ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផលប្រកួតប្រដាល់នៅសង្វៀនបាយ័ន និងកោះពេជ្រ ជំនួប​​វ៉ាន់ ចាន់​វ៉ៃ និង​ផល សោភ័ណ្ឌ រញ្ជួយ​​សង្វៀន​​បាយ័ន

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​​ ​ការ​ជួប​​ប្រកួត​ឥត​​ព្រាង​ទុក​រវាង​កីឡា​ករ​ជើង​ចាស់​វ៉ាន់ ចាន់​វ៉ៃ ​និង​កីឡា​​ផល សោភ័ណ្ឌ នៅ​សង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​​បាយ័ន បាន​ទទួល​​ការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា​​​ដោយ​សារ​​តែ​កីឡា​ករ​​ជើង​ខ្លាំ​ង​ទាំង​ពីរ​រូប​​នេះវាយលុក​​គ្នា​ទៅ​វិញ​​ទៅ​មក​​គួរ​ឱ្យ​​ញាក់​សាច់​នៅ​គ្រប់​ទឹក​​នៃ​ការ​​ប្រកួត​​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៩ សីហា កន្លង​​មក​នេះ ។

រាជធានី​ភ្នំពេញ​ ៖​​ ​ការ​ជួប​​ប្រកួត​ឥត​​ព្រាង​ទុក​រវាង​កីឡា​ករ​ជើង​ចាស់​វ៉ាន់ ចាន់​វ៉ៃ ​និង​កីឡា​​ផល សោភ័ណ្ឌ នៅ​សង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​​បាយ័ន បាន​ទទួល​​ការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា​​​ដោយ​សារ​​តែ​កីឡា​ករ​​ជើង​ខ្លាំ​ង​ទាំង​ពីរ​រូប​​នេះវាយលុក​​គ្នា​ទៅ​វិញ​​ទៅ​មក​​គួរ​ឱ្យ​​ញាក់​សាច់​នៅ​គ្រប់​ទឹក​​នៃ​ការ​​ប្រកួត​​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៩ សីហា កន្លង​​មក​នេះ ។

ក្នុង​ពេល​ផ្គូ​ផ្គង​កីឡា​​​ករ​ផល សោភ័ណ្ឌ ដែល​ជាជើង​ខ្លាំង​មក​ពី​ក្លិប​តាឡី​​ដំរី​មាន​ឫទ្ធិ និង​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ស្រា​​បៀរ​កម្ពុជា​ បន្ទាប់​ពី​ដណ្តើម​​បាន​ពី​កីឡា​ករ​ជើង​ខ្លាំង​វង្ស ណយ មក​ពី​ក្លិប​កង​ពល​តូច​លេខ​៣១ ត្រូវ​ជួប​​ប្រកួត​ជា​មួយ​កីឡា​ករ​​ឯម ខ្លឹម​ខ្មៅ មក​ពី​ក្លិប​គ្រុឌ​មាន​ជ័យ​ឯណោះ​ទេ ។ ប៉ុន្តែ​​ដោយ​សារ​តែ​កីឡា​​​​ករ​ឯម ខ្លឹម​ខ្មៅ បណ្តោយ​ខ្លួន​​ឱ្យ​ឡើង​គីឡូ​​លើស​​កីឡា​ករ​ផល សោភ័ណ្ឌ ច្រើន​ពេក ទើប​តម្រូវ​​ឱ្យ​​មាន​ការ​ដោះ​ដូរគូ​ភ្លាម​ៗ​​ ហើយ​ជំនួស​ដោយ​​កីឡា​ករ​​វ៉ាន់ ចាន់​វ៉ៃ មក​ពី​ក្លិប​សិង្ហ​កីឡា​​ ​​ក្រុង​បាត់​​ដំបង ។

