ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯម ខ្លឹម​ខ្មៅ និង​ចាន់ រតនា ធ្វើ​ឱ្យ​មហា​ជន​ខក​ចិត្ត​ដោយ​សារ​​អវត្ត​​មាន​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​​ ការ​ទន្ទឹង​​រង់​ចាំ​ទស្សនា​​​ការ​ប្រកួត​​កីឡា​ប្រដាល់​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន​​ដែល​មហា​ជន​គិត​ថា​នឹង​​បាន​ឃើញ​​​ការ​ប្រកួត​​រវាង​កីឡា​ករ​ជើង​ខ្លាំង​ពី​រ​រូប​​គឺ​ ចាន់​ រតនា និង​​ឯម ខ្លឹម​ខ្មៅ កាល​ពីថ្ងៃ​​សៅរ៍សប្តាហ៍​កន្លង​ទៅ​នេះ ត្រូវ​​បាន​​រំ​សាយ​​ទៅ​វិញ​យ៉ាង​តក់​ក្រហល់​ដោយ​សារ​​តែ​​កីឡា​ករ​ជើង​ខ្លាំង​​ទាំង​២​រូប​នោះ​បាន​អវត្ត​មាន​​​ ។ មន្ត្រី​រៀប​ចំ​​កម្ម​វិធី​ប្រដាល់​​ប្រចាំ​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា ការ​អវត្ត​មាន​​របស់​កីឡា​ករ​​ទាំង​២​រូប​នេះ​បាន​ធ្វើឡើង​តែ​ប៉ុន្មាន​​ម៉ោង​ប៉ុណ្ណោះ​​មុន​ពួក​គេ​​ឡើង​រេញ​​ ទើប​គណៈ​កម្ម​ការ​រៀប​ចំ​ការ​ប្រកួត​ដាក់​​កីឡា​ករ​​ផ្សេង​​ឱ្យ​ប្រកួត​​ជំនួស​វិញ ។

លោកនាង ស៊ីវុត្ថា អ្នក​រៀប​ចំ​​កម្ម​វិធី​ប្រដាល់​​ប្រចាំ​ស្ថានីយ​​ទូរ​ទស្សន៍​បាយ័ន​​​​បាន​​ថ្លែង​ប្រាប់​​ពី​ការ​ប្រែ​ប្រួល​ជុំ​វិញ​​អវត្ត​មាន​​កីឡា​ករ​ជើង​ខ្លាំង​​​ទាំង​​២​រូប​នេះ​ថា «ចំពោះ​កីឡាករ​ចាន់ រតនា គាត់​ប្រាប់​ថា រវល់​មក​មិន​បាន​ ។ ការ​ប្រែ​ប្រួល​នេះ​ខាងខ្ញុំ​អ្នក​រៀប​ចំ​កម្ម​វិធី​មិន​ចង់​ឱ្យ​​អ្នក​ទស្សនា​មាន​ការ​ខក​បំណង​​ឡើយ ។ ម្យ៉ាង​​វិញ​ទៀត​ខ្ញុំ​ដែល​ជា​អ្នក​រ៉ាប់​រង​ភារ​កិច្ច​​នេះ​ក៏​មិន​នឹក​ស្មា​នដល់​ដែរ» ។ លោក​បញ្ជា​ក់​ថា ចំពោះ​ការ​អាក់​ខាន​មិន​បាន​ចូល​រួម​ប្រកួត​របស់​ចាន់​ រតនា និង​ឯម ខ្លឹម​ខ្មៅ ខាង​ក្លិប​របស់​ពួក​គេ​ក៏​ដូច​​ជា​​ខាង​​សហ​ព័ន្ធ​​​បាន​ជម្រាប​យើង​ប៉ុន្មាន​​ម៉ោង​​មុន​ពេល​ការ​ប្រកួត​​ចាប់​ផ្តើម​​ដែរ ដូច្នេះ​ហើយ​​ទើប​យើង​​រៀប​ចំទាន់​ពេល​​វេលា​ដាក់​​កីឡា​ករ​ដែល​មាន​ក្បាច់​​ប្រដាល់​​​ប្រហាក់​ប្រហែល​គ្នា​​ជំនួស​ ធ្វើ​ឱ្យ​មហា​ជន​​មិន​ខក​ចិត្ត​ពេក​ទេ​​ក្នុង​នោះ​វ៉ែន សុវណ្ណ ត្រូវ​ប្តូរ​​មក​​ប៉ះ​ជ័យ កុសល និង​ផល​ សោភ័ណ ត្រូវ​វិល​​មក​ប៉ះ​​វ៉ាន់ ចាន់​វ៉ៃ ដោយ​សារ​​តែ​ពួក​គេ​​មាន​ទម្ងន់​ និង​កម្ពស់​ប្រហែល​គ្នា​​ ។

យោង​​តាម​ប្រភព​​ពី​ក្រុម​កីឡា​ករ​បាន​ឱ្យ​ដឹង​ថា ចាន់ រតនា ដែល​អាក់​ខាន​មិន​បាន​មក​ប្រកួត​​នេះ​ដោយ​សារ​​តែ​​រូប​គេ​ទើប​តែ​ឡើង​​កូដ​ក្លាយ​​ជា​តារា​សម្តែង​ ហើយ​​នា​​ល្ងាច​ថ្ងៃ​​សៅរ៍​ទី​១៨ សីហា នោះ លោក​ជាប់​រវល់​​ថត​​ខ្សែ​ភាព​យន្ត​​ឱ្យ​ផល​ិត​​កម្ម​មួយ​ ​ទោះ​បី​ជា​យ៉ាង​ណា លោក​​បាន​ជូន​ដំណឹង​ដល់​ស្ថា​ប័ន​ដែល​គ្រប់​គ្រប់​កម្ម​វិធី​នេះ​ដែរ។ ដូច​​គ្នា​នេះ​​ដែរ អ្នក​ប្រដាល់​​ចិត្ត​ធំ​​មិន​ចេះ​ខ្លាច​​ឯម ខ្លឹមខ្មៅ ក៏បាន​​​​អះ​អា​ង​ដោយ​ផ្ទាល់​នៅ​ចំពោះ​មុខ​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​​យើង​ថា «លោក​នៅ​តែ​ចង់​​ប្រកួត​ជា​មួយ​កីឡា​ករ​​ផល សោភ័ណ មក​ពី​ក្លិប​​​តាឡី​ដំរី​មាន​ឫទ្ធិ ជា​និច្ច​ គឺ​មិន​​ចង់​ប្តូរ​​មក​ប៉ះ​ជា​មួយ​គូ​ផ្សេង​​ឡើយ ។ លោក​អត់​​ខ្លាច​ទេ ប៉ុន្តែ​​នេះ​វា​បាន​ប្រែ​ប្រួល​​បាត់​ទៅ​ហើយ​ ដោយ​ខ្ញុំ​ត្រូវ​ប្តូរ​​ទៅ​ប្រកួត​​ជា​មួយ​កីឡា​ករ​​ហ៊ឹម សារ៉ាន់ មក​ពី​ក្លិប​ក្រសួង​ការ​ពារ​ជាតិ​​ នា​ថ្ងៃ​អាទិត្យ​សប្តាហ៍​​នេះ​វិញ រី​ឯ​​ផល​ សោភ័ណ នៅ​តែ​មាន​​វត្ត​មាន​ដដែល​ ដោយ​​ត្រូវ​ប៉ះ​ជា​មួយ​ចាន់​វ៉ៃ ព្រោះ​ឮថា​​ពួក​គេ​​មាន​កម្ពស់​​ប្រហាក់​ប្រហែល​គ្នា​» ។

ទោះ​ជា​យ៉ាង​​ណា​ក៏ដោយ កីឡា​ករ​ឯម ខ្លឹម​ខ្មៅ ដែល​​មាន​ប្រភព​​ចេញ​មក​ពី​ខេត្ត​បាត់​ដំបង​ ​បាន​សន្យា​ថា នឹង​​ប្រឹង​ប្រែង​​បញ្ចេញ​ស្នៀត​ប្រដាល់​​ពេល​ជួប​ប្រកួត​ជា​មួយ​កីឡា​ករ​ហ៊ឹម សារ៉ាន់ មិន​​ឱ្យ​ទស្សនិក​ជន​​ខក​ចិត្តឡើយ ព្រោះ​ខ្លួន​​បាន​​ត្រៀម​​រួច​ហើយ​សម្រាប់​​ក្បាច់​ប្រដាល់​ប្លែកៗ​ដែល​លោក​បាន​ហាត់​ចេះ​​ថ្មី​ៗ​មក​បង្ហាញ​​​អ្នក​គាំ​ទ្រ​ដើម្បី​ប៉ះ​ប៉ូវ​ការ​ខក​ខាន ។ទោះ​ជា​កីឡា​ករ​​ជើង​ខ្លាំង​​ចាន់ រតនា និង​ឯម ខ្លឹម​ខ្មៅ អវត្ត​មាន​​មែន​ក៏​ខាង​ទូរ​ទស្សន៍​​បាយ័ន​មិន​បា​ន​ធ្វើ​ឱ្យ​មជ្ឈ​ដ្ឋាន​មហា​ជន​​មាន​ការ​ខក​ចិត្ត​​ឡើយ ផ្ទុយ​ទៅ​វិញ​រឹត​តែ​ធ្វើ​ឱ្យ​មាន​​ការ​ទាក់​ទាញ​​​ដោយ​សារ​តែ​កីឡា​ករ​ជ័យ កុសល និង​វ៉ែន សុវណ្ណ ក៏​ជា​ជើង​ខ្លាំង​​ដែល​មហា​ជន​​ចង់​មើល​ការ​​ប្រកួត​​រវាង​​ពួក​គេ​​ទាំង​២​នាក់​ដែរ​ ។ ការ​ប្រកួត​​រវាង​ជ័យ​​ កុសល មក​ពី​ក្លិប​​សិង្ហ​កីឡា និង​វែ៉ន សុវណ្ណ មក​ពី​ក្លិប​កង​កេង​​មាន​ឫទ្ធិ​​ខេត្ត​បាត់​ដំបង​ នៅ​ពីរ​ទឹក​ដំបូង​​ពួក​គេ​វាយ​​របៀប​ស្ទាបស្ទង់​​កម្លាំង​គ្នា​ប៉ុណ្ណោះ ។ លុះ​​ចូល​​ដល់​ទឹក​ទី​៣​ និង​ទី​៤ កុសល ហាក់​មាន​​ប្រៀប​ជាង​ដោយ​បាន​​វាយ​​កែង​ចំ​ចិញ្ចើម​​ខាង​​ឆ្វេង​​របស់​សុវណ្ណ បណ្តាល​ឱ្យ​បែក​​ចេញ​ឈាម​តែ​សុវណ្ណ​​​នៅ​តែ​អាច​ប្រកួត​បន្ត​​ទៀត​​បាន​​ ។ នៅ​ទឹក​ទី​៥ ទោះ​ជា​សុវណ្ណ​​ហាក់​​មាន​ប្រៀប​ជាង​កុសល​​​បន្តិច​​វិញ​ តែ​ទី​បំផុត​​នៅ​តែចាញ់​​ពិន្ទុ​ជ័យ កុសល ដដែល ។

សម្រាប់​គូ​ផ្សេង​​ទៀត កីឡាករ​ផាន់ សារ៉ែម មក​ពី​ក្លិប​គជសារកីឡា ​បាន​បង្ខំ​​ឱ្យ​​កីឡា​ករ​​សាន សារុំ មក​​ពី​ក្លិប​​កង​ទ័ព​​ជើង​គោក​​ បោះ​បង់​​ការ​ប្រកួត​​ត្រឹម​ទឹក​​ទី​៣ ។ ចំណេក​​កីឡា​ការិនី សូយ សុធា ​មក​ពីក្លិប​អូ​ដឹម​កីឡា បាន​ប្រកួត​​ឈ្នះ​​កីឡា​ការិនី​​ញឹម ចំរ៉ុង មក​ពី​ក្លិប​​​ពន្លឺ​សាម​គ្គី​ខេត្ត​​​បាត់​ដំបង នៅ​ទឹក​ទី​៣​​ ដោយ​អាជ្ញា​កណ្តាល​​បញ្ឈប់​​ការ​ប្រកួត​ដោយ​សារ​កីឡា​​ការិនី​​ញឹម ចំរ៉ុង ត្រូវ​រាប់​ច្រើន​​ដង​​ពេក ។ រី​ឯកីឡា​ករ​​ចាន់ មុន្នី មក​ពី​ក្លិប​​​និរោធ​មាន​ជ័យ ឈ្នះ​ពិន្ទុកីឡា​ករ​​អាន សុផល មក​ពី​ក្លិប​​រស្មី​កុមារ​កំព្រា​​ និង​​កីឡា​ករ​ម៉ាប់ ឆៃយ៉ា មក​ពី​ក្លិប​បក្ស​ីស្លាបដែក​​ បាន​យក​ឈ្ន​ះ​យ៉ាម ពិសិដ្ឋ មក​ពី​ក្លិប​​រស្មី​កុមារ​កំព្រា ដោយ​ពិន្ទុ ៕