ខេត្តកំពង់ចាម ៖ លោកមិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាត្រូវបានប្រកាសតែងតាំងជាសមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកកងមាស កាលពីព្រឹកថ្ងៃទី១៨ សីហា ២០១២ ទៅទីស្នាក់ការគណបក្សប្រជាជនស្រុកកងមាស ក្រោមអធិបតីភាពលោកហ៊ុន ណេង អនុប្រធានប្រចាំការក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពីលោក លោកស្រី ដែលជាមន្ត្រីក្រុមការងារ ប្រធាន អនុប្រធានគណបក្សស្រុក ឃុំ និងភូមិជាង២០០នាក់។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកហ៊ុន ណេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះប្រធាន អនុប្រធាន និងមន្ត្រីក្រុមការងារចុះជួយស្រុកកងមាសទាំងអស់ដែលបានខិតខំសហការយ៉ាងល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានស្រុកកងមាស ក្នុងការសម្រេចភារកិច្ចដែលគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានដាក់ឱ្យនាពេលកន្លងមក សម្រេចបានជោគជ័យទាំងការងារដឹកនាំ និងការអនុវត្តកសាងសមិទ្ធផលសង្គម ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ លោកហ៊ុន ណេង ក៏បានផ្តាំផ្ញើឱ្យមន្ត្រីការងារដែលទើបតែងតាំងថ្មីត្រូវបន្តការយកចិត្តទុកដាក់អភិវឌ្ឍន៍មូលដ្ឋាន ក៏ដូចជាការថែរក្សាប្រៀបខ្លាំង ប្រៀបឈ្នះ ដើម្បីឈានទៅទទួលជោគជ័យបន្តទៀត នៅក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ ខាងមុខនេះ ។
លោកមិន ឃិន បានសម្តែងក្តីរីករាយ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ដែលបានចាត់តាំងឱ្យលោកមកចុះជួយមូលដ្ឋានស្រុកកងមាសឱ្យទទួលបានការរីកចម្រើនថែមទៀត។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