ខេត្តកំពង់ស្ពឺ ៖ រឿងចម្លែកមួយកំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលពេញភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ដោយមានការស្លាប់ និងគ្រោះថ្នាក់ជាបន្តបន្ទាប់ទៅលើមនុស្ស៧នាក់ដែលជាអ្នករួមគំនិតគ្នាវាយសម្លាប់ពស់ថ្លាន់ធំមួយក្បាល ។ ដោយសារតែហេតុការណ៍ស្លាប់និងគ្រោះថ្នាក់បានកើតមានបន្តបន្ទាប់លើអ្នកទាំង៧នោះ ក្រុមអ្នកភូមិដែលមានជំនឿបាននិយាយថា មកពីពួកគេសម្លាប់ពស់អ្នកតាមានបារមី ។ ការចាប់ពស់នោះមានរយៈពេលជាង១ឆ្នាំមកហើយ ។
អ្នកស្លាប់២នាក់មាន ស្ត្រីម្នាក់ និងប្រុសម្នាក់ ចំណែក៥នាក់ទៀតរងគ្រោះថ្នាក់ខ្លះធ្លាក់ពីដើមត្នោត និងខ្លះមានសតិពុំធម្មតា ។ បញ្ហាដែលកើតរឿងនោះអ្នកភូមិព្រៃក្រសាំងនិយាយនៅក្នុងពិធីបុណ្យសពគម្រប់៧ថ្ងៃរបស់ឈ្មោះតុក ថាត នាថ្ងៃទី១៩ សីហា ថា ហេតុការណ៍ដែលនាំឱ្យមានការស្លាប់អ្នកភូមិ២នាក់ និង៥នាក់ទៀតជួបគ្រោះថ្នាក់ជាបន្តបន្ទាប់ និងខ្លះក្លាយជាមនុស្សមានសតិមិនល្អ(វិកលចរិត) ដោយសារការចាប់ពស់ថ្លាន់ដ៏ធំមួយក្បាលដែលលូនក្បែរវត្តអង្គដុបស្ថិតក្នុងឃុំព្រៃក្រសាំងយកធ្វើជាអាហារ ។
លោកង៉ែត ហ៊ុល អាយុ៤៧ឆ្នាំ រៀបរាប់ពីហេតុការណ៍នោះឱ្យកោះសន្តិភាពដឹងថា ក្នុងភូមិរបស់គាត់ធ្វើបុណ្យគម្រប់ខួប៧ថ្ងៃ របស់ឈ្មោះតុក ថាត ភេទប្រុស អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះជឿន អីុន អាយុ៣៥ឆ្នាំ និងមានកូន៣នាក់ ក្នុងបន្ទុក ។ តុក ថាត គឺជាក្មួយរបស់គាត់ ។
កាលពីប្រមាណជាងមួយឆ្នាំកន្លះមុននេះ អ្នកភូមិព្រៃក្រសាំងមានគ្នា៧នាក់មានប្រុសមានស្រីបានចាប់ពស់ថ្លាន់១ក្បាលទម្ងន់ជាង៥គីឡូក្រាមយកទៅស្លហូប និងក្លែមស្រា ហើយបានស្លាប់ពីរនាក់ រួមទាំងក្មួយគាត់ដែលកំពុងធ្វើបុណ្យនោះដែរ គឺមានគ្រោះថ្នាក់ពុំរួចនរណាម្នាក់ណាទេ ។
អ្នកស្លាប់មុនគេ គឺស្ត្រីឈ្មោះហ៊ីន សូយ អាយុ៤៧ឆ្នាំ បានហូបសាច់ពស់ថ្លាន់នោះ ។ សាក្សីបន្តថា បានជាមានជំនឿថាការស្លាប់ និងការជួបគ្រោះថ្នាក់បន្តបន្ទាប់នោះ មកពីបារមីអ្នកតារក្សាពស់ថ្លាន់តាមកាច់ ព្រោះចាប់ពស់ថ្លាន់ និងអារ.កបកស្បែក គឺបានដឹងពីការចូលរូប ។ អ្នកចូលរូបថាមកពីអ្នកភូមិបានសម្លាប់ថ្លាន់នោះ ហើយបារមីថ្លាន់នឹងតាមសម្លាប់អ្នកដែលស៊ីសាច់ពស់ថ្លាន់បន្តបន្ទាប់ ។ អ្នកហូប និងអ្នកអារ.កបកស្បែកពស់ថ្លាន់ធ្វើម្ហូបក្លែមពុំមានអ្នកណាមួយរួចខ្លួនទេ ទោះពុំទាន់ស្លាប់ក៏អ្នកនោះធ្លាក់ពីចុងត្នោត ខ្លះសុខៗដួលបាក់ជើងបាក់ដៃ ខ្លះមានសតិពុំប្រក្រតីមកទល់សព្វថ្ងៃនេះ ។
លោកង៉ែត ហ៊ុល ឱ្យដឹងទៀតថា គាត់ជាឪពុកមាររបស់អ្នកស្លាប់បានដឹងច្បាស់នៅពេលក្មួយគាត់ស្លាប់ គឺរមួលខ្លួនដូចពស់ពត់ពេន ហើយរាងកាយចេញជាក្រឡាហូលដូចពស់ថ្លាន់ រួចស្លាប់តែម្តង ។ នៅពេលស្លាប់តាមការអះអាងថា នៅក្បែរមឈូសក្មួយគាត់គេឃើញមានពស់ចម្លែកមួយក្បាល តែពុំស្គាល់ថាជាពស់អ្វីទេ ។
សាក្សីបន្តទៀតថា ពេលធ្វើកិច្ចនិមិន្តព្រះសង្ឃសូត្រមន្ត អ្នកចូលរួមឃើញពស់ចម្លែកម្តងទៀតនៅកន្លែងព្រះសង្ឃសូត្រមន្ត តែពុំហ៊ានសម្លាប់វាទេ គឺនាំគ្នាយកឈើឆ្កឹះចេញ ហើយបួសសួងសុំឱ្យអ្នកភូមិសុខសប្បាយកុំមកព្យាបាទទៀត ។ ពស់នោះលូនចេញពីមុខព្រះសង្ឃ និងចាស់ទុំក្នុងរោងបុណ្យបាត់ទៅ ។ នេះជារឿងមួយដែលធ្វើឱ្យអ្នកភូមិជឿជាក់ថាបារមីពស់ថ្លាន់ដែលគេសម្លាប់ធ្វើម្ហូបក្លែមស្រានោះតាមព្យាបាទតែអ្នកហូបប៉ុណ្ណោះ ។
លោកងែ៉ត ហ៊ុល ប្រាប់ថា ពេលស្ត្រីម្នាក់ដែលហូបសាច់ពស់ស្លាប់ជិត១ឆ្នាំមុននេះ ក៏រាងកាយចេញក្រឡាដូចពស់ថ្លាន់ និងមុនពេលស្លាប់រមួលខ្លួនដូចពស់ថ្លាន់ដែរ ។
បញ្ហានេះគ្រាន់តែជាការរៀបរាប់ពីអ្វីដែលបានកើតឡើងធ្វើឱ្យអ្នកភូមិមានជំនឿប៉ុណ្ណោះ តែបើថាពិតជាមានបារមីពស់ថ្លាន់មែននោះមិនមានការបង្ហាញជាក់ស្តែងបែបណានោះឡើយ ៕
ចែករំលែកព័តមាននេះ