បណ្តាអ្នកទទួលខុសត្រូវខាងយោធាគូសបញ្ជាក់ថា កូរ៉េខាងត្បូង និងសហរដ្ឋអាេមរិកបានបើកធ្វើកាលពីថ្ងៃទី២០ សីហា នូវសមយុទ្ធយោធារួមមួយដែលសំដៅកែលំអការរៀបចំប្រឆាំងការគំរាមកំហែងនានាដល់សន្តិសុខរបស់ខ្លួន ។សមយុទ្ធនេះមានឈ្មោះថា ULCHI FREEDOM GUARDIAN ប្រមូលផ្តុំទាហានកូរ៉េខាងត្បូងចំនួនប្រមាណជា៥៦.០០០នាក់ និងទាហានអាមេរិកប្រមាណជា៣០.០០០នាក់ ។
ក្នុងសេចក្តីប្រកាសមួយឧត្តមសេនីយ៍ JAMES D.THURMAN មេបញ្ជាការកងទ័ពអាេមរិកថ្លែងថា ULCHI FREEDOM GUARDIAN ជាសមយុទ្ធដ៏ធំមួយ ដើម្បីពង្រឹងការរៀបចំកងទ័ពកូរ៉េខាងត្បូង និងកងទ័ពសហរដ្ឋអាេមរិក ។ សមយុទ្ធនេះនឹងផ្តោតលើបណ្តាសេណារីយ៉ូប្រាកដនិយមទាំងឡាយ ហើយនឹងអាចឱ្យសម្ព័ន្ធមិត្តទាំង២ធ្វើការហ្វឹកហ្វឺនលើបណ្តាភារកិច្ចដែលសំខាន់បំផុតក្រោមបញ្ជាការឯកភាពក្នុងកម្រិតរដ្ឋាភិបាលមួយ ។
កងទ័ពកូរ៉េខាងជើងត្រូវបានផ្តល់ព័ត៌មានពីការធ្វើសមយុទ្ធនេះ ហើយប្រាប់ថា សមយុទ្ធនោះពុំមានចេតនាបង្កហេតុណាមួយឡើយ ។លោកគីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើងបានចុះទៅពិនិត្យកងឯកភាពកាំភ្លើងធំទាំងឡាយនៅជួរមុខប៉ុន្មានថ្ងៃមុនក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ចាប់ផ្តើមសមយុទ្ធយោធានេះ។
លោកគីម ជុងអ៊ុន បានរិះគន់យ៉ាងខ្លាំងក្លាចំពោះសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលលោកចោទប្រកាន់ថា គំរាមកំហែងដល់សន្តិភាព និងស្ថិរភាពពុំត្រឹមតែកូរ៉េខាងជើងប៉ុណ្ណោះទេ ក៏ប៉ុន្តែគំរាមកំហែងដល់តំបន់ និងពិភពលោកផងដែរ ដោយតែងធ្វើជាទៀងទាត់នូវសមយុទ្ធយោធាបង្កហេតុ ។សមយុទ្ធយោធារួមលើកនេះ ត្រូវបញ្ចប់រហូតដល់ថ្ងៃទី៣១ សីហា ៕


ចែករំលែកព័តមាននេះ