ការ​ប្រកួត​​រវាងកីឡា​ករ​បង្គោល​​ក្រហម​វ៉ាន់ ចាន់​វ៉ៃ និង​កីឡា​ករ​បង្គោល​ខៀវ ផល សោភ័ណ្ឌ កាល​ពី​ថ្ងៃ​​អាទិត្យ​នោះ គ្មាន​អ្នក​ណា​មិន​​ជក​់​ចិត្ត​នោះ​​ទេ ដោយសារ​​តែ​ពួក​គេ​ទាំង​ពីរ​​នាក់​វាយ​លុក​​គ្នា​ទៅ​វិញ​ទៅ​​មក​ដែល​ធ្វើ​​ឱ្យ​សង្វៀន​បាយ័ន​​ស្ទើរ​តែ​​​រញ្ជួយ​​ ព្រោះ​​តែ​សម្រែក​ហ៊ោ​កញ្ជ្រៀវ​របស់​អ្នក​ទស្សនា​​ ។ចាប់​ពី​ទឹក​ទី​១​រហូត​ដល់​ចុង​ទឹក​គូ​ប្រកួត​ទាំង​ពីរ​​វាយ​បក​គ្នា​ទៅ​វិញ​​ទៅ​មក​ដោយ​​មិន​សំចៃ​ឡើយ ។

ថ្វី​ដ្បិត​​ថា កីឡា​ករ​ទាំង​​ពីរ​រូប​​មាន​អាយុ​ខុស​គ្នា​៦​ឆ្នាំ​​ ប៉ុន្តែ​កីឡា​ករ​​វ័យ​​១៩​ឆ្នាំ​​ ផល សោភ័ណ្ឌ ត្រូវ​គេ​ស្គាល់​ថា​​ ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​​ម្នាក់​ដែល​ធ្លាប់​ប្រឡូក​ក្នុង​​​ការ​ប្រកួត​បាន​ចំនួន​​៦៤​ដង​រួច​មក​ហើយ ដោយ​ក្នុង​​នោះ​គឺ​​ធ្លាប់​​ឈ្នះ​៥៣​ដង និង​ចាញ់​តែ​១១​ដង​​ប៉ុណ្ណោះ ។ កីឡា​ករ​រូប​នេះ បាន​ផ្តួល​កីឡា​ករ​ជើង​ខ្លាំង​វង្ស ណយ ឱ្យ​ទទួល​បរាជ័យ​ចំនួន​ពីរ​លើក​​ គឺ​ចាញ់​ក្នុង​វគ្គ​​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​កម្ពុជា និង​ក្នុង​វគ្គ​​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​​មួយ​លើកទៀត ។ ចំណែក​កីឡា​ករវ័យ​​២៥​ឆ្នាំ វ៉ាន់ ចាន់​វ៉ៃ វិញ​ ទោះ​ជា​ធ្លាប់​​ប្រកួត​រហូត​ដល់​៩៨​​ដង និង​​ឈ្នះ​៧២​ដង ចាញ់​១៦​ដង ច្រើន​ជាង​គូ​ប្រកួត​ខ្លួន​​ក៏​ពិត​មែន ប៉ុន្តែ​​ក៏​មិន​អាច​ផ្តួល​​កីឡារ​ផល សោភ័ណ្ឌ ឱ្យ​ចាញ់​ដាច់​នោះ​ដែរ ។ អីុចឹង​ហើយ​ទើប​ការ​ប្រកួត​​រវាង​អ្នក​​ទាំង​ពីរ​​ធ្វើ​ឱ្យ​រញ្ជួយ​​សង្វៀន​បាយ័ន​​ បើ​ទោះ​ជា​កីឡា​ករ​​ផល​ សោភ័ណ្ឌ ពូកែ​​ម៉ាត់​ជាង​​​ និង​បាន​វាយ​​ឱ្យ​កីឡា​ករ​វ៉ាន់ ចាន់​វ៉ៃ ជ្រុះ​ធ្មេញ​ចេញ​​ពី​មាត់​​ក៏​នៅ​តែ​វ៉ាន់​ ចាន់​វ៉ៃ ឈ្នះ​ពិន្ទុ បន្ទាប់​​ពី​​គេ​ទាត់​​ផង អុក​ជង្គង់​​ផង និង​សម្រុក​​លើ​កីឡា​ករ​ផល សោភ័ណ្ឌ ឱ្យ​ដួល​បាន​ល្អ​ជាង​ក្នុង​​ទឹក​ទី​៥​ ។

