ខេត្តក្រចេះ ៖ ថ្លែងនៅក្នុងកិច្ចប្រជុំលើកិច្ចដំណើរការនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងដំណើរនៃការផ្តល់អត្តសញ្ញាណប័ណ្ណជាតិខ្មែរនៅសាលប្រជុំស្នងការរដ្ឋាននគរបាលខេត្ត កាលពីព្រឹកថ្ងៃទី២០ សីហា លោកឧត្តមសេនីយ៍ឯក ចាន់ គឹមសេង ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិ បានជំរុញឲ្យកងកម្លាំងនគរបាលចរាចរបន្តរឹតបន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យគោលដៅដើមទីជាពិសេសការ សហការលើការលុបបំបាត់ប៉ុស្តិ៍អនាធិបតេយ្យ(កុងត្រូលជជុះ) តាមផ្លូវជាតិ។
លោកឧត្តមសេនីយ៍ត្រី ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា តបទៅតាមសេចក្តីណែនាំរបស់អគ្គស្នងការនគរបាលជាតិ គឺកន្លងមកកម្លាំងជំនាញនគរបាលចរាចរបានបង្កើនសកម្មភាពនៃការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍បានលទ្ធផលល្អប្រសើរ ហើយក្នុងឆមាសទី១នេះ ឃើញថា អត្រាគ្រោះថ្នាក់ចរាចរណ៍នៅខេត្តក្រចេះគឺ មានការធ្លាក់ចុះគួរឲ្យកត់សំគាល់។
មានប្រសាសន៍ទៅកាន់លោកស្នងការ ស្នងការរង អធិការ អធិការរង ស្រុក-ក្រុង និងមន្រ្តីចរាចរជើងគោកក្នុងកិច្ចប្រជុំនាព្រឹកនោះដែរ លោកឧត្តមសេនីយ៍ឯក ចាន់ គឹមសេង បានលើកឡើង និងរំលឹកនូវទិសដៅចំនួន៧ចំណុចសំខាន់ៗក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងបានស្នើឲ្យមន្រ្តីនគរបាលបន្តជំរុញការត្រួតពិនិត្យដើមទីឲ្យមានសកម្មភាពបន្តទៀត ជាពិសេសពិនិត្យលើការប្រើប្រាស់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនៅតាមបណ្តាយានដ្ឋានដែលមានច្បាប់ និងមិនមានច្បាប់ ដើម្បីកាត់បន្ថយលើអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលកន្លងមកតែងតែកើតមានទៅលើពពួករថយន្តទាំងនេះ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