ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​​កីឡា​​មហា​ជន​​រើស​​ជើង​ឯក​ភូមិ​ភាគ​​ប្រចាំ​ឆ្នាំ​2012​នៅមណ្ឌល​​ខេត្ត​បន្ទាយ​មាន​ជ័យ

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖​​ ​កាល​ពី​ព្រឹក​ថ្ងៃ​​​ទី​១៨ សីហា ឆ្នាំ​២០១២ នៅ​ទី​លាន​បាល់​ទាត់​​ខេត្ត​បន្ទាយ​មាន​​ជ័យ មាន​រៀប​​ចំពិធី​បើក​​ការ​ប្រកួត​​កីឡា​​មហាជន​ជ្រើស​រើស​​ជើង​ឯក​​ភូមិ​ភាគ​ប្រចាំ​ឆ្នាំ​​២០១២ ក្រោម​អធិ​បតី​ភាព​​លោក​ប៊ូ ជុំ​សេរី អនុ​រដ្ឋ​​លេខា​ធិការ​ក្រសួង​​អប់​រំ យុវជន និង​កីឡា និង​លោក​​ចុង ផែត អភិ​បាល​រង​ខេត្ត​បន្ទាយ​មាន​ជ័យ ។

លោក​ចុង ផែត ​បាន​មាន​មតិ​​ស្វាគមន៍​​ និង​បាន​ថ្លែង​​អំណរ​គុណ​​ដល់​រាជ​រដ្ឋា​ភិបាល​​ ក៏​ដូច​ជា​​ក្រសួង​អប់​រំ យុវជន និងកីឡា​ ដែល​បាន​ផ្តល់​​កិត្តិ​យស​​ឱ្យ​​ខេត្ត​បន្ទាយ​មាន​ជ័យ​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ក្នុង​ការ​រៀប​ចំ​​ការ​ប្រកួត​កីឡា​មហា​ជន​​ជ្រើស​​​រើស​​ជើង​ឯក​​ភូមិ​ភាគ​​ប្រចាំ​ឆ្នាំ​​២០១២​នេះ ។ លោក​​បាន​លើក​ឡើង​ពី​​​​វិស័យ​កីឡា​​នៅ​ខេត្ត​​បន្ទាយ​មាន​ជ័យ​​​ថា មាន​ការ​រីក​ចម្រើន​​គួរ​ឱ្យ​​កត់​សម្គាល់​​ដូច​ជា​បាល់ទាត់​ បាល់​បោះ និង​​ប្រដាល់​ជា​ដើម ​ដោយ​សារ​​មាន​ការ​យក​ចិត្ត​ទុក​ដាក់​​ពី​អាជ្ញា​ធរ​​ ស្ថាប័ន​ មន្ទីរ​​ពាក់​ព័ន្ធ​​នានា ក៏​ដូច​ជា​សប្បុរសជន​បាន​ចូល​រួម​ឧបត្ថម្ភ​​ ។ ជាក់​ស្តែង​​​ផ្នែក​​បាល់​ទាត់​​​ ត្រូវបាន​លោក​​នាយ​ឧត្តម​សេនីយ៍​​សៅ សុខា អគ្គ​មេ​បញ្ជា​ការ​​​រង​នៃ​កង​យោធ​ពល​ខេមរៈ​ភូមិន្ទ និង​​ជា​មេ​បញ្ជា​ការ​​កង​រាជ​​អាវុធ​​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​​​យក​ចិត្ត​ទុក​ដាក់​​គាំ​ទ្រ និង​ឧបត្ថម្ភ​យ៉ាង​ពេញ​​ទំ​ហឹង ។

លោក​ប៊ូ ជុំ​សេរី អនុ​រដ្ឋ​លេខា​ធិ​ការ​​ក្រសួង​​អប់​រំ​ យុវ​ជន និង​កីឡា ​មាន​មតិសំណេះ​សំណាល​​ផ្តាំ​ផ្ញើ​​ដល់​កីឡា​ករ​​ទាំង​អស់​​ធ្វើ​យ៉ាង​ណា​​ត្រូវ​ខិត​ខំ​​​យក​ចិត្ត​​ទុក​​ដាក់​​លើ​ការ​ប្រកួត​​ឱ្យ​ទទួល​បាន​​ជោគ​ជ័យ​​​ដើម្បី​ខេត្ត​របស់​ខ្លួន​​ ហើយ​កីឡា​​នាំ​មក​​នូវ​សុខ​​ភាព​ សាមគ្គី​ភាព និង​ត្រូវ​​ចូល​រួម​​ទាំង​អស់​គ្នា​លុប​​បំបាត់​គ្រឿង​ញៀន​ ។ លោក​អនុរ​ដ្ឋ​លេខា​ធិការ​​​បាន​បន្ត​​ថា ការ​ប្រកួត​កីឡា​មហា​ជន​​ជ្រើស​រើស​​​ជើង​ឯក​​ភូមិ​ភាគ​ប្រចាំ​​ឆ្នាំ​២០១១២​នៅខេត្ត​​បន្ទាយ​មាន​ជ័យ​នេះ​ គឺ​មាន​៥​ខេត្ត​ក្នុង​ភូមិ​ភាគ​​ចូល​រួម​​មាន​ខេត្ត​​បន្ទាយ​មាន​ជ័យ ខេត្ត​ពោធិ៍​សាត់ ខេត្ត​បាត់​ដំបង ខេត្ត​ប៉ៃលិន និង​ខេត្ត​សៀម​រាប លើ​វិញ្ញា​សា​​ចំនួន​៤​​គឺ បាល់​ទះ បាល់​ទាត់ បាល់​បោះ និង​អត្ត​ពល​កម្ម ដែល​មាន​ទាំង​អស់​​៤២​​ប្រកួត​ និង​រយៈ​ពេល​១៥​​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​១៥ សីហា ឆ្នាំ​​២០១២ តទៅ ៕