កីឡា​ករ​​ផល សោភ័ណ្ឌ បញ្ជាក់​ថា ខ្លួន​នឹង​​ឡើង​សង​សឹក​ក្នុង​ការ​ជួប​គ្នា​លើក​ទី​២​​ បន្ទាប់​ពី​​បាន​ស្គាល់​​ថ្វី​ដៃ​សិស្ស​​ច្បង​វ៉ាន់ ចាន់​វ៉ៃ កាលពី​ជួប​គ្នា​​លើក​ទី​១​នោះ ។ ចំណែក​កីឡា​ករ​វ៉ាន់ ចាន់វ៉ៃ វិញ ក៏​ប្រកាស​ថា​នឹង​​ឡើង​សង្វៀន​​ដើម្បី​ប្រកួត​ជា​មួយ​កីឡា​ករវ័យ​ក្មេង​រូប​នេះ​ជា​លើក​ទី​២​ដូច​គ្នា ដែល​ការ​​ប្រកួត​លើក​ក្រោយ​នោះ​ គឺ​អាច​ប្រកួត​ដណ្តើម​យក​ខ្សែ​ក្រវាត់​ពី​កីឡា​ករ​ផល សោភ័ណ្ឌ ផង​ក៏​មិន​ដឹង ។ លោក​នាង ស៊ីវត្ថា អ្នក​រៀប​ចំ​កីឡា​​ប្រដាល់​​ប្រចាំ​នៅ​​ស្ថានីយ​ទូរ​ទស្សន៍​​បាយ័ន បាន​អះ​អា​ង​ថា ក្រោយ​ពី​ការប្រកួត​​មិត្ត​ភាព​រវាង​កីឡា​ករ​វ៉ាន់ ចាន់​វ៉ៃ និង​ផល សោភ័ណ្ឌ ហើយ​ឃើញ​ពួក​គេ​មាន​សមត្ថ​ភាព​​​ស៊ី​មិន​ដាច់​នោះ​ម្តង​នេះ ស្ថានីយ​ទូរទស្សន៍​​​បាយ័ន​ នឹងរៀប​ចំ​​ផ្គូ​ផ្គង​​ឱ្យ​ពួក​គេ​​ប្រកួត​សង​សឹក​គ្នា​​ជា​លើក​ទី​២ ប៉ុន្តែ​លោក​មិន​ទាន់​ច្បាស់​ថា លើក​ក្រោយ​នោះ​គ្រាន់​​តែ​ជា​ការ​ប្រកួត​សង​សឹក​​ ឬ​ជា​ការ​ប្រកួត​ដណ្តើម​​ខ្សែ​ក្រវាត់​​ស្រា​បៀរ​​កម្ពុជា ដែល​​កីឡា​ករ​​ផល សោភ័ណ្ឌ កំពុង​ក្តាប់​ក្នុង​ដៃ​​នោះ​ទេ ។

ក្រោយ​ពី​​ការ​ប្រកួត​ដ៏​ជក់ចិត្ត​រវាង​​គូ​ពិសេស​​មួយ​គូ​​នេះ ការ​ប្រកួត​សង​សឹក​​រវាង​កីឡា​ករ​ទី ពន្លែត មក​ពី​ក្លិប​សឹក​រង​ខេត្ត​សៀមរាប និង​កីឡា​ករ​ផាន់ គ្រាន់ មក​ពី​ក្លិប​​ព្រះ​ខ័ន​រាជ ក៏​ធ្វើ​​ឱ្យ​អ្នក​ទស្សនា​​ផ្ទាល់​​ស្រែក​​ចង់​បាក់​សាល​ប្រដាល់​​នៅ​ស្ថានីយ​ទូរ​ទស្សន៍​​បាយ័ន​​ដែរ ដោយ​សារ​​តែ​​កីឡា​ករ​​ទាំង​ពីរ​នេះ​​វាយ​សម្រុក​គ្នា​មិន​ដក​ដៃ​ធ្វើ​ឱ្យ​ម្នាក់​ៗ​​ជក់​អារម្មណ៍​​ពី​បច្ចេកទេស​​វាយ​បក​ទៅ​វិញ​ទៅ​មក​របស់​ពួក​គេ ។ ទី​បំផុត​​កីឡា​​ករ​​ផាន់ គ្រាន់ ដែល​ធ្លាប់​​ឈ្នះ​ម្តង​ទៅ​ហើយ កាល​ពី​ប្រកួត​​លើក​ទី​១​នៅ​តែ​អាចយក​ឈ្នះ​ពិន្ទុ​កីឡាករ​ជើង​ខ្លាំង​ ទី​ពន្លែត បាន​ដដែល ។ ការ​ប្រកួត​​រវាង​​គូ​ផ្សេង​​ទៀត គឺ​កីឡា​ករ​​ចាន់ ប៊ុន​ឡេក មក​ពី​ក្លិប​និរោធ​​មាន​ជ័យ​​ បាន​យក​ឈ្នះ​កីឡា​ករ​ហេង ចេក មក​ពី​ក្លិប​កង​ពល​តូច​លេខ​៧០ ដោយ​ពិន្ទុ កីឡា​ការិនី​​សាំង គន្ធា មក​ពី​ក្លិប​​អេភូ​ថងកីឡា បាន​ផ្តួល​កីឡា​ការិនី​​ម៉ន ស្រី​ម៉ាច មក​ពី​ក្លិប​​ព្រែក​​ឯក​កីឡា ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ និង​កីឡា​​ករ​ឈិន ក្វាន់​ង៉ុយ មក​ពី​ក្លិប​​មកុដ​​រាជ​សីហ៍​ បាន​ផ្តួល​​កីឡា​ករ​សុខ ចំរើន​ស្រ៊ុន មក​ពី​ក្លិប​មជ្ឈ​មណ្ឌល​កម្ចាត់​មីនកម្ពុជា ឱ្យ​សន្លប់​​ក្នុង​ទឹក​ទី​៣​​ បន្ទាប់​ពី​​ធ្វើ​ឱ្យ​កីឡា​ករ​​រូប​នេះ បាក់​ខ្ទង់​ច្រមុះ ហើយ​ហូរ​ឈាម​ស្រោច​មុខ​មិន​អាច​​ឱ្យ​​បន្ត​​ការ​ប្រកួត​​បាន ។

