រាជធានីភ្នំពេញ ៖ កម្មករកម្មការិនីរោងចក្រកាត់ដេរយីហោអូសេអង់ចំនួនជាង៣ពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មតវ៉ាមួយជាមួយថៅកែរោងចក្រ ទាមទារឱ្យដកបុរសជនជាតិបង់ក្លាដែសម្នាក់ ដែលមានមុខងារជាប្រធានផ្នែកសង្វាក់ផលិតកម្មនៅក្នុងរោងចក្រនោះចេញពីការងារ ដោយពួកគេបានអះអាងថា ជនជាតិបង់ក្លាដែសរូបនេះបានប្រមាថមើលងាយស្ត្រីខ្មែរ ។
ហេតុការណ៍ផ្ទុះបាតុកម្មនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២០ សីហា ដោយពួកកម្មករកម្មការិនីបាននាំគ្នាហែជាក្បួនចេញពីមុខ
រោងចក្រអូសេអង់ ដែលមានទីតាំងស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្នុងបំណងទៅកាន់ក្រសួងការងារ ។ ការហែជាក្បួន ដោយមានកាន់បដា និងរូបថតរបស់បុរសជនជាតិបង់ក្លាដែស ឈ្មោះហ្វារ៉ុក ដែលជាប្រធានផ្នែកសង្វាក់ផលិតកម្មនៅក្នុងរោងចក្រនោះផងបានសម្រុកចេញពីរោងចក្រដើរតាមផ្លូវយ៉ាងណែនតាន់តាប់ និងស្រែកតាមមេក្រូធ្វើការតវ៉ាយ៉ាងផុលផុស និងកំហឹង ។ ប៉ុន្តែការប៉ុនប៉ងហែក្បួនចូលមកក្នុងរាជធានី ដើម្បីទៅកាន់ក្រសួងការងារនោះ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យរួមជាមួយប៉ូលិសបណ្តាខណ្ឌនានា និងប៉ូលិសនៃស្នងការដ្ឋានរាជធានីភ្នំពេញ ព្រមទាំងកម្លាំងកងរាជអាវុធហត្ថខណ្ឌសរុបទាំងអស់ប្រមាណ៣០០នាក់ ប្រដាប់ដោយខែលបានចេញអន្តរាគមន៍រារាំងមិនឱ្យពួកគេទៅឡើយ ។
ទោះបីជាបែបណា នៅក្នុងខណៈនោះមិនមានការប៉ះទង្គិចគ្នាណាមួយកើតឡើងទេ ហើយគេបានឃើញវត្តមានលោកសេង គន្ធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងមន្ត្រីពាក់ព័ន្ធនានាទៅកាន់ទីនោះធ្វើការសម្របសម្រួល និងណែនាំឱ្យកម្មករអត់ធ្មត់ ទើបសភាពការណ៍បានធូរស្រាលឡើងវិញ ។ ក្រុមកម្មករបានឱ្យដឹងថា ពួកគេបានប្រមូលផ្តុំគ្នាធ្វើការតវ៉ានេះមានរយៈពេល១១ថ្ងៃមកហើយ ប៉ុន្តែធ្វើដោយស្ងៀមស្ងាត់នៅតែក្នុងរោងចក្រប៉ុណ្ណោះ ដោយទាមទារសុំឱ្យថៅកែដកបុរសជនជាតិបង់ក្លាដែសម្នាក់ឈ្មោះហ្វារ៉ុក ដែលមានមុខងារជាប្រធានផ្នែកសង្វាក់ផលិតកម្មនៅក្នុងរោងចក្រនោះចេញ ។ មូលហេតុដែលពួកគេទាមទារនេះ គឺដោយសារជននោះបាននិយាយមើលងាយស្ត្រីខ្មែរថា ស្ត្រីខ្មែរឱ្យលុយតែបន្តិចបន្តួចចង់យកទៅដេកជាមួយពេលណាក៏បានដែរ និងមានពាក្យអសុរោះជាច្រើនទៀត ដែលជននោះបាននិយាយប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរទូទៅ ជាពិសេសកម្មការិនីនៅក្នុងរោងចក្រនោះតែម្តង ។
ក្រុមកម្មករបានបន្តថា ពួកគេសុំឱ្យថៅកែដកជននោះចេញជាដាច់ខាតដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ហើយរយៈពេលនៃការធ្វើការតវ៉ាប៉ុន្មានថ្ងៃកន្លងមកនេះ ពួកគេបានអត់ធ្មត់ណាស់ទៅហើយ មិនបានចេញក្រៅរោងចក្រនោះទេ ព្រោះមិនចង់ឱ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសង្ឃឹមថាថៅកែដោះស្រាយ តែផ្ទុយទៅវិញថៅកែមិនអើពើ ទើបពេលនេះពួកគេនាំគ្នាហែក្បួនចេញពីរោងចក្រក្នុងបំណងទៅក្រសួងការងារ តែត្រូវបានសមត្ថកិច្ចរារាំង ។
ទាក់ទិនទៅនឹងហេតុការណ៍នោះ គណៈកម្មការចម្រុះបានហៅតំណាងកម្មករ និងភាគីរោងចក្រឱ្យចូលធ្វើការដោះស្រាយគ្នាហើយ ឯក្រុមកម្មករកម្មការិនីក៏នាំគ្នាត្រឡប់ទៅកាន់រោងចក្រវិញដែរ ប៉ុន្តែការដោះស្រាយគ្នានោះរហូតដល់វេលារសៀលថ្ងៃដដែលនៅមិនទាន់ត្រូវរ៉ូវគ្នានៅឡើយទេ ។ តាមការអះអាងថា ប្រសិនបើថ្ងៃនេះ (២០ សីហា) ដោះស្រាយគ្នាមិនចេញទេ ការដោះស្រាយនឹងបន្តទៅដល់ថ្ងៃទី២១ ខែសីហាទៀត ៕









ចែករំលែកព័តមាននេះ