា ឆ្នាំ២០១២ នៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ។ រីឯខាងក្រសួងមហាផ្ទៃក៏បានទទួលយករួចហើយដែរ ។ ក្រសួងមហាផ្ទៃមានសិទ្ធិ១៥ថ្ងៃ ក្រោយពីទទួលសំណុំបែបបទសុំចុះឈ្មោះគណបក្សថ្មី ដើម្បីឆ្លើយតបថា ទទួលចុះ ឬក៏មិនទទួលចុះបញ្ជីជាផ្លូវការសម្រាប់គណបក្សថ្មីនេះ ។
មន្ដ្រីជាន់ខ្ពស់គណៈកម្មការបណ្តោះអាសន្ននៃគណបក្សសង្គ្រោះជាតិ បាននិយាយថា នៅក្នុងលិខិតដាក់ជូនលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺធ្វើឡើងដោយលោក ប៉ុល ហំម ក្នុងនាមអនុប្រធានគណៈកម្មការបណ្ដោះអាសន្ននៃគណបក្សសង្គ្រោះជាតិ ដោយស្នើសុំបង្កើត«គណបក្សសង្គ្រោះជាតិ»។
មន្ត្រីជាន់ខ្ពស់រូបនោះ បាននិយាយបន្តថា រូបសញ្ញាគណបក្សសង្គ្រោះជាតិ មានរូបព្រះអាទិត្យរះ និងមានកាំរស្មីចំនួន២៤តំណាងឲ្យ២៤រាជធានី-ខេត្ត ។ នៅក្នុងលិខិតដាក់ជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង មានភ្ជាប់ជាមួយនូវរបាយការណ៍កំណត់ហេតុ ស្ដីពីការជ្រើសរើសគណៈកម្មការបណ្ដោះអាសន្នចំនួន៧រូប និងសមាជិកស្ថាបនិកនៃការបង្កើតគណបក្សសង្គ្រោះជាតិចំនួន៨៣រូប ។
លោក ប៉ុល ហំម បានបញ្ជាក់ថា លោក កឹម សុខា មិនមានតួនាទីនៅក្នុងគណៈកម្មការបណ្តោះអាសន្នទេ តែនៅពេលណាដែលគណបក្សនេះកើតចេញជារូបរាងលោក កឹម សុខា នៅតែជាអនុប្រធានគណបក្សសង្គ្រោះជាតិ ហើយលោកសម រង្ស៊ី ជាប្រធានគណបក្ស
នេះ ។ ការសម្រេចរបៀបនេះ គឺយោងតាមកិច្ចព្រមព្រៀងមួយរវាងគណបក្សទាំងពីរនៅទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន ៕
ចែករំលែកព័តមាននេះ