ជាម អាដាំ ឈ្នះ​ ចៅ​ ផល​ឌឿ ជាលើក​ទី​៣នៅ​សង្វៀន​​កោះ​ពេជ្រ​​​នៅ​ទី​បំផុត​​ជំនួប​ជា​លើក​ទី​៣​​រវាង​​កីឡា​ករ​​ចៅ ផល​ឌឿ និង​កីឡា​ករ​​ជាម អាដាំ នៅ​លើ​សង្វៀន​ស្ថានីយ​ទូ​រទស្សន៍​​បាយ័ន​ព័ត៌​មាន​​កោះ​ពេជ្រ កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​ទី​១៩ សីហា កន្លង​​ទៅ​នេះ ជា​លទ្ធ​ផល​កីឡា​ករ​​ចៅ ផល​ឌឿ មក​ពី​ក្លិប​​តេជៈ​​រាជ​សីហ៍​​បង្ក្រាប​គ្រឿង​ញៀន​ខេត្ត​ក្រចេះ​ ដែ​ល​ធ្លាប់​ចាញ់​ជាម អាដាំ មក​ពី​ក្លិប​​ឃ្លាំង​មឿង​កីឡា ពី​រលើក​ផ្ទួនៗ​មក​ហើយ​នោះ​​នៅ​តែ​​មិន​អាចសង​សឹក​​បាន​ដដែល​ ។

មុន​ការ​ប្រកួត​​ចាប់​ផ្តើម​​ដំណើរ​ការ កីឡា​ករ​​ជា​ម អាដាំ ដែល​ល្បី​ខាង​ប្រើ​ជង្គង់​​យ៉ាង​ស្ទាត់​ជំនាញ​​នោះ​បាន​អះ​អាង​ប្រាប់​កោះ​សន្តិ​ភាព​​ថា ម្តង​នេះ​​លោក​នៅ​តែ​​មាន​ជំនឿ​ចិត្ត​​ថា​ពិត​ជា​អាច​​យក​ឈ្នះ​​ម្តង​ទៀតជា​មិន​ខាន​​ ព្រោះ​​លោក​បាន​ស្គាល់​​ពី​ល្បិច​​ប្រកួត​​របស់​ចៅ ផល​ឌឿ ក្នុង​​ជំនួប​​គ្នា​ពីរ​លើក​​កន្លង​ទៅ​ហើយ ។ ហេតុ​ផល​ដែល​លោក​ហ៊ាន​អះ​អា​ង​ថា អាច​​ឈ្នះ​ផល​ឌឿ បាន​គឺ​​ដោយ​​សារ​តែ​លោក​​ខិត​ខំ​ហ្វឹក​ហាត់​បំប៉ន​​សមត្ថ​ភាព​​ខ្លួន​ឯង​ជា​ប្រចាំ​​ ពិសេស​​មុន​ពេល​ចេញ​​ប្រកួត​ម្តងៗ​លោក​កាន់​តែ​​បង្កើន​​ការ​ហ្វឹក​​ហាត់​ខ្លាំង​ជាង​​ថ្ងៃ​ធម្មតា ។

