ខេត្តបាត់ដំបង ៖ បុរសវ័យ៥០ឆ្នាំម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបងឃាត់ខ្លួន ក្រោយពីមានបណ្ដឹងចោទប្រកាន់ថា បានចាប់ក្មេងស្រីអាយុ៤ឆ្នាំម្នាក់ រំលោភសេពសន្ថវៈ កាលពីថ្ងៃត្រង់ថ្ងៃទី១៩ សីហា នៅផ្ទះរបស់ខ្លួន ស្ថិតក្នុងក្រុងបាត់ដំបង។
មន្រ្តីកងរាជអាវុធហត្ថនិយាយថា ជនសង្ស័យឈ្មោះហ៊ាន ហឿន ហៅម៉ៅ អាយុ៥០ឆ្នាំ។ ជននេះត្រូវបានប្ដឹងចោទប្រកាន់ដោយស្រ្តីឈ្មោះម៉ៅ សំណាង អាយុ២៨ឆ្នាំ ដែលត្រូវជាម្តាយកុមារីរងគ្រោះ ។ ក្នុងបណ្ដឹងរបស់ម្ដាយថា ជនសង្ស័យបានចាប់កូនស្រីរបស់គាត់អាយុ៤ឆ្នាំ រំលោភក្នុងគ្រាដែលគាត់មិននៅផ្ទះ ហើយជីដូនបានដឹងរឿងនេះ រួចផ្ដល់ព័ត៌មានទៅគាត់ ទើបគាត់មកប្ដឹងសមត្ថកិច្ចតែម្ដង។ មន្រ្តីដដែលបញ្ជាក់ថា ក្រោយពីធ្លាយរឿងអាស្រូវនេះជនប្រព្រឹត្តបានព្យាយាមគេចខ្លួន តែត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងតាមចាប់បាននៅរសៀលថ្ងៃដដែល។
អ្នកស្រីម៉ៅ សំណាង បានប្រាប់សមត្ថកិច្ចថា គាត់មិនបាននៅផ្ទះទេ ពេលកើតហេតុ តែគ្រានោះជីដូនរបស់នាងបានរត់ទៅប្រាប់អ្នកស្រីអំពីបញ្ហានេះ ទើបអ្នកស្រីរត់មកប្ដឹងសមត្ថកិច្ច។ អ្នកស្រីបន្តថា បុរសនេះមានផ្ទះនៅក្បែរគ្នាជាមួយគាត់ តែមិននឹកស្មានថា គាត់មានគំនិតគម្រក់អ៊ីចឹងទេ។ គាត់បន្តទៀតថា ពេលអ្នកស្រីមកដល់ផ្ទះ ជននេះបានរត់គេចខ្លួនបាត់ទៅហើយ។ ប៉ុន្តែអ្នកស្រីមិនទាន់ដឹងថា តើការចាប់រំលោភនោះបែបណាទេ តែកូនស្រីគាត់ប្រាប់ថា បុរសនោះបានប្រើម្រាមដៃ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះហ៊ាន ហឿន ហៅម៉ៅ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើថោកទាបនោះមែន តែអះអាងថា ខ្លួនគ្រាន់តែប្រើម្រាមដៃលេងប្រដាប់ភេទនាងតែប៉ុណ្ណោះ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