រី​ឯ​កីឡា​ករ​ចៅ​ ផល​ឌឿ ដែល​​​មាន​ប្រភព​​មក​ពី​ខេត្ត​​បាត់​ដំបង​​បាន​អះ​អាង​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ដែរ​​ថា លោក​មិន​​អាច​ស្មាន​​មុន​បាន​ទេ​នៅ​ពេល​ដែល​ការ​ប្រកួត​​មិន​ទាន់​ចាប់​ផ្តើម​ ។ ទោះ​​ជា​យ៉ាង​ណា ធម្ម​​តា​​ការ​ប្រកួត​​តែង​មាន​ឈ្នះ​​ និង​ចាញ់​​ ហើយ​លើក​នេះ​ប្រសិន​បើ​​ចាញ់​អាដាំ​ទៀត​​លោក​ពិត​ជា​អស់​​ចិត្ត​ហើយ តែ​ពេល​ក្រោយ​ខាង​គណៈ​កម្មការ​​គេ​ផ្គូ​ផ្គង​​ឱ្យ​ជួប​ប្រកួត​​ទៀត​លោក​​ក៏​នៅ​តែ​ទទួល​ប្រកួត​​ដដែល។

នៅ​ពេល​ការ​ប្រកួត​ចាប់​ផ្តើម​ចៅ ផល​ឌឿ បាន​ប្រើ​ស្នៀត​ជើងទាត់​សន្ធាប់​​ទៅ​លើ​អាដាំ​​ធ្វើ​​ឱ្យអាដាំ​​ទន់​​ជើង​រក​កល់​ចង់​ដួល​​ម្តងៗដែរ​ តែ​ត្រូវ​​អាដាំ​​​វាយ​បក​វិញ​យ៉ាង​ចាស់​ដៃ​ទាំង​ស្នៀត​កណ្តាប់​ដៃ និង​ស្នៀត​ជង្គង់​​យក​ឈ្នះ​ពិន្ទុ​​ដាច់​ធ្វើ​ឱ្យ​​ចៅ ផល​ឌឿ ត្រូវ​ចាញ់​​ជា​លើក​ទី​៣​យ៉ាង​អាម៉ាស​់​នៅ​លើ​សង្វៀន​​កោះ​ពេជ្រ ។រី​ឯ​លទ្ធ​ផល​គូ​ប្រកួត​លក្ខណៈ​​មិត្ត​ភាព​វិញ កីឡា​ករ​មាន វុទ្ធី មក​ពី​ក្លិប​យុវ​ជន​កម្ពុជា​​មាន​ជ័យ ផ្តួល​កីឡា​ករ​​លី ហ៊ូវ មក​ពី​ក្លិប​កង​រាជ​អាវុធ​​ហត្ថ​រាជ​ធានី​ភ្នំពេញ ឱ្យ​សន្លប់​​ក្នុង​ទឹក​ទី​៣ ។

កីឡា​ការិនី​​សឹង តុ មក​ពី​ក្លិប​តាឡី​ដំរី​មាន​ឫទ្ធិ ឈ្នះ​​ពិន្ទុ​​កីឡា​ការិនី​​ស្រីខួច មក​ពី​ក្លិប​​នាគ​មាន​ជ័យ ។ កីឡា​ករ​ផៃ គឹម​ហឿត មក​ពី​ក្លិប​​និរោធ​មាន​ជ័យ ឈ្នះ​កីឡា​ករ​​គង់ សំបូរ ​មក​ពី​ក្លិប​​បុរី​រាជ​សីហ៍​​មាន​ឫទ្ធិ ដោយ​ពិន្ទុ និង​កីឡា​ករ​​​មាស ភារម្យ មក​ពី​ក្លិប​​កង​ទ័ព​ជើង​ទឹក​ ឈ្នះ​ពិន្ទុ​កីឡា​ករ​​ចាន់ សាយ័ន្ត មក​ពី​ក្លិប​​និរោធ​​​មាន​ជ័យ ៕